កីឡាជាតិ
ជាតិ
ល្បុក្កតោ​បើក​ការប្រកួត​ជើងឯក​ប្រចាំឆ្នាំ ដើម្បី​បន្ត​ស្វែងរក​ធនធាន​ស៊ី​ហ្គេម​២០២៣
07, Dec 2017 , 9:57 am         3014
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៧​ដល់​ថ្ងៃទី​១១ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ដែលមាន​ការចូលរួម​ពី​កីឡាករ​-​កីឡាការិនី​ប្រមាណ​២០០​នាក់​មកពី​ក្លិប​ចំនួន​១៣ ក្នុង​ខេត្តកំពង់ឆ្នាំង កំពត តាកែវ សៀមរាប និង​ភ្នំពេញ​។ ការប្រកួត​ត្រូវធ្វើឡើង​នៅ​សាលដំបូលទូកនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។


​កីឡាករ និង​កីឡាការិនី​គុន​ល្បុក្កតោ​ចំនួន​២០០​នាក់​នឹង​ប្រកួតប្រជែង​គ្នា​យក​ជើងឯក​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​១១​ខែធ្នូ​ខាង​មុននេះ​។ នេះ គឺជា​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧​។



​ជាការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​មែន​។ ប៉ុន្តែ​ក៏​ជា​អ្វីដែល​ត្រូវ​សម្រិតសម្រាំង​ធនធានមនុស្ស និង​កម្រិត​បច្ចេកទេស​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុន​នោះដែរ​។  ប្រទេស​កម្ពុជា​សង្ឃឹមថា​នឹង​បញ្ចូល​កីឡា​គុន​ល្បុក្កតោ​ខ្មែរ​ទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ដែល​ត្រូវ​រៀបចំ​នៅក្នុង​ប្រទេស​កម្ពុជា​។

​រហូតមកដល់​ពេលនេះ ប្រទេស​ចំនួន​៤ គឺ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ហ្វីលីពីន បាន​ព្រមព្រៀង​ទទួលយក​កីឡា​គុន​ល្បុក្កតោ​នេះ​រួចហើយ ហើយ​ចាប់ពី​ឆ្នាំ​២០១៨​ខាងមុខនេះ ប្រទេស​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គែ​ម នឹង​ត្រៀម​អញ្ជើញ​ប្រទេស​ដទៃ​ក្នុង​អាស៊ាន​ឲ្យ​ទទួលយក​កីឡា​គុន​ល្បុក្កតោ​ខ្មែរ​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គែ​ម​ឆ្នាំ​២០២៣​ខាងមុខ​។



​លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​មានប្រសាសន៍ថា ចលនា​កីឡា​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក្នុងនោះ ក៏មាន​កីឡា​គុន​ល្បុក្កតោ​ខ្មែរ​ដែរ​។ សម្រាប់​លោក ច័ន្ទ សារុន​, ការប្រកួតប្រជែង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ គឺជា​ការប្រកួតប្រជែង​សម្រិតសម្រាំង​គុណភាព​កីឡាករ​ប្រចាំឆ្នាំ តែ​វា​ក៏​ជា​ប្រកួត​ដើម្បី​សម្រិតសម្រាំង​កីឡាករ​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា កីឡាករ កីឡាការិនី ហ្វឹក​ហ្វា​ត់​រួចហើយ​ត្រូវតែ​ប្រកួតប្រជែង ព្រោះ ការប្រកួតប្រជែង​ធ្វើ​ឲ្យ​ពួកគេ​បង្កើត​សមត្ថភាព​កាន់តែខ្លាំង​ជាង​មុន​។



​មិន​ខុសគ្នា​នឹង​គំនិត​លោក ច័ន្ទ សារុន ឡើយ​, លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បន្ថែមទៀតថា ការប្រកួតប្រជែង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ គឺជា​ការប្រកួតប្រជែង​វាយតម្លៃ​បច្ចេកទេស​កីឡាករ កីឡាការិនី​។ លោក ចំរើន បន្ថែមទៀតថា​៖«​ការប្រកួត​ថ្នាក់ជាតិ​នេះ គឺជា​ការបញ្ចេញ​សមត្ថភាព​កម្រិត​បច្ចេក​ទេស​ខ្ពស់បំផុត​»​។

​សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត ហើយ​ត្រូវបាន​ជ្រើសរើស​ជាប់​ជា​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ នឹង​ទទួលបាន​ប្រាក់រង្វាន់ និង​ប្រាក់​លើកទឹកចិត្ត​គួរ​ជាទី​គាប់ចិត្ត​៕



Tag:
 ល្បុក្កតោ​
  ស៊ី​ហ្គេម​២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1718next