ជាតិ
សេដ្ឋកិច្ច
អ្នក​ចិញ្ចឹម​ជ្រូក បន្ត​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​លើ​ការ​រឹតបន្តឹង​ជ្រូក​នាំចូល​
04, Dec 2017 , 10:39 pm         1309
រូបភាព
​ភ្នំពេញ​៖ អ្នក​ចិញ្ចឹម​ជ្រូក បន្ត​អំពាវនាវ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ចំពោះ​ការហូរចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ខណៈដែល​ពួកគេ​អះអាងថា​រង​ការខាតបង់ និង​អ្នក​មួយចំនួន​បាន​ផ្អាក​អាជីវកម្ម ជា​បន្តបន្ទាប់​។​


​ចាប់ពី​ខែមេសា​ឆ្នាំនេះ អ្នក​ចិញ្ចឹម​ជ្រូក បាន​អំពាវនាវ និង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ដង ចំពោះ​ការហូរចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ដែល​អ្នក​ទាំងនោះ​អះអាងថា​បានធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់ ធ្លាក់​ថ្លៃ​ក្រោម​ថ្លៃដើម​ផលិត​របស់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​។ ហើយ​នៅ​ថ្ងៃទី​៤​ខែវិច្ឆិកា​នេះ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានរៀបចំ​សន្និសីទ​មួយ​ជុំវិញ​បញ្ហា​ដដែល​នេះ ដើម្បី​ទទួលបាន​ការអន្តរាគមន៍​របស់​រដ្ឋាភិបាល​។​

​ថ្នាក់ដឹកនាំ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ដែល​ធ្វើ​វាគ្មិន​ក្នុង​សន្និសីទ​នោះ បាន​លើកឡើងថា ចូលដល់​ឆ្នាំ​២០១៧​នេះ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​រង​ការខាតបង់​ខ្លាំងណាស់ ដោយសារតែ​ការហូរចូល​យ៉ាងច្រើន​នៃ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម ដែល​បាន​វាយ​ទម្លាក់​តម្លៃ​ជ្រូក​ក្រោម​ថ្លៃដើម​។ វាគ្មិន​បាន​បន្ថែមថា តម្លៃ​ជ្រូករ​ស់បាន​ធ្លាក់​ថ្លៃ​នៅត្រឹម ៥០០០ ទៅ​៦០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ខណៈ​ថ្លៃដើម​ត្រូវ​ចំណាយ​រង្វង់ ៧០០០​រៀល​ឯណោះ​។ តំណាង​សមាគម​ប្រាប់ថា សមាជិក​របស់​សមាគម​ផ្នែក​ចិញ្ចឹម​ជ្រូក​ប្រមាណ ៥០​ភាគរយ​បាន​ផ្អាក​ការចិញ្ចឹម​របស់ខ្លួន ដែល​បណ្ដាល​ពី​បញ្ហា​ខាងលើនេះ​។​

​សមាគម​បានស្នើ​រដ្ឋាភិបាល​មាន​វិធានការ​ចំពោះ​ជ្រូក​នាំចូល ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជ្រូក​ទាំងនោះ​ត្រូវបាន​លក់​ក្រោម​ថ្លៃដើម​របស់​អ្នក​ក្នុងស្រុក​។ អ្នកតំណាង​សមាគម ឲ្យ​ដឹងថា ការ​នាំចូល​ក្រៅច្បាប់ តាមរយៈ​ការនាំ​ចូល​ជ្រូក​ដឹក​តាម​ម៉ូតូ និង​រថយន្ត​តូចៗ ជា​ចំនួន​ដែល​មិនអាច​គ្រប់គ្រង​បាន និង​មិន​ស្ថិតក្រោម​ចំនួន​កូតា​របស់​ក្រសួងកសិកម្ម​នោះទេ​។ វាគ្មិន​ប៉ាន់​ស្មានថា ជ្រូក​នាំ​ចុ​ល​ខុសច្បាប់​ក្នុង​មួយថ្ងៃ​ពី​ចន្លោះ​ពី ១៥០០​ក្បាល ទៅ ១៨០០​ក្បាល​។ រីឯ​កូតា​របស់​ក្រសួង​ដែល​កំណត់ ១២៥០​ក្នុង​មួយថ្ងៃ សមាគម​លើកឡើងថា​ជា​ចំនួន​អនុវត្ត​បានតែ​ជាមួយ​ក្រុមហ៊ុន​នាំចូល​ប៉ុណ្ណោះ​។

​តំណាង​សមាគម​នេះ លើកឡើង​ទៀតថា សមាគម​បានដាក់​លិខិត​ទៅ​ក្រសួងកសិកម្ម អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យ​ជួយ​រឹតបណ្តឹង​ការនាំ​ចូល​ជ្រូក ប៉ុន្តែ​មិន​ទទួល​ការឆ្លើយតប​ពី​ស្ថាប​ប័ន អង្គភាព​ទាំង​នោះទេ មកទល់ពេលនេះ​។ ទោះយ៉ាងណា អ្នក​នៅក្នុង​វិស័យ​ចិញ្ចឹមសត្វ​ទាំងនោះ មានប្រសាសន៍ថា ខ្លួន​នៅតែ​បន្តសកម្មភាព​តាមដាន​នាំចូល​ជ្រូក និង​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បន្តទៀត​។​

