អន្តរជាតិ
ការកាត់ទោស​អ្នក​ស​សេរ​ប្លុក​ឲ្យ​ជាប់ពន្ធនាគារ​បង្ហាញថា​រដ្ឋាភិបាល​វៀត​ណា​មធុ​ញ​ទ្រាន់​នឹង​ការរិះគន់​ពី​អំពើ​ស៊ីសំណូក និង​អ​សមត្ថ​កិ​ច្ច
07, Dec 2017 , 7:59 pm         3105
រូបភាព
ដោយ: VOA
​តែ​ប៉ិ ៖ កាលពី​ចុងខែ​វិច្ឆិកា សាលាឧទ្ធរណ៍​របស់​ប្រទេស​វៀតណាម​បាន​តម្កល់​ទោស​ជាប់ពន្ធនាគារ ១០​ឆ្នាំ​សម្រាប់​អ្នកសរសេរ​ប្លុក (blogger) ម្នាក់ ឈ្មោះ Nguyen Ngoc Nhu Quynh ដែល​ប្រើ​ឈ្មោះ Mother Mushroom ក្នុងការ​ស​សេរ​ប្លុក​របស់​អ្នកស្រី​។ អ្នកស្រី Quynh បាន​បង្ហោះ​សារ​ចំនួន ១៨ នៅលើ​បណ្តាញ​សង្គម Facebook ដែល​អាច​ចាត់ទុកថា​ជាការ​ឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាល​។ នេះ​ជាការ​សម្រេច​របស់​តុលាការ​ជាន់​ទាប​នៅក្នុង​អំឡុងពេល​ជំនុំ​ជម្រះក្តី​ចំនួន​មួយថ្ងៃ កាលពី​ខែមិថុនា​កន្លងទៅនេះ​។​


​លោក Trung Nguyen ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ សង្គមសាស្ត្រ​និង​មនុស្សសាស្ត្រ​ទីក្រុង​ហូជីមិញ​បាន​ថ្លែងថា​៖

«​ខ្ញុំ​គិតថា​ការដាក់ទោស​អ្នក​ស​សេរ​ប្លុក​នេះ​ឲ្យ​ជាប់ពន្ធនាគារ គឺមាន​គោលបំណង​គំរាមកំហែង​ទៅលើ​អ្នក​ស​សេរ​ប្លុក​ដទៃទៀត​។ ខ្ញុំ​គិតថា រដ្ឋាភិបាល​ចង់​បន្លាច​អ្នក​ស​សេរ​ប្លុក​ដទៃទៀត​។ ប្រសិនបើ​ពួកគេ​នៅតែ​បន្តស​សេរ​ប្លុក​ប្រឆាំងនឹង​រដ្ឋាភិបាល ពួកគេ​នឹង​ជួបប្រទះ​ផលវិបាក​ធ្ងន់ធ្ងរ​ជាទីបំផុត​»​។​

​អ្នកជំនាញ​នានា​បាន​និយាយថា ការចាប់ខ្លួន​ជា​បន្តបន្ទាប់​យ៉ាងហោចណាស់​ចាប់តាំងពី​ឆ្នាំ ២០១៦​មកនេះ បានបង្ហាញ​ពី​ភាព​រសើប​របស់​រដ្ឋាភិបាល​វៀតណាម​ចំពោះ ទស្សនៈ​របស់​សាធារណជន​អំពី​អំពើ​ស៊ីសំណូក និង​បញ្ហា​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​។ ក៏ប៉ុន្តែ អ្នកខ្លះ​ទៀត​បាន​និយាយថា ការរិះគន់​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ប្រហែល​នៅ​ទីបំផុត​អាច​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់រូប​ដឹកនាំ​រដ្ឋាភិបាល​ដែល​ស្អាតស្អំ​ជាង​មុន​។​

​ការចាត់វិធានការ​បំបាត់​ដោយ​មិនមាន​ការត្រួតត្រា​

​ប្រទេស​វៀតណាម​ខ្វះ​កិច្ចខិតខំ​ប្រឹងប្រែង​ទៅលើ​ការត្រួតត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បើ​ប្រៀបធៀប​ទៅនឹង​កម្រិត​របស់​ប្រទេស​ចិន បើទោះបីជា​ប្រទេស​ទាំងពីរ​គឺជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​ដែលមាន​ការគ្រប់គ្រង​បែប​ឯក​បក្ស​ក៏ដោយ​។ ខុសពី​ប្រទេស​ចិន ប្រទេស​វៀតណាម​មិនបាន​ដាក់​កំហិត​ចំពោះ​វិ​ប​សាយ​ណាមួយ​នោះទេ ហើយក៏​មិនបាន​បិទ​បណ្តាញ​ផ្សព្វផ្សាយ​របស់​សង្គម​បរទេស ដូចជា​បណ្តាញ​សង្គម Facebook នោះដែរ​។​

