ជាតិ
សម្ដេច ហ៊ុន សែន ៖«​ប្រទេស​មហាអំណាច​ខ្លាច​កូរ៉េខាងជើង​មែនទែន​ហើយ​»
05, Dec 2017 , 10:11 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មាន​អារម្មណ៍​ហួសចិត្ត​ចំពោះ​ប្រទេស​មហាអំណាច  ដែល​នាំគ្នា​ខ្លាច​ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ សម្ដេច ហ៊ុន សែន បាន​និយាយថា ប្រទេស​មហាអំណាច​ក្នុង​ពិភពលោក គួរតែ​រក​ដំណោះស្រាយ​រួមគ្នា​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​សកម្មភាព​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នេះ​។​



​ថ្លែង​ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី ៥ ធ្នូ​នេះ​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​ឥឡូវ​នាំគ្នា​ខ្លាច ចាប់ផ្ដើម​ខ្លាច​មែនទែន​ហើយ មិនមែន​ខ្លាច​លេងៗ​ទេ តាំងពី​កូរ៉េខាងជើង​ដាក់​មួយ​គ្រាប់​ពី​អាទិត្យ​មុននេះ គឺ​ចាត់ទុក​បាញ់​ដល់​កន្លែង​ណា​ក៏​ដល់​ដែរ​។ ឥឡូវ​ចាប់ផ្ដើម​នាំគ្នា​ខ្លាច​ហើយ ពិភពលោក​មិនដឹងថា​ទៅជា​ស្អី​ហើយ​ឥឡូវនេះ គំរាម​គ្នា​ចុះ​គំរាម​គ្នា​ឡើង កូរ៉េខាងជើង​គំរាម​ពេញ​ពិភពលោក​នាំគ្នា​ខ្លាច​កូរ៉េខាងជើង​…​។ សង្ឃឹមថា​ពិភពលោក​នឹង​មានការ​ស្ងប់ស្ងាត់​តាមរយៈ​ការសន្ទនា​ដោយ​ស្មារតី​ស្ថាបនា​។ ហើយ​ប្រហែល​កម្ពុជា ជា​ប្រទេស​តូច​មួយ មិនមែនជា​គោលដៅ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ភេរវកម្ម​ទេ​»​។

​កន្លងមក​រដ្ឋាភិបាល តែងតែ​ចេញមុខ​ថ្កោលទោស​រាល់​សកម្មភាព​បា​ញ់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នេះ​។ បញ្ហា​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ ដែល​ប្រទេស​មហាអំណាច​នៅក្នុង​ពិភពលោក​ត្រូវ​រួមគ្នា​ដោះស្រាយ​។​

​ជាក់ស្ដែង​កូរ៉េខាងជើង បានប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-15 កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ។ កូរ៉េខាងជើង​អះអាងថា មី​ស៊ី​ល​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មី​ស៊ី​ល​អន្តរទ្វីប Hwasong-14 ទៅទៀត ហើយ​អាច​វាយប្រហារ​គោលដៅ​ទាំងអស់​នៅលើ​ទឹកដី​អាមេរិក​។ មី​ស៊ី​ល ប្រភេទ​ថ្មី Hwasong-15 ដែល​បានមកពី​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អាច​រត់​បាន​ចម្ងាយ​៩៥០​គីឡូម៉ែត្រ និង​ហោះ​បាន​កម្ពស់​៤៤៧៥​គីឡូម៉ែត្រ​។ កូរ៉េខាងជើង​ក៏​ប្រកាស​ដែរ​ថា ខ្លួន​គឺជា​មហាអំណាច​នុយក្លេអ៊ែរ​ដែលមាន​ការទទួល​ខុសត្រូវ ព្រោះ​អាវុធ​របស់ខ្លួន គឺ​ទុក​សម្រាប់​ការពារ​ខ្លួនឯង​ពី​នយោបាយ​បង្ករឿង និង​ការគំរាមកំហែង​របស់​ចក្រពត្តិ​អាមេរិក​ប៉ុណ្ណោះ​។​
អត្ថបទទាក់ទង

​ប៉ុន្តែ​បញ្ហា​នេះ អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ព្រមាន​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​រាំងខ្ទប់​កូរ៉េខាងជើង​ខណៈដែល​ចិន និង​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង ក៏បាន​ចេញមុខ​ទទូច​ឲ្យ​មានការ​អនុវត្ត​វិធានការ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ផងដែរ​៕


Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com