កីឡាជាតិ
ជាតិ
​កីឡាការិនី​ជាង​៣០០​នាក់​ប្រកួត​រត់ ជិះ​កង់ និង​ចែវ​ទូក​ក្នុង​ព្រឹត្តិការណ៍ RAID Amazones
05, Dec 2017 , 7:39 pm        
រូបភាព
​សៀមរាប​៖ ព្រឹត្តិការណ៍​កីឡា RAID Amazones បាននិងកំពុង​ដំណើរកា​រ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។ ព្រឹត្តិការណ៍​នេះ មាន​សុទ្ធតែ​នារី​ចួ​ល​រួម ហើយ​នៅ​ឆ្នាំនេះ មាន​កីឡាការិនី ចំនួន ៣៤៧​នាក់ ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​។



RAID Amazones ជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​មួយ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក មាន​សុទ្ធតែ​នារី​ជា​អ្នកចូលរួម ដោយ​ចាប់​គូ​គ្នា​២​នាក់ ឬ​៣​នាក់​ដើម្បី​រត់ ជិះ​កង់ និង​ចែវ​ទូក​។ កីឡា​នេះ បង្កើតឡើង​ដោយ​អតីត​ពិធីករ​ទូរទស្សន៍​ជនជាតិ​បារាំង​ឈ្មោះ ALEXANDER DEBANNE មាន​រយៈពេល​១៥​ឆ្នាំ​មកហើយ និង​បានធ្វើ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន ក្នុងនោះ នេះ​ជា​លើក​ទី​២​សម្រាប់​កម្ពុជា​ជា​ម្ចាស់ផ្ទះ ដែល​រៀបចំឡើង​នៅក្នុង​ទឹកដី​អង្គរ​។



​អ្នកសម្របសម្រួល​កម្ម​វិធី លោក ហ៊ុន សុជាតិ បានឱ្យដឹងថា កម្មវិធី​កីឡា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ថា ពួកគាត់​ក៏​អាចធ្វើ​ការងារ និង​ចូលរួម​កីឡា​បាន​ដូច​បុរស​ដែរ ទាំង​រត់​ចម្ងាយ ជិះ​កង់ និង​ចែវ​ទូក ដែល​នេះ​ជា​វិញ្ញាសា​បានកំណត់​ក្នុង​កម្មវិធី​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំ​ធ្វើ​នៅលើ​ទឹកដី អង្គរ​ជា​លើក​ទី​២​ហើយ ដោយ​លើក​នេះ​មាន​អ្នកចូលរួម ៣៤៧​នាក់ ដែលមាន​អាយុ​ចាប់ពី ២៨​ឆ្នាំ​ដល់​៥០​ឆ្នាំ មកពី​ប្រទេស​បារាំង ស្វី​ស បែ​ល​ហ្សិ​ក កាណាដា និង​បណ្តា​ប្រទេសមួយ​ចំនួន​តូច​ទៀត​ដែល​និយាយ​ភាសា​អង់គ្លេស​។​

​អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា RAID Amazones គ្រោង​រៀបចំ​ធ្វើជា​លើក​ទី​៣ នៅ​ទឹកដី​អង្គរ​នៅ​ឆ្នាំ​២០១៨​ខាង​មុខជា​បន្តទៀត ព្រោះថា ការរៀប​ចំទាំង​២​លើក​នេះ បាន​ទាក់ទាញ​អ្នកចូលរួម​ច្រើន​កុះករ​៕






© រក្សាសិទ្ធិដោយ thmeythmey.com