ជាតិ
នយោបាយជាតិ
លោក កឹម សុខា ភ្ជាប់ទំនាក់ទំនងទៅសហគមន៍អន្តរជាតិតាមរយៈភរិយា និងកូនស្រី លោក កឹម សុខា នៅពេលរស់នៅជួបជុំភរិយា និងកូនស្រីទាំងពីរ។ រូបថត ហ្វេសប៊ុក Monovithya Kem
× ភ្នំពេញ៖ អ្វីដែលលោក កឹម សុខា ចង់ទាមទារ ត្រូវបានកូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា យកទៅជម្រាបដល់សហគមន៍អន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ក៏ជាអ្នកបញ្ជូនសាររបស់សហគមន៍អន្តរជាតិ ត្រឡប់ទៅកាន់លោក កឹម សុខា វិញដែរ។ អ្នកដែលទទួលបានការផ្តាំផ្ញើរផ្ទាល់ពីអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ គឺលោកស្រី តែ ចន្ទមនោ ដែលជាភរិយា ព្រោះលោកស្រីបានចូលទៅជួបលោក កឹម សុខា ផ្ទាល់នៅពន្ធនាគារត្រពាំងផ្លុង។
ទោះកំពុងស្ថិតក្នុងពន្ធនាគារ តែសាររបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅតែអាចទៅដល់សហគមន៍អន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខា ជាអ្នកពាំនាំសារទាំងនោះ។ ហើយកញ្ញា កឹម មនោវិទ្យា ដែលកំពុងស្ថិតនៅឯក្រៅប្រទេស បានទទួលការផ្តាំផ្ញើរបស់លោក កឹម សុខា តាមរយៈម្តាយរបស់កញ្ញា គឺលោកស្រី តែ ចន្ទមនោ។ ទាំងអស់នេះ គឺជាការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា នៅក្នុងវេទិកាសាធារណៈមួយ លើទឹកដីនៃសហរដ្ឋអាមេរិក នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។
កញ្ញា កឹម មនោវិទ្យា ដែលក្លាយជាតួអង្គលេចធ្លោមួយរូបក្នុងការតស៊ូមតិជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា បានអះអាងក្នុងវេទិកាសាធារណៈថា បើមានការផ្តាំផ្ញើពីសហគមន៍អន្តរជាតិត្រឡប់ទៅវិញ ឪពុករបស់កញ្ញា ក៏អាចដឹងឮនិងទទួលបានព័ត៌មានទាំងនោះដែរ។
កញ្ញា កឹម មនោវិទ្យា ដែលនៅតែប្រើប្រាស់តួនាទីជាអគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈរបស់អតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖«អ្វីដែលគាត់ចង់ផ្តាំផ្ញើ អ្វីដែលគាត់សុំ អ្វីដែលគាត់ទាមទារ ជាមួយអន្តរជាតិ គឺគាត់ផ្ញើសារនោះឲ្យមកខ្ញុំ ដើម្បីឲ្យខ្ញុំពាំនាំទៅជម្រាបខាងគេ។ បើគេមានសារអ្វីចង់ផ្តាំផ្ញើ ត្រឡប់ទៅគាត់ ក៏ដូចជាគណបក្សសង្គ្រោះជាតិ គឺគេផ្តាំផ្ញើតាមរយៈខ្ញុំវិញ ហើយខ្ញុំពាំនាំព័ត៌មាននោះ តាមរយៈម្តាយខ្ញុំជូន ទៅគាត់នៅក្នុងពន្ធនាគារ។ អ៊ីចឹង គាត់នៅជាមួយបងប្អូនរហូត»។
មកដល់ពេលនេះ លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់រយៈពេលជាង៣ខែហើយ ក្រោមការសង្ស័យរបស់តុលាការថា បានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ដែលអាចចាត់ទុកជាអំពើក្បត់ជាតិ។ បច្ចុប្បន្ន សំណុំរឿងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ កំពុងស្ថិតក្នុងតំណាក់កាលនៃការស៊ើបសួរ ដោយមិនទាន់ឈានទៅដល់ការជំនុំជម្រះនោះទេ។
ក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ក្រុមអ្នកនយោបាយនៃគណបក្សនេះ ក៏រត់ទៅរកសហគមន៍អន្តរជាតិឲ្យជួយធ្វើអន្តរាគមន៍។ តំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់ភាគច្រើននៃអតីតគណបក្សសង្គ្រោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅបន្តសកម្មភាពនយោបាយនៅក្រៅប្រទេស។ ដោយអំណាចសាលដីការបស់តុលាការកំពូល ពួកគេ មិនអាចធ្វើសកម្មភាពនយោបាយបានទេ ចាប់ពីពេលនេះតទៅ រហូតដល់៥ឆ្នាំ។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី នឹងធ្វើមហាបាតុកម្ម ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត រួមទាំងទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ ចំណែក ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក នឹងយកទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើមហាបាតុកម្ម នៅមុខសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ តែម្តង ដោយមានបំណងដូចគ្នាទៅនឹងការធ្វើបាតុកម្មនៅក្នុងប្រទេសអូស្ត្រាលី។
ការរំលាយគណបក្សសង្គ្រោះជាតិ ហើយបន្តឃុំលោក កឹម សុខា ក្នុងពន្ធនាគារ ធ្វើរដ្ឋាភិបាលកម្ពុជា រងការព្រមាននិងការថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ។ សហរដ្ឋអាមេរិក បានព្រមានមុនគេ ថានឹងផ្តាច់ជំនួយលើការបោះឆ្នោត ហើយប្រទេសមហាអំណាចមួយនេះ ក៏មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០១៨ដែរ ប្រសិនបើរដ្ឋាភិបាល មិនដោះលែងលោក កឹម សុខា និងមិនព្រមបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើនយោបាយឡើងវិញ។
យ៉ាងណាក៏ដោយ ការព្រមានទាំងនោះ មិនបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្តូរគោលជំហរនោះទេ។ រដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរថា នឹងបន្តធ្វើអ្វីដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ដោយមិនបារម្ភនឹងការដាក់សម្ពាធឬទណ្ឌកម្មណាមួយ ពីសហគមន៍អន្តរជាតិឡើយ៕
Tag:
កឹម មនោវិទ្យា
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com