​ក៏ប៉ុន្តែ អាជ្ញាធរ​ប្រទេស​វៀតណាម​តាមឃ្លាំមើល​ខ្លឹមសារ​នៃ​អត្ថបទ ឬក៏​សារ​ដែល​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ណា​ដែល​ធ្វើការ​ឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​ទង្វើ​បែបនេះ​ចាត់ទុកថា​ជាការ​បំពាន​ទៅលើ​ក្រមព្រហ្មទណ្ឌ​។​

​កាលពី​ខែមិថុនា​កន្លងទៅនេះ ក្រសួង​សន្តិសុខ​សាធារណៈ​បានស្នើ​ឲ្យ​មានច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cybersecurity) ដើម្បី​ផ្តល់​អំណាច​បន្ថែមទៀត​ដល់​អាជ្ញាធរ​ក្នុងការ​គ្រប់គ្រង​ទៅលើ​ខ្លឹមសារ​ដែល​ត្រូវបាន​គេ​ហាមឃាត់ និង​សកម្មភាព​នានា​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​ម្ចាស់​ហាង​អ៊ីនធឺណិត​ដែលមាន​ប្រជាប្រិយភាព​នានា​នៅក្នុង​ប្រទេស​វៀតណាម ត្រូវបាន​តម្រូវ​ឲ្យ​ដំឡើង​កម្មវិធី​តាមដាន​សកម្មភាព​ប្រើប្រាស់​នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ និង តម្រូវ​ឲ្យ​អតិថិជន​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ឲ្យ​អ្នកស៊ើប​អង្កេត​អាច​ពិនិត្យ​បាន​។​

​លោក Carl Thayer សាស្ត្រាចារ្យ​ឯកទេស​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សកលវិទ្យា​ល័យ New South Wales ក្នុងប្រទេស​អូស្ត្រាលី​បាន​ថ្លែងថា​៖ «​ប្រទេស​វៀតណាម​កំពុងតែ​ចាត់វិធានការ​នានា និង​អនុម័ត​ច្បាប់​គ្រប់គ្រង​លើ​សន្តិសុខ​អ៊ីនធឺណិត ហើយ​និង​ដាក់​កំហិត​ទៅលើ​ហាង​កា​ហ្វ​អ៊ីនធឺណិត​នានា​ឲ្យ​តាមដាន​ប្រជាពលរដ្ឋ​។ ដូច្នេះហើយ អ្វីៗ​ត្រូវបាន​រឹតបន្តឹង​កាន់តែខ្លាំង​ឡើង​»​។​

​អ្នក​ស​សេរ​ប្លុក​រកឃើញ​រឿង​ដែល​គួរ​ឲ្យ​សង្ស័យ​


​អំពើពុករលួយ និង​ទស្សនៈ​អំពី​បញ្ហា​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​បានក្លាយ​ទៅជា​បញ្ហា​ព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​ទូទៅ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហូជីមិញ​ម្នាក់​។ កិច្ចសន្យា​ដីធ្លី និង​កិច្ចព្រមព្រៀង​ទិញ​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ ក៏ដូចជា​ការផាកពិន័យ​ចរាចរណ៍ គឺអាច​បង្ក​ឲ្យ​មាន​អំពើពុករលួយ​កើតឡើង​បាន​។​

​អង្គការ​តម្លាភាព​អន្តរជាតិ ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់កម្រៃ​មួយ ដែល​តាមដាន​អំពើពុករលួយ​ជុំវិញ​ពិភពលោក បានដាក់​ចំណាត់ថ្នាក់​ប្រទេស​វៀតណាម​ជា​ប្រទេស​ទី ១១៣ ដែលមាន​អំពើពុករលួយ​អាក្រក់​បំផុត ក្នុងចំណោម​ប្រទេស​និង​តំបន់​ចំនួន ១៧៦ ដែល​ខ្លួន​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំមុន​។​

