អន្តរជាតិ
សិង្ហ​បុរី​៖​អាស៊ីអាគ្នេយ៍ ត្រូវតែ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម
07, Dec 2017 , 2:04 pm         439
រូបភាព
​ប្រធាន​អាស៊ាន​ត្រៀម​កាន់តំណែង​សិង្ហ​បុរី បានបញ្ជាក់​ជាថ្មី​ថា សិង្ហ​បុរី នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​ភេរវកម្ម ដែលជា​ក្តីបារម្ភ​ផ្នែក​សន្តិសុខ​មួយ​ដ៏​ធំ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ អ្វីដែល​សិង្ហ​បុរី ព្រួយបារម្ភ​ខ្លាំង​នោះ​គឺ ក្រុម​ភេ​វរជន ដែល​កំពុង​ចុះខ្សោយ​នៅ​តំបន់​មជ្ឈិមបូព៌ា ហើយ​យក​អាស៊ីអាគ្នេយ៍​ជា​មូលដ្ឋាន​ថ្មី​របស់​ពួកគេ ដ្បិត​តំបន់​នេះ ក៏មាន​ក្រុម​ឧទ្ទាម​ជ្រុលនិយម​មួយចំនួន​ស្រាប់​នោះ ។


​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan ពេល​ផ្ត​ល់ប​ឋ​កថា​ស្តីពី​អាស៊ាន ៥០​ឆ្នាំ នៅ​ថ្ងៃ​៥ ធ្នូ បាន​លើកឡើងថា ប្រទេស​អាស៊ីអាគ្នេយ៍ ត្រូវតែ​ចូលរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម ដែល​កំពុងតែ​តាំង​មូលដ្ឋាន​នៅក្នុង​តំបន់​ដែល​រួមមាន​ទាំង​នៅក្នុង​រដ្ឋ​Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ថៃ​បាងកក​ប៉ុ​ស្ត៍ ។

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ការចុះ​ខ្សោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង Marawi ដោយ​ឧទ្ទាម​ប្រដាប់អាវុធ​ដែលមាន​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ពីក្រោយ​នោះ បាននិងកំពុង​តែ​បង្កើតជា​ក្តីបារម្ភ​ថ្មី​មួយ ហើយ​សម្រាប់​តំបន់​មួយ​នេះ ។​

​សូម​ជម្រាប​ផងដែរ​ថា សិង្ហ​បុរី នឹងត្រូវ​កាន់តំណែង​ប្រធាន​អាស៊ាន​ប្តូរ​វេន ចាប់ពី​ថ្ងៃទី​០១ មករា ឆ្នាំ ២០១៨​តទៅ ។ តាមពិត​ការលើកឡើង​ពី​បញ្ហា​ភេ​វរ​កម្ម ត្រូវបាន​បញ្ជា​ក់ដោយ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ម្តង​រួចហើយ នៅពេល​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ទទួល​ញញួរ​ប្រធាន​អាស៊ាន​ពី​ប្រមុខរដ្ឋ​ហ្វីលីពីន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​រដ្ឋធានី ម៉ានីល ។

​អ្វី​គួរកត់សម្គាល់​ជាមួយនឹង​ការលើកឡើង​របស់​ប្រមុខ​ការទូត​សិង្ហ​បុរី​នោះ គឺ ជា​រឿង​មួយ ដែល​មិនអាច​ប្រកែក​បាន តំបន់​អាស៊ីអាគ្នេយ៍ ក៏​អាច​ធ្លាក់ចូល​ជា​តំបន់​មាន​ភាពផុយស្រួយ​មួយ​ផងដែរ​សម្រាប់​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​ចូលមក​តាំង​មូលដ្ឋាន ។ នោះ​ក៏​ព្រោះតែ​ប្រទេសមួយ​ចំនួន​របស់​អាស៊ាន នៅតែ​បន្ត​មានការ​រំខាន​ពី​ក្រុម​ឧទ្ទាម​ក្នុងស្រុក ដែល​រួមមាន​ទាំង​នៅ​ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ថៃ និង​ហ្វីលីពីន ៕

Tag:
 អាស៊ាន​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next