ពីនេះ ពីនោះ
ឈ្នាងត្រាំ ឧបករណ៍នេសាទបែបប្រពៃណីបុរាណ
× ក្នុងរូបភាពនេះ គឺលោក ខាំ រ៉ាប និងកូនប្រុសរបស់គាត់កំពុងសែងឈ្នាងត្រាំទៅដាក់ក្នុងស្ទឹងក្រឡាញ់ នៅក្នុងភូមិអូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ឈ្នាងត្រាំគឺជាឧបករណ៍នេសាទបែបប្រពៃណី ធ្វើពីបន្ទះឬស្សី ដោយដាក់មែកឈើតូចៗខាងក្នុងធ្វើជាសម្រាស់សម្រាប់ទាក់ទាញត្រីឲ្យចូលជ្រក។
ឈ្នាងត្រាំ មានដងឬស្សីពីរប្រវែង៦ម៉ែត្រជាទម្រតួរឈ្នាងប្រវែងទទឹង ១.៥ម៉ែត្រ និងបណ្តោយ ២.៥ម៉ែត្រ កម្ពស់គូទឈ្នាង១.៤ម៉ែត្រ និង មានកាំកាត់ទទឹងដងទម្រមួយប្រវែង១.៥ ម៉ែត្រ សម្រាប់កាន់រុញ-អូស ទាញ ឈ្នាងចូលក្នុងទឹក ឬអូសចេញពីទឹក។ ឧបករណ៍នេសាទនេះ អ្នកនេសាទយកទៅដាក់ចូលតាំក្នុងទឹកតាមច្រាំងទន្លេឬស្ទឹង ដោយមានការកំណត់ពេលអូសចេញពីទឹក ដើម្បីចាប់ត្រីចម្រុះដូចជា ត្រីរៀលតុប (Gymnostomus siamensis) ត្រីរៀលអង្កាម (Gymnostomus lobatus) ត្រីខ្នងវែង (Labiobarbus leptocheilus)
ត្រីឆ្ពិន (Barbonymus spp.) ត្រីគល់ព្រិច (Neolissochilus spp.)ត្រីក្រុស (Poropuntius spp.) ត្រីខ្ជឹង (Mastacembelus spp.)
។ល។ បច្ចុប្បន្ននេះ ឧបករណ៍នេសាទបែបប្រពៃណីបុរាណជាច្រើនប្រភេទ ត្រូវបានគេបោះបង់ចោលស្ទើរទាំងស្រុង ព្រោះ ប្រសិទ្ធភាពនៃការចាប់ត្រីរបស់វាបានតិចតួច។ ជាជំនួសវិញ ឧបករណ៍នេសាទសម័យថ្មី ដែលអាចចាប់ត្រីបានច្រើន តែក៏ជាបញ្ហាប្រឈមសម្រាប់ធនធានជលផលផងដែរ ព្រោះតែប្រសិទ្ធភាពវាខ្ពស់ពេក។ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ការបាត់បង់ទីជម្រក និងការកសាងទំនប់វារីអគ្គិសនី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនត្រី ជាពិសេសត្រីធំៗ ដែលមានរស់នៅច្រើន ក្នុងប្រព័ន្ធទន្លេមេគង្គ។ ការកាប់ការដុតបំផ្លាញព្រៃលិចទឹក ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ ជាទង្វើនៃការបំផ្លាញទីជម្រកមច្ឆជាតិ។
(អត្ថបទដោយ Chhut Chheana and Chea Seila រូបភាពដោយ Chea Seila / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com