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​នានា​ជឿជាក់ថា អ្នកស្រី Quynh បានក្លាយ​ទៅជា​អ្នក​ស​សេរ​ប្លុក​ដែល​ល្បីល្បាញ ហើយ​បា​នស​សេរ​អំពី​ទស្សនៈ​ទាក់ទិន​នឹង​រឿង​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​ឲ្យ​បានល្អ​អំពី​បញ្ហា​បង្ហូរ​សារធាតុ​គីមី​ដែលមាន​ជាតិពុល​កាលពី​ឆ្នាំមុន​។​

​សាកសព​ត្រី​ប្រមាណ​ជាង ៨០ តោន ដែល​បាន​អណ្តែត​មក​ទើ​នៅលើ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន​បួន នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​កាលពី​ខែមេសា ឆ្នាំ​២០១៦ បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ឧស្សាហកម្ម​នេសាទ​។ កាលពី ខែមិថុនា ក្រុមហ៊ុន​តៃវ៉ាន់​ឈ្មោះ Formosa Ha Tin Steel បានទទួល​ខុសត្រូវ​ចំ​ពោះ​ការបង្ហូរ​កាកសំណល់​ឧស្សាហកម្ម​ដែលមាន​ជាតិពុល​ទៅក្នុង​សមុទ្រ​។ ក្រុមហ៊ុន​នេះ​បាន​យល់ព្រម​បង់ប្រាក់​ពិន័យ​ចំនួន ៥០០ លាន​ដុល្លា​អាមេរិក​សម្រាប់​ការលាង​សម្អាត​សមុទ្រ​ឡើងវិញ​។​

​លោក Thayer  បាន​បន្ថែមថា បើ​គិត​ត្រឹម​ខែវិច្ឆិកា​ឆ្នាំនេះ យ៉ាងហោចណាស់​មាន​ជន​ជាតិ​វៀតណាម ដែលជា​អ្នក​ស​សេរ​ប្លុក និង​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​១៦​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន​។​

​អ្នកខ្លះ​ទៀត​បាន​រិះគន់​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​អំពី​រយៈពេល​ក្នុងការ​ដោះស្រាយ​បញ្ហា​បង្ហូរ​សារជាតិ​ពុល​នេះ និង​អំពី​កម្រិត​នៃ​សំណង​ដែល​ផ្តល់​ដល់​ប្រជាពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​ការនេសាទ​ត្រី​ក្នុង​តំបន់​ដែល​ត្រូវបាន​បំពុល​នេះ​។​

​លោក Thayer  បាន​ថ្លែងបន្តថា កាលពី​ឆ្នាំមុន អាជ្ញាធរ​ប្រទេស​វៀតណាម​បាន​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន ២១ នាក់​។ អង្ក​ការឃ្លាំមើល​សិទ្ធិមនុស្ស (Human Riths Watch) ក៏បាន​កត់ត្រា​ហេតុការណ៍​ចំនួន ៣៦​ករណី​ទាក់ទិន​នឹង​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​មួយចំនួន ដែល​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល វាយដំ​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ស​សេរ​ប្លុក​នានា ដែល​កើតឡើង​នៅ​ចន្លោះ​ខែមករា ឆ្នាំ​២០១៥ និង​ខែមេសា​ឆ្នាំ ២០១៧​នេះ​។​

​លោក Trung Nguyen បាន​និយាយថា ហានិភ័យ​នៃ​ការចាប់ខ្លួន​កំពុងតែ​កើនឡើង​ចំពោះ​អ្នកល្បីឈ្មោះ​ខាង​ប្រឆាំងនឹង​គោលនយោបាយ​រដ្ឋាភិបាល​។​

​កាលពី​ចុងខែ​វិច្ឆិកា​នេះ​ផងដែរ តុលាការ​បានដាក់​ទោស​លោក Nguyen Van Hoa  ដែលជា​អ្នក​ស​សេរ​ប្លុក និង​ជា​អ្នកសារព័ត៌មាន​វ័យ ២២​ឆ្នាំ​ឲ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ និង​ជាប់​ការ​ឃុំឃាំង​នៅក្នុង​ផ្ទះ​ចំនួន​៣​ឆ្នាំ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ដែលថា លោក​បាន​ផ្សព្វផ្សាយ​ការឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​ករណី​អ្នក​ស​សេរ​ប្លុក​ឈ្មោះ Mother Mushroom

