ពីនេះ ពីនោះ
ឈ្នាងត្រាំ ឧបករណ៍​នេសាទ​បែប​ប្រពៃណី​បុរាណ​
06, Dec 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​រូបភាព​នេះ គឺ​លោក ខាំ រ៉ាប និង​កូនប្រុស​របស់គាត់​កំពុង​សែង​ឈ្នាងត្រាំ​ទៅ​ដាក់​ក្នុង​ស្ទឹង​ក្រឡាញ់ នៅក្នុង​ភូមិ​អូរ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ ឈ្នាងត្រាំ​គឺជា​ឧបករណ៍​នេសាទ​បែប​ប្រពៃណី ធ្វើ​ពី​បន្ទះ​ឬ​ស្សី ដោយ​ដាក់​មែកឈើ​តូចៗ​ខាងក្នុង​ធ្វើជា​សម្រាស់​សម្រាប់​ទាក់ទាញ​ត្រី​ឲ្យ​ចូល​ជ្រក​។



ឈ្នាងត្រាំ មាន​ដង​ឬ​ស្សី​ពីរ​ប្រវែង​៦​ម៉ែត្រ​ជា​ទម្រ​តួរ​ឈ្នាង​ប្រវែង​ទទឹង ១.៥​ម៉ែត្រ និង​បណ្តោយ ២.៥​ម៉ែត្រ កម្ពស់​គូទ​ឈ្នាង​១.៤​ម៉ែត្រ និង មាន​កាំ​កាត់​ទទឹង​ដង​ទម្រ​មួយ​ប្រវែង​១.៥ ម៉ែត្រ សម្រាប់​កាន់​រុញ​-​អូស ទាញ ឈ្នាង​ចូលក្នុង​ទឹក ឬ​អូស​ចេញពី​ទឹក​។ ឧបករណ៍​នេសាទ​នេះ អ្នកនេសាទ​យកទៅដាក់​ចូល​តាំ​ក្នុង​ទឹក​តាម​ច្រាំងទន្លេ​ឬ​ស្ទឹង ដោយ​មានការ​កំណត់ពេល​អូស​ចេញពី​ទឹក ដើម្បី​ចាប់​ត្រី​ចម្រុះ​ដូចជា ត្រី​រៀល​តុ​ប (Gymnostomus siamensis)  ត្រី​រៀល​អង្កាម (Gymnostomus lobatus) ត្រី​ខ្នង​វែង (Labiobarbus leptocheilus)
​ត្រី​ឆ្ពិន (Barbonymus spp.) ត្រី​គល់​ព្រិច (Neolissochilus spp.)​ត្រី​ក្រុស (Poropuntius spp.) ត្រី​ខ្ជឹង (Mastacembelus spp.)

​។​ល​។ បច្ចុប្បន្ននេះ ឧបករណ៍​នេសាទ​បែប​ប្រពៃណី​បុរាណ​ជាច្រើន​ប្រភេទ ត្រូវបាន​គេបោះបង់​ចោល​ស្ទើរ​ទាំងស្រុង ព្រោះ ប្រសិទ្ធភាព​នៃ​ការចាប់​ត្រី​របស់​វា​បាន​តិចតួច​។ ជា​ជំនួស​វិញ ឧបករណ៍​នេសាទ​សម័យថ្មី ដែល​អាច​ចាប់​ត្រី​បាន​ច្រើន តែ​ក៏​ជា​បញ្ហា​ប្រឈម​សម្រាប់​ធនធាន​ជលផល​ផងដែរ ព្រោះតែ​ប្រសិទ្ធភាព​វា​ខ្ពស់​ពេក​។ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ការបាត់បង់​ទីជម្រក និង​ការកសាង​ទំនប់​វា​រី​អគ្គិសនី បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណើន​ត្រី ជាពិសេស​ត្រី​ធំៗ ដែលមាន​រស់នៅ​ច្រើន ក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​។ ការកាប់​ការដុត​បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ជា​ទង្វើ​នៃ​ការបំផ្លាញ​ទីជម្រក​មច្ឆជាតិ​។

(​អត្ថបទ​ដោយ Chhut Chheana and Chea Seila រូបភាព​ដោយ Chea Seila / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com