អន្តរជាតិ
អូស្ត្រាលី​ចាប់ផ្តើម​ហាម​គណបក្សនយោបាយ​ទទួល​ជំនួយ​បរទេស
04, Dec 2017 , 9:59 pm        
រូបភាព
រូបភាព៖ Australia Parliament
រូបភាព៖ Australia Parliament
ដោយ: ថ្មីៗ
​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​ហាមឃាត់​រាល់​គណបក្ស​នយោបាយ​ក្នុង​ការទទួល​រាល់​ជំនួយ​ពី​បរទេស​។ រដ្ឋាភិបាល​ប្រកាស​បែបនេះ ក្រោយ​មាន​រាជអាជ្ញា​អូស្ត្រាលី​ត្រួតពិនិត្យ​នូវ​ច្បាប់​ប្រឆាំង​ចារកម្ម​ដែល​ទប់ស្កាត់​ការជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពី​ខាងក្រៅ​។



​អូស្ត្រាលី​នឹង​ហាមឃាត់​រាល់​គណបក្សនយោបាយ​ក្នុងការ​ទទួលយក​ជំនួយ​ពី​បរទេស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ដកស្រង់​សម្តី​រដ្ឋាភិបាល​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែធ្នូ​នេះ​។​

​បន្ថែម​ពីលើ​ការហាមឃាត់​គណបក្សនយោបាយ​ទទួល​ជំនួយ​ពីរ​បទេស អូស្ត្រាលី​ក៏មាន​ច្បាប់​ថ្មី​ដែល​គោលដៅ​ចារកម្ម និង​ការ​លូកលាន់​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ពី​សំណាក់​បរទេស​ផងដែរ​។ ការគាំទ្រ​ភ្នាក់ងារ​ចារកម្ម​បរទេស​នឹងត្រូវ​ចាត់ទុកជា​បទឧក្រិដ្ឋ ហើយ​រដ្ឋាភិបាល​ក៏​នឹង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការហាមឃាត់​ការបញ្ចេញ​ព័ត៌មាន​សម្ងាត់​ផងដែរ​។​

​តាមពិតទៅ ការប្រកាស​ដាក់​ច្បាប់​ថ្មី និង រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នេះ​ធ្វើឡើង ក្រោយ​ពេលដែល​អគ្គរាជ​អាជ្ញា​អូស្ត្រាលី​លោក George Brandis ត្រួតពិនិត្យ​ឡើងវិញ​នូវ​ច្បាប់​ប្រឆាំង​ចារកម្ម​។  ច្បាប់​ថ្មី​ដែលមាន​គោលដៅ​ប្រឆាំង​ចារកម្ម​នេះ ត្រូវបាន​ចងក្រង​ឡើង​ដែលមាន​លក្ខណៈ​ស្រដៀង​ច្បាប់​អាមេរិក​ស្តីពី​ការចុះបញ្ជី​ភ្នាក់ងារ​បរទេស​។

​លោក George Brandis អះអាងថា បច្ចុប្បន្ន​ការ​លូកលាន់​ក្នុង​បញ្ហានយោបាយ​ពី​សំណាក់​ទីភ្នាក់ងារ​បរទេស​ក្លាយជា​បញ្ហា​ធំ ហើយ​វា​ក៏​កាន់តែ​អាក្រក់​ផងដែរ​។

​លោក George Brandis បញ្ជាក់ថា​៖ «​កាលពី​ខែឧសភា លោកនាយក​រដ្ឋមន្ត្រី​បាន​សុំ​ឲ្យ​ខ្ញុំ​ដឹកនាំ​ការត្រួតពិនិត្យ​នូវ​ច្បាប់​ទប់ស្កាត់​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​អូស្ត្រាលី​ពី​សំណាក់​បរទេស​។ វា​ជា​ការងារ​មួយ​ដ៏​សំខាន់បំផុត​មួយ ដែល​ខ្ញុំ​បាន​ធ្លាប់ធ្វើ​កន្លងមក​។ ការត្រួតពិនិត្យ​ច្បាប់​នេះ​បានបញ្ចប់​រួចហើយ ហើយ​ច្បាប់​នេះ​នឹងត្រូវ​ដាក់​ចូលទៅ​សភា​ផងដែរ​។​

«​ច្បាប់​នេះ​នឹង​ពង្រឹង និង​បន្ទាន់​សម័យ​រាល់​បញ្ហា​ដែល​កើតឡើង​រួមទាំង​ទោស​ក្បត់ជាតិ វិទ្ធង្សនា  និង​ចារកម្ម​ផងដែរ​។ វា​នឹង​ត្រូវដាក់​ឲ្យ​អនុវត្ត​ជា​លើកដំបូង ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋ​នៃ​ការ​លូកលាន់​ពី​បញ្ហា​ផ្ទៃក្នុង​ពី​សំណាក់​បរ​ទស​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក George Brandis​។


Tag:
 អូស្ត្រាលី​
  គណបក្សនយោបាយ​
  George Brandis
© រក្សាសិទ្ធិដោយ thmeythmey.com