ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ប្រាប់ឲ្យអាជីវករប្ដូរប្រាក់មកសុំច្បាប់អនុញ្ញាតមុនដាច់ឆ្នាំ
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសឲ្យអាជីវករប្ដូរប្រាក់មកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មប្ដូរប្រាក់ ឬសុំបន្តសុពលភាពឲ្យបានមុនបំណាច់ឆ្នាំ២០១៧ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ នៅថ្ងៃទី៤ខែវិច្ឆិកា។
ផ្អែកតាមប្រកាសរបស់ខ្លួនដែលចេញឆ្នាំ២០០៩ស្ដីពីការផ្ដល់អាជ្ញាបណ្ណ/លិខិតអនុញ្ញាតសម្រាប់អាជីវករប្ដូរប្រាក់ ធនាគារជាតិបានជូនដំណឹងដល់អាជីវករប្ដូរប្រាក់ទូទាំងប្រទេស ដែលគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ត្រូវដាក់ពាក្យសុំសិទ្ធពីធនាគារនេះ ឲ្យបានមុនបំណាច់ឆ្នាំ២០១៧ ។ ការជូនដំណឹងនេះអនុវត្តដូចគ្នាចំពោះអាជីវករប្ដូរប្រាក់ ដែលអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតរបស់ខ្លួនផុតសុពលភាព ផងដែរ។
សេចក្ដីជូនដំណឹងដដែលឲ្យដឹងថា ករណីអាជីវករប្ដូរប្រាក់ខកខានមិនបានអនុវត្តតាមខ្លឹមសារខាងលើ ធនាគារជាតិនឹងផាកពិន័យ ឬមានវិធានការសមស្រប តាមច្បាប់ជាធរមាន។
ការដាក់ពាក្យសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ត្រូវធ្វើនៅទីស្នាក់ការកណ្ដាលធនាគារជាតិ បើអាជីវករនៅភ្នំពេញ តែសម្រាប់អាជីវកនៅខេត្ត ត្រូវដាក់ពាក្យសុំនៅសាខាធនាគារជាតិក្នុងខេត្តរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com