English-Français
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
​លោកស្រី អាន ឡឺ​មែត្រ តំណាង​អង្គការ​យូណេស្កូ​ថា កំណាព្យ គឺជា​«​ចំណង​នៃ​បេះដូង​»
04, Dec 2017 , 11:03 am        
រូបភាព
​ភ្នំពេញ​៖ អាជីព​កំណាព្យ គឺជា​មុខវិជ្ជា​មួយ​ដែល​ប្រជាជន​ស្ទើរ​គ្រប់​ប្រទេស​មិនសូវ​ផ្តល់​តម្លៃ​ទៀតឡើយ​។ នៅក្នុង​ប្រទេស​ខ្លះ ដូចជា​ករណី​នៅក្នុង​ប្រទេស​កម្ពុជា ចេះ​ជំនាញ​កំណាព្យ​អាច​ពិបាក​រក​ការងារ​ធ្វើ​។ អាជីព​កំណាព្យ​នៅ​កម្ពុជា​កំពុង​ឈានទៅរក​ការបាត់បង់​។ លោកស្រី អាន ឡឺ​មែត្រ តំណាង​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា​អត្ថាធិប្បាយ​ថា អាជីព​កំណាព្យ​កំពុង​ឈានទៅរក​ការបាត់បង់ ព្រោះ វា​មិនមែនជា​អាជីព​ទាន់សម័យ​។ ផ្ទុយទៅវិញ អាជីព​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។



​លោកស្រី អាន ឡឺ​មែត្រ តំណាង​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា​បានផ្តល់​តម្លៃ​លើ​អាជីព​កំណាព្យ​យ៉ាងខ្លាំង បើទោះបីជា​អាជីព​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក៏ដោយ​ក្តី​។ លោកស្រី​បាន​បញ្ជាក់ថា ប្រសិនបើ​គេ​មើល​ធម្មតា កំណាព្យ​ហាក់បីដូចជា​អ្វីមួយ​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ទេ​។ តែ​ផ្ទុយទៅវិញ កំណាព្យ គឺជា​មូលដ្ឋានគ្រឹះ​នៃ​សេរីភាព ព្រោះ​កំណាព្យ​ធ្វើ​ឲ្យ​អារម្មណ៍​រំភើប នាំ​អារម្មណ៍​ឲ្យ​ស្រមៃ នាំ​អារម្មណ៍​ឲ្យ​ទៅ​កន្លែង​ផ្សេង​។ ជួនកាល កំណាព្យ​បង្ហាញ​ពី​សោភ័ណ​ចក្ខុ និង​សោភ័ណ​អក្ស​សិល្ប៍​។ នៅក្នុង​សោភ័ណ​អក្ស​សិល្ប៍ គឺមាន​កំណាព្យ​។

សូមស្តាប់បទសម្ភាសជាភាសាបារាំង៖




​សម្រាប់​លោកស្រី អាន ឡឺ​មែត្រ​, កំណាព្យ គឺជា​ចំណង​ចង​បេះដូង​នៃ​មនុស្សជាតិ​តាមរយៈ​អារម្មណ៍ ពោល គឺ​មិនមែន​តាមរយៈ​បញ្ញា​ទេ​។ កំណាព្យ គឺជា​ចំណង​ចងភ្ជាប់​រវាង​មនុស្សជាតិ ព្រោះ កំណាព្យ​ផ្តល់​សោភ័ណ​ផ្នែក​អារម្មណ៍ បង្ហាញ​មនោសញ្ចេតនា​។​ល​។

​កំណាព្យ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​អប់រំ​។ ដូច្នេះ ដើម្បី​សង្គ្រោះ​អាជីព​នេះ​ឡើងវិញ លោកស្រី អាន ឡឺ​មែត្រ សំណូមពរ​ឲ្យ​អ្នកជំនាញ​ក្នុង​វិស័យនេះ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​អាជីព​មួយ​នេះ​ត្រូវបាន​គេ​លឺ និង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ឡើងវិញ​៕














Tag:
 កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com