ជាតិ
លោក ផៃ ស៊ី​ផាន​៖​ការ​រឹតបន្តឹង​ទិដ្ឋាការ ជា​លក្ខខណ្ឌ​ដែល​អាមេរិក​សម្លាប់​ប្រជាធិបតេយ្យ​កម្ពុជា​
07, Dec 2017 , 12:02 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។ រូបថត AFP និង ThmeyThmey
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។ រូបថត AFP និង ThmeyThmey
​ភ្នំពេញ​៖ បញ្ហានយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅតែ​ស្ថិតក្នុង​ក្រសែភ្នែក​របស់​សហរដ្ឋ​អាមេរិក ដែល​ចាត់ទុកថា កម្ពុជា​កំពុង​ដើរ​ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​។ ដោយសារតែ​បញ្ហា​នេះ​អាមេរិក បានប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជាថ្មី ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ដោះស្រាយ​ស្ថានការណ៍​ទាំងនេះ ឲ្យ​វិលត្រឡប់​ទៅរក​ភាព​ដើម​វិញ​។ រដ្ឋាភិបាល​ចាត់ទុក លក្ខខណ្ឌ​របស់​អាមេរិក​នេះ គឺជា​ការសម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌​។​



​សហរដ្ឋអាមេរិក តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Heather Nauert បាន​វាយតម្លៃថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​សព្វថ្ងៃ កំពុងតែ​ដើរ​ផ្ទុយ​ពី​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​បញ្ចប់​នូវ​សោកនាដកម្ម​ជម្លោះ​ហិង្សា ហើយ​ព្រមព្រៀង​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​តាមបែប​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​រស់រាន​ឡើងវិញ​។ តាមរយៈ​សកម្មភាព​ទាំងនោះ ត្រូវបាន​អាមេរិក កត់សម្គាល់​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាម​សកម្មភាព​ថ្នាក់ដឹកនាំ​ធ្វើ​នយោបាយ​៥​ឆ្នាំ ,​ការឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​, ការ​រឹតត្បិត​សិទ្ធិសេរីភាព​សង្គម​ស៊ីវិល និង​ការកៀបសង្កត់​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ជាដើម​។​

​ជាមួយគ្នានេះ​អាមេរិក ប្រកាសរឹតបន្តឹងទិដ្ឋការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹកដី​អាមេរិក​ជាថ្មី ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ឲ្យ​មានការ​ដោះស្រាយ​ស្ថានការណ៍​ទាំងនេះ​។ ក្រសួងការបរទេស​អា​មេ​រិ​ក បាន​រំ​ឮ​ក​ពី​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​១៦ វិច្ឆិកា​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ឆ្លើយតប​ដោយផ្ទាល់​ចំពោះ​សកម្ម​ភាពជា​បន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ប្រឆាំង​លទ្ធិប្រជាធិបតេយ្យ​នោះ យើង​ប្រកាស​ឲ្យ​ក្រសួងការបរទេស​អាមេរិក នឹង​រឹតបន្តឹង​ទិ​ដ្ឋ​ការចេញ​-​ចូល​ទឹកដី​អាមេរិក ចំពោះ​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​ដំណើការ​ធ្វើ​ឲ្យ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទាំងអស់​។ នៅក្នុង​កាលៈទេសៈ​ជាក់ស្ដែង​នេះ សូម្បីតែ​សមាជិកគ្រួសារ​រប​ស់បុ​គ្គល​ទាំងនោះ ក៏​យើង​រឹត​ត្បិត​នូវ​ទិ​ដ្ឋា​ការ​ពួកគេ​ផងដែរ​»​។​

