អន្តរជាតិ
អូស្ត្រាលីចាប់ផ្តើមហាមគណបក្សនយោបាយទទួលជំនួយបរទេស រូបភាព៖ Australia Parliament
× ដើមសប្តាហ៍នេះ រដ្ឋាភិបាលអូស្ត្រាលីប្រកាសហាមឃាត់រាល់គណបក្សនយោបាយក្នុងការទទួលរាល់ជំនួយពីបរទេស។ រដ្ឋាភិបាលប្រកាសបែបនេះ ក្រោយមានរាជអាជ្ញាអូស្ត្រាលីត្រួតពិនិត្យនូវច្បាប់ប្រឆាំងចារកម្មដែលទប់ស្កាត់ការជ្រៀតជ្រែកផ្នែកនយោបាយពីខាងក្រៅ។
អូស្ត្រាលីនឹងហាមឃាត់រាល់គណបក្សនយោបាយក្នុងការទទួលយកជំនួយពីបរទេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដែលដកស្រង់សម្តីរដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃចន្ទទី ៤ ខែធ្នូនេះ។
បន្ថែមពីលើការហាមឃាត់គណបក្សនយោបាយទទួលជំនួយពីរបទេស អូស្ត្រាលីក៏មានច្បាប់ថ្មីដែលគោលដៅចារកម្ម និងការលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋពីសំណាក់បរទេសផងដែរ។ ការគាំទ្រភ្នាក់ងារចារកម្មបរទេសនឹងត្រូវចាត់ទុកជាបទឧក្រិដ្ឋ ហើយរដ្ឋាភិបាលក៏នឹងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីការហាមឃាត់ការបញ្ចេញព័ត៌មានសម្ងាត់ផងដែរ។
តាមពិតទៅ ការប្រកាសដាក់ច្បាប់ថ្មី និង រឹតបន្តឹងការអនុវត្តច្បាប់នេះធ្វើឡើង ក្រោយពេលដែលអគ្គរាជអាជ្ញាអូស្ត្រាលីលោក George Brandis ត្រួតពិនិត្យឡើងវិញនូវច្បាប់ប្រឆាំងចារកម្ម។ ច្បាប់ថ្មីដែលមានគោលដៅប្រឆាំងចារកម្មនេះ ត្រូវបានចងក្រងឡើងដែលមានលក្ខណៈស្រដៀងច្បាប់អាមេរិកស្តីពីការចុះបញ្ជីភ្នាក់ងារបរទេស។
លោក George Brandis អះអាងថា បច្ចុប្បន្នការលូកលាន់ក្នុងបញ្ហានយោបាយពីសំណាក់ទីភ្នាក់ងារបរទេសក្លាយជាបញ្ហាធំ ហើយវាក៏កាន់តែអាក្រក់ផងដែរ។
លោក George Brandis បញ្ជាក់ថា៖ «កាលពីខែឧសភា លោកនាយករដ្ឋមន្ត្រីបានសុំឲ្យខ្ញុំដឹកនាំការត្រួតពិនិត្យនូវច្បាប់ទប់ស្កាត់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលីពីសំណាក់បរទេស។ វាជាការងារមួយដ៏សំខាន់បំផុតមួយ ដែលខ្ញុំបានធ្លាប់ធ្វើកន្លងមក។ ការត្រួតពិនិត្យច្បាប់នេះបានបញ្ចប់រួចហើយ ហើយច្បាប់នេះនឹងត្រូវដាក់ចូលទៅសភាផងដែរ។
«ច្បាប់នេះនឹងពង្រឹង និងបន្ទាន់សម័យរាល់បញ្ហាដែលកើតឡើងរួមទាំងទោសក្បត់ជាតិ វិទ្ធង្សនា និងចារកម្មផងដែរ។ វានឹងត្រូវដាក់ឲ្យអនុវត្តជាលើកដំបូង ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋនៃការលូកលាន់ពីបញ្ហាផ្ទៃក្នុងពីសំណាក់បរទសនោះ»។ នេះជាការបញ្ជាក់របស់លោក George Brandis។
Tag:
អូស្ត្រាលី
គណបក្សនយោបាយ
George Brandis
© រក្សាសិទ្ធិដោយ thmeythmey.com