ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ៖ ប្រយ័ត្នការឆបោកបែបថ្មីមួយទៀត «លុយអេឡិចត្រូនិក» លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិ (រូបពីធនាគារជាតិ)
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដល់សាធារណជនឲ្យប្រុងប្រយ័ត្នការឆបោកក្រោមទម្រង់បែបថ្មីមួយ តាមរយៈការចាយវាយរូបីយបណ្ណអេឡិចត្រូវនិក ជាបណ្ដាញ។ អគ្គនាយកបច្ចេកទេសធនាគារជាតិ លោកស្រី ជា សិរី បានប្រកាសព័ត៌មាននេះក្នុងឱកាសលោកស្រីចូលរួមនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ នៅថ្ងៃទី៥ខែធ្នូនេះ។
ប្រសាសន៍លោកស្រី ជា សិរី ៖
នេះជាការបើប្រាស់លុយអេឡិចត្រូនិក ដែលមិនមានការទទួលស្គាល់ពីរដ្ឋាភិបាលនោះទេ។ លក្ខណៈនៃការចរាចរលុយអេឡិចត្រូនិកនេះ គឺតាមរយៈការចូលបណ្ដាញរបស់ក្រុមអ្នកចាយលុយប្រភេទនេះ។ អ្នកស្ថិតក្នុងបណ្ដាញ ចរាចរលុយអេឡិចត្រូនិក តាមរយៈលេខកូដ ដើម្បីទូទាត់ថ្លៃឲ្យទៅអ្នកក្នុងបណ្ដាញមួយផ្សេងទៀត ដោយមិនឆ្លងកាត់អន្តការី ឬធនាគារនោះទេ ពោលគឺពួកគេទូទាត់ថ្លៃរវាងគ្នានឹងគ្នា។ ទម្រង់ជួញដូរបែបនេះ ដែលល្បីនៅលើពិភពលោក គឺ Bitcoin ដែលជាការជួញដូរដោយប្រើ កាក់ឌីជីថល។ ការចាយលុយអេឡិចត្រូនិកនេះ ត្រូវបានគេហៅជាភាសាអង់គ្លេសថា Cryptocurrency ។
លោកស្រី ជា សិរី បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះ មានបណ្ដាញដែលដើរផ្សព្វផ្សាយដើម្បីជំរុញឲ្យអ្នកលក់ដូរ ប្រើប្រាស់លុយអេឡិចត្រូនិក ពិសេសកាក់ឌីជីថល។ លោកស្រីបន្ថែមថា ក្រុមបណ្ដាណបញ្ចុះបញ្ចូលឲ្យម្ចាស់ហាង ទទួលស្គាល់កាក់ឌីជីថល ជារូបិយបណ្ណ ដោយអះអាងថាម្ចាស់ហាងអាចយកកាក់នោះទៅដូរយកសាច់ប្រាក់នៅធនាគារដែលពួកគេបានប្រាប់ឈ្មោះ ហើយបើអ្នកលក់ដូរទាំងនោះបបួលអ្នកចូលបណ្ដាញបានមួយចំនួនទៀត នោះនឹងទទួលបានប្រាក់កម្រៃជើងសារ (កុំមុយស្យ៉ុង) ថែមទៀត។
លោកស្រី ជា សិរី បញ្ជាក់ថា ធនាគារជាតិមិនទទួលស្គាល់ការចាយវាយទម្រង់បែបនេះទេ ហើយលោកស្រីអំពាវនាវឲ្យពលរដ្ឋចៀសវាងការខាតបង់ ព្រោះសាធារណជននឹងមិនអាចយកកាក់ឌីជីថល ដូរយកសាច់ប្រាក់មកវិញនោះទេ។ លោកស្រីបន្តថា ធនាគារជាតិក៏បានណែនាំដល់ធនាគារពាណិជ្ជ មិនឲ្យធនាគារធ្វើប្រតិបត្តិការណាមួយពាក់ព័ន្ធនឹង Cryptocurrency នេះឡើយ។
លោកស្រី ជា សិរី ថែមទាំងអះអាងថា ការចាយវាយដែលបានលើកឡើងខាងលើនេះថាជាអំពើឆបោកក្រោមរូបភាពថ្មីមួយ ហើយអាជ្ញាធរនឹងមានវិធានការចំពោះការដើរបំផុសបំផុលនោះ។
លុយអេឡិចត្រូនិកនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយបុគ្គលមួយចំនួន តាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ នាពេលថ្មីៗនេះ៕
Tag:
ជា សិរី
លុយអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com