អន្តរជាតិ
ព្រោះ​ពាក់​នាឡិកា​តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ ឧបនាយករដ្ឋមន្ត្រី​ថៃ​ត្រូវគេ​ប្តឹង​រឿង​ពុករលួយ
07, Dec 2017 , 11:16 am        
រូបភាព
រូបភាព The Nation
រូបភាព The Nation
 ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក Prawit Wongsuwan ត្រូវបាន សកម្មជន​នយោបាយ​ម្នាក់​ចោទប្រកាន់ថា លោក «​មានបាន​ខុស​ប្រក្រតី​» ដែល​វា​អាចពាក់ព័ន្ធ​ករណី​ពុករលួយ​ផង​។ ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្រោយ​គេ​ឃើញ​លោក​ពាក់​នាឡិកាដៃ​ដែលមាន​តម្លៃ​ជាង ៧ ម៉ឺន​ដុល្លារ​អាមេរិក​។



​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក Prawit Wongsuwan ត្រូវ​ប្រឈម​នឹង​ការប្រកាន់​ករណី​ពុករលួយ​សប្តាហ៍​នេះ ដោយសារ​គេ​មើលឃើញថា លោក​ស្រាប់​តែមាន​លុយ​មាន​កាក់​ច្រើន​ខុស​ប្រក្រតី​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក  Srisuwan Janya ដែលជា​អគ្គលេខាធិការ​នៃ​សមាគម​ការពារ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​បញ្ជាក់ថា លោក​នឹងដាក់​ញ្ញត្តិ​ទៅកាន់​គណៈកម្មការ​ជាតិ​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ស្នើ​ឲ្យ​អង្គភាព​នេះ​ស៊ើបអង្កេត​ករណី​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ក្លាយជា​អ្នកមាន​ខុស​ប្រក្រតី​។​

​តាមពិតទៅ ការសម្រេច​រៀបចំ​ញ្ញត្តិ​ប្តឹង​សុំ​ស៊ើបអង្កេត​ករណី​ពុករលួយ​នេះ ក៏​ដោយសារ​កាលពីដើម​សប្តាហ៍​នេះ លោក Prawit បាន​ពាក់​នាឡិកាដៃ​ម៉ាក Richard Mille ដែលមាន​តម្លៃ​ថ្លៃ​ហួស​ស្មាន​ដែលមាន​តម្លៃ ២,៦ លាន​បាត ឬ​ស្មើ ៧៧០០០​ដុល្លារ​នោះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដដែល លោក Srisuwan បាន​អះអាងថា លោក Prawit មិនបាន​ប្រកាសថា​ខ្លួន​មាន​នាឡិកា​ថ្លៃ​បែប​នេះឡើយ​ពេលដែល​លោក​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​កាលពី​ឆ្នាំ ២០១៤​នោះ​។ រាល់​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​មាន​កាតព្វកិច្ច​ប្រកាស​រាល់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ខ្លួន​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​។​

​កាលពី​ឆ្នាំ ២០១៤ លោក​បានប្រកាសថា លោក​មានទ្រព្យ​សម្បត្តិ​ទាំងអស់ ២,៥​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​លុយ​សុទ្ធ ១,៥​លាន​ដុល្លារ​ដ​ម្ក​ល់​ទុក​ក្នុង​ធនាគារ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក Prawit មិនបាន​បកស្រាយ​រឿង​នាឡិកា​ថ្លៃ​របស់ខ្លួន​ពេល​អ្នកសារព័ត៌មាន​សាកសួរ​រឿង​គេ​ចោទប្រកាន់​លោក​ឡើយ​។ ប៉ុន្តែ​លោក​បានបញ្ជាក់​ច្បាស់​ថា លោក​នឹង​បង្ហាញ​ឲ្យ​គេ​គ្រប់គ្នា​ឃើញថា​លោក​ស្អាតស្អំ​នៅពេលដែល​លោក​ចូលទៅ​បំ​ភ្លឹ​នៅ​គណៈកម្មការ​ប្រឆាំង​ពុករលួយ​៕


Tag:
 ថៃ​
  Prawit Wongsuwan
  ពុករលួយ​
  Srisuwan Janya
© រក្សាសិទ្ធិដោយ thmeythmey.com