​អ្នកស្រី Quynh ដែលមាន​ប្លុក​ខ្លួនឯង​ផ្ទាល់ និង​ដែល​ស​សេរ​អត្ថបទ​ឲ្យ​គេហទំព័រ​របស់​ពលរ​ដ្ឋ​វៀតណាម​នៅក្រៅ​ប្រទេស ជារឿយៗ ស​សេរ​អំពី​បញ្ហា​សិទ្ធិមនុស្ស «​ដែល​ផ្តោតទៅលើ​ករណី​ស្លាប់​ជាច្រើន​របស់​អ្នក​ដែល​ស្ថិតក្នុង​ការឃុំ​ឃាំង​រប​ស់​ប៉ូលិស​នៅក្នុង​ប្រទេស​វៀតណាម​»​។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​អង្គការ​គណៈកម្មាធិការ​ការពារ​អ្នកកាសែត​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​។​

​សកម្មជន​វ័យ ៣៨​ឆ្នាំ​រូបនេះ ក៏បាន​ស​សេរ​អំពី​ការ​រឹបអូស​ដីធ្លី និង​សេរីភាព​ក្នុងការ​បញ្ចេញមតិ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅក្នុង​សេចក្តីប្រកាស​របស់ខ្លួន ដែល​បានចេញ​ផ្សាយ​កាលពី​ចុងខែ​វិច្ឆិកា​កន្លងទៅនេះ​។ អ្នកស្រី​ធ្លាប់​ត្រូវបាន​គេ​ដាក់ទោស​ឲ្យ​ជាប់ឃុំ​ឃាំង​ឲ្យ​នៅតែ​ផ្ទះ​រួចមកហើយ​។​

​អ្នកស្រី Quynh បាន​និយាយ​នៅក្នុង​អំឡុងពេល​ជំនុំ​ជម្រះក្តី​ថា អ្នកស្រី​មិនមាន​ទោស​ទេ ។​

​តើ​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មែន​ទេ​?

​លោក Dustin Daugherty សមាជិក​ជាន់ខ្ពស់​ផ្នែក​ដំណើរការ​បច្ចេកវិទ្យា​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Dezan Shira & Associates នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម បាន​ថ្លែងថា ជាជាង​ធ្វើការ​ត្រួតត្រា​ទៅលើ​ប្លុក និង​បណ្តាញ​សង្គម​ឲ្យ​រឹតតែ​តឹងរឹង​ឡើង​នោះ រដ្ឋាភិបាល​វៀតណាម​បានបង្ហាញ​សញ្ញាណ​ពី​ការទទួលយក​ការជំទាស់​ក្នុង​កម្រិត​តិចតួច​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​ប្រហែលជា​មិន​ដាក់ទោស​លើ​ការរិះគន់​ណា​ដែល​ពិតប្រាកដ ក្នុងន័យ​ស្ថាបនា និង មិន​ទាក់ទិន​នឹង​នយោបាយ​ពេក​នោះទេ​។ នៅ​ទីបំផុត អាជ្ញាធរ​ប្រហែលជា​ធ្វើ​សកម្មភាព​សម្អាត​អំពើពុករលួយ​។ វា​ប្រាកដជា​មានការ​លំបាក​ក្នុងការ​បង្កើត​គោលនយោបាយ​ត្រួតត្រា​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​បាន​ទូលំទូលាយ​ដូច​ប្រទេស​ចិន​។​

​លោក Daugherty បាន​ថ្លែងថា​៖

«​ពួកគេ​អាច​ព្យាយាម​តាមដាន​បណ្តាញ​សង្គម Facebook ហើយ​ចាប់ខ្លួន​ពលរដ្ឋ​សម្រាប់​រឿង​តូចតាច ក៏ប៉ុន្តែ​ការធ្វើ​បែបនេះ​គឺ​មិន​ទំនង​នោះទេ​។ ខ្ញុំ​គិតថា សម្ពាធ​ទៅលើ​ការបញ្ចប់​អំពើពុករលួយ​នឹង​ជំរុញ​ឲ្យ​ពួកគេ​ធ្វើ​ល្អ និង​ដើម្បី​ឲ្យ​គេ​មើលឃើញថា​ពួកគេ​ធ្វើការ​ងារ​ល្អ​នឹង​ទទួលបាន​ការគោរព​ពី​សាធារណជន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next