ជាតិ
អនុប្រធាន គ.ជ.ប ថ្មី ប្តេជ្ញាបំពេញការងារតាមសតិសម្បជញ្ញៈ ដើម្បីប្រយោជន៍ជាតិ លោក នុត សុខុម អនុប្រធានថ្មីរបស់គ.ជ.ប ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ក្រោយររដ្ឋសភាបោះឆ្នោតទទួលស្គាល់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២0១៧
× ភ្នំពេញ៖ លោក នុត សុខុម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានក្លាយជាអនុប្រធានថ្មីនៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈការបោះឆ្នោតយល់ព្រមពីរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
ក្រោយចាកចេញពីកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា លោក នុត សុខុម ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្លាប់ធ្វើជាតំណាងរាស្ត្រផងនោះ បានប្រាប់ក្រុមអ្នកកាសែតថា ដើម្បីជាការតបស្នងសងគុណជូនជាតិមាតុភូមិ លោក នឹងបំពេញតួនាទីជាអនុប្រធានគ.ជ.ប ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន។ លោក នុត សុខុម បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំ មានតែការប្តេជ្ញាចិត្ត ខំប្រឹងប្រែងបំពេញភារកិច្ចក្នុងស្ថាប័នដ៏មានសារៈសំខាន់នេះ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិនិងប្រជារាស្ត្រ»។
ក្រៅពីលោក នុត សុខុម នៅមានសមាជិកគ.ជ.បថ្មីពីររូបទៀត គឺលោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងលោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃសាលាក្តីខ្មែរក្រហម ក៏ត្រូវបានរដ្ឋសភាបោះឆ្នោតទទួលស្គាល់ដែរ។ ការជ្រើសតាំងអ្នកទាំងបី ឲ្យធ្វើជាសមាជិកគ.ជ.បថ្មី គឺដើម្បីជំនួសលោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង មកពីអតីតគណបក្សសង្គ្រោះជាតិ ដែលបានលាលែង៕
Tag:
នុត សុខុម
គជប
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com