ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ភ្ជាប់​ទំនាក់ទំនង​ទៅ​សហគមន៍​អន្តរជាតិ​តាមរយៈ​ភរិយា និង​កូនស្រី​
05, Dec 2017 , 9:39 pm        
រូបភាព
លោក កឹម សុខា នៅពេលរស់នៅជួបជុំភរិយា និងកូនស្រីទាំងពីរ។ រូបថត ហ្វេសប៊ុក Monovithya Kem
លោក កឹម សុខា នៅពេលរស់នៅជួបជុំភរិយា និងកូនស្រីទាំងពីរ។ រូបថត ហ្វេសប៊ុក Monovithya Kem
​ភ្នំពេញ​៖ អ្វីដែល​លោក កឹម សុខា ចង់​ទាមទារ ត្រូវបាន​កូនស្រី​របស់​លោក គឺ​កញ្ញា កឹម មនោ​វិទ្យា យកទៅ​ជម្រាប​ដល់​សហគមន៍​អន្តរជាតិ​។ កញ្ញា កឹម មនោ​វិទ្យា ក៏​ជា​អ្នក​បញ្ជូន​សារ​របស់​សហគមន៍​អន្តរជាតិ ត្រឡប់​ទៅកាន់​លោក កឹម សុខា វិញ​ដែរ​។ អ្នក​ដែល​ទទួល​បានការ​ផ្តាំផ្ញើរ​ផ្ទា​ល់ពី​អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ គឺ​លោកស្រី តែ ចន្ទ​មនោ ដែលជា​ភរិយា  ព្រោះ​លោកស្រី​បាន​ចូលទៅ​ជួប​លោក កឹម សុខា ផ្ទាល់​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។



​ទោះ​កំពុង​ស្ថិតក្នុង​ពន្ធនាគារ តែ​សារ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​អាច​ទៅដល់​សហគមន៍​អន្តរជាតិ​។ កញ្ញា កឹម មនោ​វិទ្យា ដែលជា​កូនស្រី​ច្បង​របស់លោក កឹម សុខា ជា​អ្នក​ពាំ​នាំសារ​ទាំងនោះ​។ ហើយកញ្ញា កឹម មនោ​វិទ្យា ដែល​កំពុងស្ថិត​នៅឯ​ក្រៅប្រទេស បាន​ទទួល​ការ​ផ្តាំផ្ញើ​របស់លោក កឹម សុខា តាមរយៈ​ម្តាយ​របស់​កញ្ញា គឺ​លោកស្រី តែ ចន្ទ​មនោ​។ ទាំងអស់នេះ គឺជា​ការលើកឡើង​រប​ស់ក​ញ្ញា កឹម មនោ​វិទ្យា នៅក្នុង​វេទិកាសាធារណៈ​មួយ លើទឹក​ដី​នៃ​សហរដ្ឋអាមេរិក នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧​។

​កញ្ញា កឹម មនោ​វិទ្យា ដែល​ក្លាយជា​តួអង្គ​លេចធ្លោ​មួយ​រូបក្នុង​ការតស៊ូ​មតិ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា បាន​អះអាង​ក្នុង​វេទិកាសាធារណៈ​ថា បើ​មានការ​ផ្តាំផ្ញើ​ពី​សហគមន៍​អន្តរជាតិ​ត្រឡប់​ទៅវិញ ឪពុក​របស់​កញ្ញា ក៏​អាច​ដឹងឮ​និង​ទទួលបាន​ព័ត៌មាន​ទាំង​នោះដែរ​។

​កញ្ញា កឹម មនោ​វិទ្យា ដែល​នៅតែ​ប្រើប្រាស់​តួនាទី​ជា​អគ្គនាយករង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​គាត់​ចង់​ផ្តាំផ្ញើ អ្វីដែល​គាត់​សុំ អ្វីដែល​គាត់​ទាមទារ ជាមួយ​អន្តរជាតិ គឺ​គាត់​ផ្ញើ​សារ​នោះ​ឲ្យ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ពាំ​នាំទៅ​ជម្រាប​ខាងគេ​។ បើ​គេ​មាន​សារ​អ្វី​ចង់​ផ្តាំផ្ញើ ត្រឡប់​ទៅ​គាត់ ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គេ​ផ្តាំផ្ញើ​តាមរយៈ​ខ្ញុំ​វិញ ហើយ​ខ្ញុំ​ពាំនាំ​ព័ត៌មាន​នោះ តាមរយៈ​ម្តាយ​ខ្ញុំ​ជូន ទៅ​គាត់​នៅក្នុង​ពន្ធនាគារ​។ អ៊ីចឹង គាត់​នៅ​ជាមួយ​បងប្អូន​រហូត​»​។ 

​មកដល់ពេលនេះ លោក កឹម សុខា បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​ជាង​៣​ខែ​ហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​អាច​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។ បច្ចុប្បន្ន សំណុំរឿង​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ កំពុងស្ថិត​ក្នុងតំណាក់កាល​នៃ​ការ​ស៊ើបសួរ ដោយ​មិនទាន់​ឈានទៅដល់​ការជំនុំជម្រះ​នោះទេ​។
អត្ថបទទាក់ទង

​ក្រោយ​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយចោល ក្រុម​អ្នកនយោបាយ​នៃ​គណបក្ស​នេះ ក៏​រត់ទៅរក​សហគម​ន៍​អន្តរជាតិ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​។ តំណាងរាស្ត្រ​និង​មន្ត្រីជាន់ខ្ពស់​ភាគច្រើន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​បន្តសកម្មភាព​នយោបាយ​នៅក្រៅ​ប្រទេស​។ ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ពួកគេ មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​បានទេ ចាប់ពីពេលនេះ​តទៅ រហូតដល់​៥​ឆ្នាំ​។ 

​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី នឹងធ្វើ​មហា​បាតុកម្ម ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ផ្សេងទៀត រួមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផងដែរ​។ ចំណែក ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក នឹង​យក​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៩ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​មហា​បាតុកម្ម នៅមុខ​សេត​វិមាន​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែម្តង ដោយ​មានបំណង​ដូចគ្នា​ទៅនឹង​ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​អូស្ត្រាលី​។

​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ហើយ​បន្ត​ឃុំ​លោក កឹម សុខា ក្នុង​ពន្ធនាគារ ធ្វើ​រដ្ឋាភិបាល​កម្ពុជា រង​ការព្រមាន​និង​ការ​ថ្កោលទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ សហរដ្ឋអាមេរិក បាន​ព្រមាន​មុនគេ ថា​នឹង​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត ហើយ​ប្រទេស​មហាអំណាច​មួយ​នេះ ក៏​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​ដែរ ប្រសិនបើ​រដ្ឋាភិបាល មិន​ដោះលែង​លោក កឹម សុខា និង​មិន​ព្រម​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​ឡើងវិញ​។

​យ៉ាងណាក៏ដោយ ការព្រមាន​ទាំងនោះ មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្លាស់ប្តូរ​គោលជំហរ​នោះទេ​។ រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហរ​ថា នឹង​បន្តធ្វើ​អ្វីដែល​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ដោយ​មិន​បារម្ភ​នឹង​ការដាក់​សម្ពាធ​ឬ​ទណ្ឌកម្ម​ណាមួយ ពី​សហគមន៍​អន្តរជាតិ​ឡើយ​៕
 

Tag:
 កឹម មនោ​វិទ្យា​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com