ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ ៣​យ៉ាង​ដើម្បី​ស្រក​ទម្ងន់​លឿន សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​ក៏​យល់ស្រប​ដែរ​!
04, Dec 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​សម្រក​ទម្ងន់​លឿន​គឺមាន​មធ្យោបាយ​ច្រើនណាស់ ប៉ុន្តែ​ភាគច្រើន​គឺ​នឹងមិន​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត ហើយ​ក៏មាន​អារម្មណ៍​ឃ្លាន​កាន់តែច្រើន​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ និង​ទម្លាប់​ញ៉ាំ​អាហារ វា​ពិតជា​អាចធ្វើ​ឲ្យ​យើង​មាន​រាង​ស្លី​មមែ​ន​។​



​ដើម្បី​កាន់តែ​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែមាន​ប្រសិទ្ធភាព យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​គន្លឹះ​ធម្មតាៗ​ទាំងបី​ខាងក្រោម​នេះ​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​លឿន​។​

១. ហាត់ប្រាណ​ពង្រឹង​ដល់​ថាមពល​បេះដូង​

​ដើម្បី​សម្រក​ទម្ងន់​ក្នុង​កម្រិត​មធ្យម​បាន ចូរ​ធ្វើ​សកម្មភាព​ហាត់ប្រាណ​ដែល​ពង្រឹង​ដល់​បេះដូង​សរសៃឈាម​យ៉ាងហោចណាស់ ១៥០ ទៅ​២៥០​នាទី​ក្នុង​មួយ​សប្តាហ៍​។ កាលណា​ដែល​អ្នក​អាចធ្វើ​សកម្មភាព​លំ​ហាត់ប្រាណ​មួយ​នេះ​ច្រើនជាង ២៥០​នាទី​ក្នុង​មួយ​សប្តាហ៍​បាន នោះ​ការ​ស្រក​ទម្ងន់​នឹង​លឿន​ជាង​ធម្មតា​ដែរ​។​

២. ញ៉ាំ​បន្លែ ប្រូតេអ៊ីន និង​ខ្លាញ់​

​អាហារ​មួយពេលៗ​របស់​អ្នក​គួរតែមាន​ប្រភព​ខ្លាញ់ ប្រូ​ទេ​អ៊ី​ន បន្លែ​មាន​កាបូ​អ៊ី​ដ្រា​ត​ទាប​។ ការរៀបចំ​គម្រោង​រប​ប​អាហារ​នេះ​នឹងធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ត្រឹមត្រូវ​ពី ២០ ទៅ​៥០​ក្រាម​ក្នុង​មួយថ្ងៃ​។​

​បន្លែ​ដូចជា​៖
•    ប្រូ​ខូ​លី​
•    ឃិនឆាយ​
•    ផ្កា​ខាត់ណា​
•    ត្រសក់​
•    ស្ពៃក្តោប​
•    សាឡាត​
•    ស្ពៃ​ស្ពី​ណា​ច​

​ប្រូតេអ៊ីន​៖
•    ត្រី និង​អាហារ​សមុទ្រ​៖ សាល​ម៉ុង បង្គា បង្កង​
•    ស៊ុត​៖ មាន​អូ​មេ​ហ្គា​បី​
•    សាច់​៖ សាច់មាន់ សាច់ជ្រូក​. សាច់គោ​

​ការ​ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​ត្រូវបាន​គេ​រកឃើញថា​អាចជួយ​បង្កើន​ការរំលាយ​អាហារ​តាមរយៈ​រំលាយ​ជាតិ​ខ្លាញ់​ពី ៨០ ទៅ​១០០​កាឡូរី​ជា​រៀងរាល់ថ្ងៃ​។ ជាមួយគ្នានេះដែរ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​អាច​បន្ថយ​ការតម្រូវ​ការ​ញ៉ាំ​អាហារសម្រន់​នៅពេល​យប់​បាន​ពាក់កណ្តាល់ ហើយក៏​មិនអាច​ឲ្យ​ឡើង​ទម្ងន់​ដោយសារតែ​ញ៉ាំ​អាហារ​ច្រើនៗ​ដែរ​។​

​ប្រភព​ខ្លាញ់​៖
•    ប្រេង​ផ្លែ​ប័​រ​
•    បឺ​រ​
•    ប្រេង​អូ​លីវ​

​មិនត្រូវ​ខ្លាច​ការ​ញ៉ាំ​ខ្លាញ់​ទេ ចូរ​ព្យាយាម​ញ៉ាំ​របប​អាហារ​ទាំង​មាន​ខ្លាញ់​តិច និង​កាបូ​អ៊ី​ដ្រា​ត​តិច​ក្នុងពេល​តែមួយ​។ តាម​ការសិក្សា​ថ្មី​បាន​បង្ហាញថា ខ្លាញ់​ប្រភេទ Saturated Fat មិនបាន​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​ទាំងអស់​។​

៣. បន្ថយ​ការ​ញ៉ាំ​ផ្អែម និង​កាបូ​អ៊ី​ដ្រា​ត​
​រឿង​ដ៏​សំខាន់បំផុត​នោះ​គឺ​ត្រូវ​បន្ថយ​ការ​ញ៉ាំ​ផ្អែម និង​កាបូ​អ៊ី​ដ្រា​ត​បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់​ឲ្យ​បានសម្រេច​។ អាហារ​ទាំងនេះ​នឹង​ទៅ​ភ្ញោ​ច​ដល់​ការបញ្ចេញ​អាំង​ស៊ុយ​លីន​ក្នុង​ឈាម ហើយក៏​វា​មិន​ងាយ​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​ចេញ​រាងកាយ​ដើម្បី​រំលាយចោល​ដែរ​។​

​យ៉ាងណាមិញ នៅពេល​ចំនួន​អាំង​ស៊ុយ​លីន​ចុះ​ទាប ខ្លាញ់​ក្នុង​ខ្លួន​នឹង​ងាយស្រួល​ចេញពី​កន្លែង​ស្តុក​ទុក ហើយ​រាងកាយ​នឹង​ចាប់ផ្តើម​រំលាយ​ជាតិ​ខ្លាញ់​ជំនួស​កាបូ​អ៊ី​ដ្រា​ត​ដើម្បី​បង្កើត​ថាមពល​វិញ​។ ជាមួយគ្នានេះដែរ អត្ថប្រយោជន៍​មួយទៀត​នៃ​ការថយចុះ​អាំង​ស៊ុយ​លីន​គឺ​តម្រងនោម​នឹង​បញ្ចេញ​ជាតិ​ទឹក និង​សូ​ដ្យូ​ម​ចោល​តាម​ទឹកនោម ដូច្នេះ​ក៏​អាចជួយ​សម្រក​ទម្ងន់ និង​ការ​ហើមពោះ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com