កីឡាអន្តរជាតិ
អន្តរជាតិ
IOC ហាមរុស្ស៊ីចូលរួមអូឡាំពិកនៅកូរ៉េខាងត្បូង
× គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចហាមរុស្ស៊ីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលទីក្រុងព្យុងឆាង របស់កូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះជុំវិញរឿងអាស្រូវបន្លំលទ្ធផលធ្វើតេស្តរកសារធាតុហាមឃាត់។ មន្ត្រីកីឡាសំខាន់ៗរបស់រុស្ស៊ីត្រូវបានដាក់ពិន័យចំពោះកំហុសនេះ ប៉ុន្តែអត្តពលិករុស្ស៊ីដែលស្អាតស្អំ មានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដដែលក្រោមលក្ខខណ្ឌតឹងរ៉ឹងបំផុត។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៥ ខែធ្នូ បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនជុំវិញរឿងអាស្រូវប្រើប្រាស់សាធាតុហាមឃាត់ក្នុងចំណោមអត្តពលិករុស្ស៊ី។ ជាលទ្ធផល IOC រកឃើញភស្តុតាងបង្ហាញពីការបំភ្លៃជាប្រព័ន្ធពីសំណាក់រុស្ស៊ីពាក់ព័ន្ធការធ្វើតេស្តរកសារធាតុហាមឃាត់។ លទ្ធផលនេះ ត្រូវបានរកឃើញថាក្រុមស៊ើបអង្កេតពិសេសពីរក្រុម ដោយមួយក្រុមផ្ដោតលើអត្តពលិក និងមួយក្រុមទៀតស្វែងរកការពិតក្នុងចំណោមមន្ត្រីរុស្ស៊ី។
ក្នុងសេចក្ដីប្រកាសរបស់ស្ថាប័នអូឡាំពិកអន្តរជាតិ គណៈកម្មាធិការអូឡាំពិករុស្ស៊ីត្រូវហាមឃាត់ចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ នៅកូរ៉េខាងត្បូង។ ប៉ុន្តែក្នុងន័យផ្ដល់ឱកាសឲ្យអត្តពលិករុស្ស៊ីដែលគ្មានកំហុស គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្ដល់សិទ្ធិឲ្យអត្តពលិកទាំងនោះចូលរួមប្រកួតដោយប្រើប្រាស់ទង់អព្យាក្រិត ក្នុងករណីពួកគេឆ្លងកាត់លក្ខខណ្ឌតឹងរ៉ឹងដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។
ការចូលរួមប្រកួតក្រោមទង់អាព្យាក្រិតនេះមានន័យថា អត្តពលិករុស្ស៊ីទាំងអស់គ្មានសិទ្ធិចូលរួមកម្មវិធីបើកព្រឹត្តិការណ៍ឡើយ ហើយភ្លេងជាតិរុស្ស៊ីក៏មិនត្រូវបានបន្លឺដែរ បើអត្តពលិករុស្ស៊ីណាមួយឈ្នះមេដាយមាសនោះ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់អះអាងថា សេណារីយ៉ូបែបនេះ គឺជាប្រមាថដ៏ធំសម្រាប់រុស្ស៊ី។ ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ីត្រូវអស់សមាជិកភាពនៅ IOC ឯមន្ត្រីកីឡារុស្ស៊ីត្រូវហាមឃាត់ចូលរួមអូឡាំពិកមួយជីវិត។
ជាមួយគ្នានេះ IOC ក៏ពិន័យរុស្ស៊ីជាទឹកប្រាក់ចំនួន១៥លានដុល្លារ ដើម្បីទូទាត់ការចំណាយរបស់ក្រុមស៊ើបអង្កេតពិសេស ដែលធ្វើការរយៈពេល១៧ខែ ក៏ដូចជាសម្រាប់បង្កើតអាជ្ញាធរធ្វើតេស្តឯករាជ្យ (ITA)។ អាជ្ញាធរនេះនឹងទទួលខុសត្រូវលើការបង្កើតបញ្ជីឈ្មោះអត្តពលិករុស្ស៊ីស្អាតស្អំ ដែលត្រូវអញ្ជើញឲ្យចូលរួមកម្មវិធីនៅកូរ៉េខាងត្បូង ដែលចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង។
រឿងអាស្រូវនៃការបំភ្លៃលទ្ធផលបែកធ្លាយក្នុងឆ្នាំ២០១៦ មុនព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅប្រេស៊ីល។ របាយការណ៍របស់ Richard McLaren បង្ហាញថា អត្តពលិករុស្ស៊ីច្រើនជាង១ពាន់នាក់ក្នុងចំណោមកីឡាច្រើនជាង៣០ប្រភេទ ជាប់ពាក់ព័ន្ធក្នុងការបិទបាំងលទ្ធផលធ្វើតេស្តរកសាធាតុហាមឃាត់ក្នុងរយៈពេល៥ឆ្នាំ។ យ៉ាងណាក្ដី រុស្ស៊ីបានទាត់ចោលការចោទប្រកាន់លើការលូកដៃរបស់រដ្ឋាភិបាល តែសារភាពថា អត្តពលិកខ្លួនពិតជាបំពានច្បាប់ស្ដីពីការហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់៕
Tag:
IOC
រុស្ស៊ី
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com