​តែ​យ៉ាងណា​ក្រសួងការបរទេស​អាមេរិក បានដាក់​លក្ខខណ្ឌ​ថា ដើម្បី​ទទួលបាន​ការលើកលែង​ទិ​ដ្ឋ​ការ​នេះ​វិញ រដ្ឋាភិបាល​ត្រូវ​បើកឱកាស​ឲ្យ​មាន​គណបក្សប្រឆាំង​ដ៏​ធំ​ឡើងវិញ ការដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​ក្រុម​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ អាច​បន្ត​សកម្ម​ពួកគេ​ឡើងវិញ ដែល​ទទួលបាន​ការការពា​រ​ក្រោម​រដ្ឋធម្មនុញ្ញ​។ «​តាមរយៈ​សកម្មភាព​រៀ​បរាប់​ខាងលើនេះ យើង​នឹង​អាច​ទទួលបាន​ការលើក​លែង​ទិ​ដ្ឋ​ការធ្វើដំណើរ​ដល់​មន្ត្រីរ​ដ្ឋា​ភិ​បាល​កម្ពុជា​វិញ ព្រមទាំង​ជំរុញ​ឲ្យ​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ ទទួលបាន​ភាពស្របច្បាប់​ទៀតផង​»​។ នេះ​ជាការ​ដាក់​លក្ខខណ្ឌ​រប​ស់​ក្រសួងការបរទេស​អាមេរិក ដែល​បាន​បន្ថែមថា អាមេរិក​នឹង​បន្ត​តាមដាន​សកម្មភាព​រប​ស់​រដ្ឋាភិបាល​កម្ពុជា ដែល​អម​ជាមួយ​ចំណាត់ការ​ចាំបាច់​បន្ថែម​ផងដែរ ខណៈដែល​អាមេរិក​កំពុង​បន្ត​រក្សា​ភាព​អត់ធ្មត់ និង​ទំនាក់ទំនង​ជិតស្និទ​ជាមួយ​ប្រជាជន​កម្ពុជា​។​

​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផាន បាន​និយាយថា សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​អាមេរិក គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​ពិភពលោក​ងឿងឆ្ងល់ អំពី​ការចូលរួម​របស់​អាមេរិក ក្នុង​កិច្ចពង្រឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​វា​ក៏​ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌​ផងដែរ​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន លោក ផៃ ស៊ី​ផាន បាន​សរសេរ​ដូច្នេះ​ថា​៖«​សេចក្តីថ្លែងការណ៍​នេះ បង្ហាញ​ពី​បំណង​ពិតប្រាកដ​បំផ្លាញ​ទំនាក់ទំនង​ល្អ រួមទាំង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​សហរ​ដ្ធ​អាមេរិក កម្ពុជា​។​រីឯ បង្ខំ​អោយ​កម្ពុជា​ប្រឆាំង​និង​តុលាការ​ប្រឆាំង និងរ​ដ្ធ​សភា គឺជា​ការប្រឆាំង និង​នីតិរ​ដ្ធ​តែប៉ុណ្ណោះ ផ្ទុយ​ពី​ឆន្ទៈ​កម្ពុជា ដែល​ប្រឺ​ង​ប្រែង​ព​ង្រឺ​ង​ជា​រៀងរាល់ថ្ងៃ​»​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ខ្វល់​ពី​រឿង​បិទ​ទិ​ដ្ឋ​ការ​អាមេរិក​នេះឡើយ ។ សម្ដេច​ធ្លាប់​ព្រលយ​សម្ដី​ថា ខ្លួន​មិនដែល​ចង់ទៅ​ជាន់​ទឹកដី​អាមេរិក​ម្ដងណា​ឡើយ​។ រដ្ឋាភិបាល​ក៏បាន​ឆ្លើយតប​ទៅ​រដ្ឋាភិបាល​អាមេរិក​វិញ ដោយ​ផ្អាក​សកម្មភាព​រុករក​អ​ទិ​ធាតុ​ទាហាន​អាមេរិក នៅក្នុង​ទឹកដី​កម្ពុជា ដែល​ស្លាប់​នៅក្នុង​ទស្សវត្ស ១៩៦០​ដល់​១៩៧០ កាលពី​សម័យ​សង្គ្រាម​វៀតណាម​ផងដែរ​។

​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​និយាយថា កម្ពុជា​មិន​ខ្វល់​ចំពោះ​បរទេស ដែល​មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ​៕

អត្ថបទទាក់ទង


Tag:
 ​អាមេរិក​
 ​ កម្ពុជា​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com