អន្តរជាតិ
ព្រោះពាក់នាឡិកាតម្លៃជាង៧ម៉ឺនដុល្លារ ឧបនាយករដ្ឋមន្ត្រីថៃត្រូវគេប្តឹងរឿងពុករលួយ រូបភាព The Nation
× ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃលោក Prawit Wongsuwan ត្រូវបាន សកម្មជននយោបាយម្នាក់ចោទប្រកាន់ថា លោក «មានបានខុសប្រក្រតី» ដែលវាអាចពាក់ព័ន្ធករណីពុករលួយផង។ ការចោទប្រកាន់នេះធ្វើឡើងក្រោយគេឃើញលោកពាក់នាឡិកាដៃដែលមានតម្លៃជាង ៧ ម៉ឺនដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិថៃលោក Prawit Wongsuwan ត្រូវប្រឈមនឹងការប្រកាន់ករណីពុករលួយសប្តាហ៍នេះ ដោយសារគេមើលឃើញថា លោកស្រាប់តែមានលុយមានកាក់ច្រើនខុសប្រក្រតី។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Srisuwan Janya ដែលជាអគ្គលេខាធិការនៃសមាគមការពាររដ្ឋធម្មនុញ្ញថៃបានបញ្ជាក់ថា លោកនឹងដាក់ញ្ញត្តិទៅកាន់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បតិ៍ ដោយស្នើឲ្យអង្គភាពនេះស៊ើបអង្កេតករណីរដ្ឋមន្ត្រីការពារជាតិដែលក្លាយជាអ្នកមានខុសប្រក្រតី។
តាមពិតទៅ ការសម្រេចរៀបចំញ្ញត្តិប្តឹងសុំស៊ើបអង្កេតករណីពុករលួយនេះ ក៏ដោយសារកាលពីដើមសប្តាហ៍នេះ លោក Prawit បានពាក់នាឡិកាដៃម៉ាក Richard Mille ដែលមានតម្លៃថ្លៃហួសស្មានដែលមានតម្លៃ ២,៦ លានបាត ឬស្មើ ៧៧០០០ដុល្លារនោះ។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ដដែល លោក Srisuwan បានអះអាងថា លោក Prawit មិនបានប្រកាសថាខ្លួនមាននាឡិកាថ្លៃបែបនេះឡើយពេលដែលលោកប្រកាសទ្រព្យសម្បត្តិនៅគណៈកម្មការប្រឆាំងអំពើពុករលួយកាលពីឆ្នាំ ២០១៤នោះ។ រាល់សមាជិកគណៈរដ្ឋមន្ត្រីទាំងអស់មានកាតព្វកិច្ចប្រកាសរាល់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួនតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ។
កាលពីឆ្នាំ ២០១៤ លោកបានប្រកាសថា លោកមានទ្រព្យសម្បត្តិទាំងអស់ ២,៥លានដុល្លារអាមេរិក ក្នុងនោះមានលុយសុទ្ធ ១,៥លានដុល្លារដម្កល់ទុកក្នុងធនាគារ។
ពាក់ព័ន្ធបញ្ហានេះលោក Prawit មិនបានបកស្រាយរឿងនាឡិកាថ្លៃរបស់ខ្លួនពេលអ្នកសារព័ត៌មានសាកសួររឿងគេចោទប្រកាន់លោកឡើយ។ ប៉ុន្តែលោកបានបញ្ជាក់ច្បាស់ថា លោកនឹងបង្ហាញឲ្យគេគ្រប់គ្នាឃើញថាលោកស្អាតស្អំនៅពេលដែលលោកចូលទៅបំភ្លឹនៅគណៈកម្មការប្រឆាំងពុករលួយ៕
Tag:
ថៃ
Prawit Wongsuwan
ពុករលួយ
Srisuwan Janya
© រក្សាសិទ្ធិដោយ thmeythmey.com