កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool លត់ Spartak Moscow ៧-០ ខណៈ Man City ស្គាល់​ចាញ់​លើកដំបូង​
07, Dec 2017 , 11:37 am        
រូបភាព
Liverpool បាន​យកឈ្នះ Spartak Moscow ៧-០ ដែល​ធ្វើបាន Hat-trick ដោយ Philippe Coutinho នា​ការប្រកួត​ពាន UEFA Champion League បាន​កៅអី​ទៅ​វគ្គ​១/៨ ផ្តាច់ព្រ័ត្រ​។ ដោយឡែក Manchester City ដែល​មិន​ធ្លាប់​ស្គាល់​ចាញ់​ចាប់តាំងពី​ដើមរដូវ​កាល​មក បាន​រង​បរាជ័យ​លើកដំបូង​ក្រោម​ថ្វៃ​ជើង​ក្រុម Shakhtar Donetsk ក្នុង​លទ្ធផល ២-១​។​



​ជ័យ​ជ​ន្នះ​ដល់​ទៅ​៧​គ្រាប់​នៅ​ទឹកដី Anfield បាន​នាំ​ឲ្យ Liverpool ក្លាយជា​ក្រុម​មក​អង់គ្លេស​ទី​៥ អាច​ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ពាន​លំដាប់​កំពូល​អឺរ៉ុប​។ ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp ក្រុម​រហស្សនាម​ហង្ស​ក្រហម​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​លើក​ទី​១​ដែរ ចាប់តាំងពី​រដូវ​កាល ២០០៨-២០០៩ មក​។​



​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល E ទាំង​៦​ប្រកួត ក្រុម​ម្ចាស់​ជើងឯក Champion League ៥​សម័យនេះ អាច​យកឈ្នះ​គូប្រកួត​ក្នុង​លទ្ធផល ៧-០ ចំនួន​២​លើក ដោយ​លើក​ទី​១​យកឈ្នះ​ក្នុងផ្ទះ​របស់ Maribor​។​



​ចំណែក​ក្រុម​មកពី​អង់់គ្លេស​មួយទៀត​គឺ Manchester City បាន​រង​ភាព​អា​មាស​លើកដំបូង​ក្រោយ​ចាញ់ Shakhtar Donetsk ២-១ ប៉ុន្តែ​នៅតែ​ឈរ​កំពូល​តារាង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល F ឡើងទៅ​វគ្គ​ខ្វែង​ដដែល​។ ២៨​ប្រកួត​តាំងពី​ដើមរដូវ​កាល ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Pep Guardiola មិនដែល​ទទួល​បរាជ័យ​ឡើយ​។​



​ក្រុម​មកពី​អង់គ្លេស​ទាំង​៥ រួមមាន Liverpool, Chelsea, Manchester City, Manchester United និង Tottenham Hotpur នឹងចូលរួម​ក្នុងការ​ចាប់ឆ្នោត​នៅ​ស្នាក់​ការ​កណ្តាល​របស់ UEFA ក្នុង​ទីក្រុង Nyon ប្រទេស​ស្វី​ស នា​ថ្ងៃ​ចន្ទ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧​។



១៦​ក្រុម​ដែល​ឡើងទៅ​វគ្គ​បន្តពាន Champion League រដូវ​កាល ២០១៧-២០១៨ រូ​ម​មាន​៖ Manchester United និង Basel (​ពូ​ល A), Paris Saint Germain និង Bayern Munich (​ពូ​ល B), Roma និង Chelsea (​ពូ​ល C), Barcelona និង Juventus (​ពូ​ល D), Liverpool និង Sevilla (​ពូ​ល E), Man City និង Shakhtar Donetsk (​ពូ​ល F), Besiktas និង FC Porto (​ពូ​ល G), Tottenham និង Real Madrid (​ពូ​ល H)​។​

​សម្រាប់​ក្រុម​ដែល​ធ្លាក់​ទៅលេង​នៅ Europa League មានដូចជា​៖
CSKA Moscow (​ពូ​ល A), Celtic (​ពូ​ល B), Atletico Madrid (​ពូ​ល C) Sporting CP (​ពូ​ល D), Spartak Moscow (​ពូ​ល E), SSC Napoli (​ពូ​ល F), RasenBallsport Leipzig (​ពូ​ល G), Borussia Dortmund (​ពូ​ល H)៕

-​លទ្ធផល​ប្រកួត​កាលពី​រាត្រី​ថ្ងៃ​ពុធ​៖
​ពូ​ល E
-Liverpool ៧-០ Spartak Moscow
-Maribor ១-១ Sevilla

​ពូ​ល F
-Feyenoord ២-១ SSC Napoli
-Shakhtar Donetsk ២-១ Manchester City

​ពូ​ល G
-FC Porto ៥-២ Monaco
-RasenBallsport Leipzig ១-២ Besiktas

​ពូ​ល H
Real Madrid ៣-២ Borussia Dortmund
Tottenham Hotspur ៣-០ APOEL Nicosia




Tag:
 ​បាល់ទាត់​
  UEFA Champion League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com