ពីនេះ ពីនោះ
ត្រី​បបែល​យក្ស​ធំជាងគេ​លើ​ពិភពលោក មាន​រស់នៅ​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា​
04, Dec 2017 , 1:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​បបែល​យក្ស (Himantura polylepis) គឺជា​ត្រី​បបែល​ទឹកសាប​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​។ ត្រី​បបែល​យក្ស​នេះ មាន​ទំហំ​ខ្លួន​អតិបរមា​២៤០​ស​.​ម និង​មាន​ទម្ងន់ ៦០០​គីឡូក្រាម​។ វា​រស់នៅ​តាម​ដង​ទន្លេធំៗ ដែលមាន​ស្រទាប់​ភក់ ឬ​ខ្សាច់​នៅ​បាតទន្លេ ទី​ដែល​វា​អាច​រកបាន​ប្រភេទ​សត្វ​អត់​ឆ្អឹងខ្នង និង​ត្រី​ល្អិត​ជា​ចំណី ដូចជា​ទន្លេ​ចៅ​ប្រា​យ៉ា ក្នុងប្រទេស​ថៃ និង​ទន្លេមេគង្គ ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​កម្ពុជា ឡាវ និង​ថៃ​)​។​



​ត្រី​បបែល​យក្ស ហាក់​បង្ហាញ​វត្តមាន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​កម្ពុជា ដែល​អ្នកនេសាទ​តែងតែ​ចាប់​បានជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ក៏មាន​របាយការណ៍​ថា ចំនួន​ត្រី​បបែល​យក្ស​មានការ​ធ្លាក់​ចុះ​ពី​៣០ ទៅ​៥០​ភាគរយ ក្នុង​រយៈពេល​២០-៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ចំណែក​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម ខេត្តព្រៃវែង បើតាម​របាយការណ៍រ​បស់​អ្នកនេសាទ​បានបង្ហាញ​ថា មានការ​ធ្លាក់ចុះ​ពី​៥០ ទៅ ៩០​ភាគរយ ក្នុង​រយៈពេល ២០-៣០​ឆ្នាំ​ចុង​ក្រោយនេះ​ផងដែរ​។ ត្រី​បបែល​យក្ស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Endangered) ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ក្នុង​ឆ្នាំ ២០១៦​។

​ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក​ដោយសារ​ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ដែលមាន​ខ្លួន​ធំ និង​អាយុ​វែង​ប្រភេទ​នេះ​។

(​អត្ថបទ ដោយ Chhut Chheana រូបភាព​ដោយ Zeb Hogan / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com