ជាតិ
កម្ពុជា -បង់ក្លាដែស សម្រេចយកផ្លូវចំនួន២ ដាក់ព្រះនាម«បិតាឯករាជ្យជាតិ» ទៅវិញទៅមក
× ភ្នំពេញ ៖ កម្ពុជា និងបង់ក្លាដែស បានសម្រេចយកផ្លូវចំនួនពីរ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងផ្លូវក្នុងរដ្ឋធានីបង់ក្លាដែស ដាក់ព្រះនាម«បិតាជាតិ» រវាងប្រទេសទាំងពីរ ទៅវិញទៅមក។ ការសម្រេចបែបនេះ ធ្វើឡើងក្រោយពីជំនួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក្ខ ហាស៊ីហា ដែលមានការចុះហត្ថលេខាលើអនុស្សារណៈចំនួន១១ ។
ថ្លែងនៅក្នុងពិធីចុះអនុស្សារណៈ នៅថ្ងៃទី ៤ ខែធ្នូនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា កម្ពុជា នឹងយកផ្លូវមួយដាក់ឈ្មោះ«Sheikh Mujibur Rahman» ដែលជាបិតាឯករាជ្យរបស់ប្រទេសបង់ក្លាដែស ។ ចំណែកបង់ក្លាដែសវិញ ក៏នឹងយកផ្លូវដ៏ល្បីមួយក្នុងរដ្ឋធានីដាក្កា ដាក់ព្រះនាម«សម្ដេចនរោត្តម សីហនុ»ផងដែរ ដើម្បីជានិមិត្តរូប នៃការរំឮកពីសាមគ្គីភាពរបស់ប្រទេសទាំងពីរ។
កម្ពុជាចុះហត្ថលេខាលើឯកសារទាំង១១ចំណុចនោះរួមមាន៖ទី១-សេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីបង់ក្លាដែស រវាង លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ និងលោក Abul Hassan Mahmood Ali រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស។ ទី២-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហការលើបញ្ហាពាក់ព័ន្ធក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពរហូតដល់ឆ្នាំ២០៣០ ។ ទី៣-អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ទី៤-អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ។ ទី៥-អនុស្សារណៈយោគយល់គ្នាស្តីពីម៉ូដេលសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះក្រុមប្រឹក្សាពាណិជ្ជកម្មចម្រុះ ។
ទី៦-អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្ថាប័នលើកិច្ចការពាក់ព័ន្ធនឹងការជម្រុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគបង់ក្លាដែស ។ ទី៧-អនុស្សាសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ។
ទី៨-អនុស្សាសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្ម និង ។ ទី៩-អនុស្សាសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស ប្រវត្តិសាស្ត្រសង្គ្រាម បូជនីយស្ថានសង្គ្រាម និងកេរដំណែលសង្គ្រាម ។ ទី១០-អនុស្សាសារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្របង់ក្លាដែស និងទី១១-កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាសហកម្មបង់ក្លាដែស ៕
Tag:
ហ៊ុន សែន
កម្ពុជា
បង់ក្លាដេស
© រក្សាសិទ្ធិដោយ thmeythmey.com