​វាគ្មិន​ក្នុង​សន្និសីទ​នេះ រួមមាន លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​, លោក ជេ​ត ភិរម្យ អនុ​វប្រ​ធាន​, លោក តា​យា ក្រែង​គ្រី​វិត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម លោក ប៊ុន ហៀ​ង សមាជិក​ក្រុមប្រឹក្សាភិបាល និង​លោក មុត ពិសិដ្ឋ តំណាង​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​។​

​បើតាម លោក ហឿន ដែលជា​អ្នក​កាប់ និង​លក់​សត្វ​ជ្រូក​នៅ​ខេត្តកណ្ដាល ជ្រូក​ដែល​លោក​លក់​សព្វថ្ងៃ គឺ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ស៊ី​ភី ក្នុង​មួយ​គីឡូ ៦២០០​រៀល ដឹក​មកដល់​ផ្ទះ ខណៈ​ជ្រូក​វៀតណាម​តម្លៃ ៥៨០០​រៀល​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម លោក សេន សុវណ្ណ អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មិនមាន​ការហូរចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ច្រើន​ដូច​ការលើកឡើង​របស់​សមាគម​ចិញ្ចឹមសត្វ​នោះទេ ព្រោះ​ថ្លៃ​ជ្រូក​ក្នុងប្រទេស​វៀតណាម​ប្រហាក់ប្រហែល​កម្ពុជា​ដែរ​។  លោក​ប្រាប់ថា ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មានតែ​ក្រុមហ៊ុន​ពីរ​ប៉ុណ្ណោះ ដែល​នាំចូល​ជ្រូក​ប្រហែល ៣០០​ក្បាល​ក្នុង​មួយថ្ងៃ ពោលគឺ​មិន​ដល់​កូតា​របស់​ក្រសួង​នោះទេ​។​

​លោក សេន សុវណ្ណ មានប្រសាសន៍ថា បើ​អ្នកលក់​ជ្រូក ដឹក​ជ​ញ្ចូ​ន​ជ្រូក​យកទៅលក់​នៅ​សត្វឃាត​ដ្ឋា​ន (​កុងស៊ី​) នោះ​នឹង​បាន​ថ្លៃ​ជាង​នេះ​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ជ្រូក​លក់បាន​ថោក ដោយសារ​អត់​ដឹក​ឲ្យ​កុងស៊ី​»​។ លោក​បន្ថែមថា កុងស៊ី​នៅ​ភ្នំពេញ ក្នុងពេល​ថ្មីៗ​នេះ ទិញ​ជ្រូក​ដែល​ល្អ​គឺ ៦៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ថោក​បំផុត​គឺ ៥៨០០​រៀល​។ លោក​ថែមទាំង​ទម្លាក់​តួនាទី​នេះ​ទៅ​សមាគម​ចិញ្ចឹមសត្វ​ថា សមាគម​គួរ​ប្រមូល​តម្លៃ​នៅតាម​កុងស៊ី និង​យកទៅ​ប្រាប់​កសិករ​។

​ចំពោះ​ការដឹកជញ្ជូន​ជ្រូក​ទ្រង់ទ្រាយ​តូច​ខុសច្បាប់ ដែល​សមាគម​បានលើកឡើង​ក្នុង​សន្និសីទ លោក សេន សុវណ្ណ បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​បានដាក់​កម្លាំង​ចុះទៅ​មើល​ហើយ គឺ​នាំចូល​តាម​ម៉ូតូ​ជាប់​ព្រំដែន ដែល​ពលរដ្ឋ​ធ្វើបែបនេះ​ជា​ទម្លាប់​មកហើយ រឿង​អ្វី​យកមក​ផ្គត់ផ្គង់​ទីផ្សារ​បាន​»​។​

​លោក សេន សុវណ្ណ បាន​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារសេរី​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​វា​លែង​ជាការ​ចិញ្ចឹម​មួយ​ក្បាល​ពីរ​ក្បាល​លក់​ក្នុងភូមិ​ហើយ តែ​ជាការ​ចិញ្ចឹម​បែប​ឧស្សាហកម្ម​»​។ លោក​បាន​ជំរុញ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​វិនិយោគ​បន្ថែម​លើ​ការងារ​បច្ចេកទេស ដើម្បី​ចំណាយ​កាន់តែ​តិច និង​តាម​ទាន់​ការចិញ្ចឹម​របស់​ប្រទេសជិតខាង​។​

​ចំពោះ​ការបន្ត​បើក​ឲ្យ​នាំចូល​ជ្រូក លោក សេន សុវណ្ណ បញ្ជាក់ថា រដ្ឋាភិបាល​មិនអាច​បិទ​បាន​នោះទេ ព្រោះ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ និង​ចៀសវាង​ការ​ចំណេញ​បាន​ទៅ​តែ​អ្នក​ចិញ្ចឹម តែ​ប៉ះពាល់​ប្រជាជន​មួយ​ភាគ​ធំ​។​

​បើតាម​អ្នក​នៅក្នុង​វិស័យនេះ ដែល​បានលើកឡើង​កន្លងមក អ្នក​ចិញ្ចឹម​ក្នុងស្រុក​មានលទ្ធភាព​ផ្គត់​ផ្គត់​ជ្រូក​រស់​ប្រមាណ ៦០​ភាគរយ​នៃ​តម្រូវការ​ទីផ្សារ​៕

Tag:
 ជ្រូក​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next