ជាតិ
សិល្បះ
តើ​ខ្លឹមសារ​ចម្រៀង​ច្រៀង​បែបណា ដែល​អាច​នៅ​ឋិតថេរ​យូរអង្វែង​?
08, Dec 2017 , 2:35 pm         12751
រូបភាព
ដោយ: ថ្មីៗ
​ស្ទើរតែ​គ្រប់​បទ​ចម្រៀង​ដែល​ផលិត​នៅពេល​បច្ចុប្បន្ន ត្រូវគេ​សង្កេតឃើញថា​មិនមាន​តម្លៃ​ស្ថិត​បានយូរ ដូច​បទ​តាំងពី​ជំនាន់​ដើមឡើយ​។ ដោយ​មិន​រាប់បញ្ចូល​ពី​ទឹកដម​សំឡេង​របស់​អ្នកចម្រៀង លោក យ៉ាន់ បូ​រិន្ទ អតីត​សាស្ត្រាចារ្យ​ស្មូត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គត់​សម្គាល់ថា ទំនុក​ចម្រៀង​បច្ចុប្បន្ន​បាត់​សោភណភាព និង​ខ្វះ​រូបារម្មណ៍​។ សម្រាប់ លោក យ៉ាន់ បូ​រិន្ទ ខ្លឹមសារ​ចម្រៀង​ដែលមាន​តម្លៃ និង​អាច​នៅ​ឋិតថេរ​បានយូរ​អង្វែង គឺ​ចាំបាច់​ត្រូវមាន​ធាតុ​សំខាន់ៗ​ចំនួន​៣ គឺ​សច្ចធម៌ គុណធម៌ និង​សោភ័ណភាព​។


​ដើម្បី​លើកស្ទួយ​វប្បធម៌​ខ្មែរ ការ​តែង​និពន្ធ និង​កាត់បន្ថយ​ការ​ជា​លួច​ស្នាដៃ​ចម្រៀង​ពី​បរទេស ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​រៀបចំ​ប្រកួតប្រជែង​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី ដែលមាន​លក្ខណៈ​ជា​ខ្មែរ​។ ការប្រកួត​នេះ ចាប់ផ្តើម​ទទួល​ពាក្យ និង​ស្នាដៃ​ចូលរួម ចាប់ពី​ថ្ងៃទី ១​ខែធ្នូ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​។



​លោក យ៉ាន់ បូ​រិន្ទ អតីត​សាស្ត្រាចារ្យ​ស្មូត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មការ​កំណែ​ផ្នែក​ទំនុកច្រៀង​នៅក្នុង​ការប្រកួត​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ខ្លឹមសារ​ចម្រៀង​ដែលមាន​តម្លៃ និង​អាច​នៅ​ឋិតថេរ​បានយូរ​អង្វែង គឺ​ចាំបាច់​ត្រូវមាន​ធាតុ​សំខាន់ៗ​៣ គឺ​ទី​១​សច្ចធម៌ ទី​២​គុណធម៌ និង​ទី​៣ សោភ័ណភាព​។ 

​លោក យ៉ាន់ បូ​រិន្ទបញ្ជាក់ដូច្នេះ៖




​សមាជិក​គណៈកម្មការ​កំណែ​រូបនេះ បញ្ជាក់ទៀតថា បេក្ខជន នឹង​ទទួល​ពិន្ទុ​បាន​ច្រើន​ពី​គណៈកម្មការ ប្រសិនបើ​ខ្លឹមសារ​ទំនុកច្រៀង​របស់ខ្លួន មាន​ចំណុច​គោល​ទាំង​៣​នេះ បូកផ្សំ​លក្ខខណ្ឌ​ដទៃទៀត ដែល​តម្រូវ​ថា​ទំនុកច្រៀង​ដែល​ចូលរួម​ប្រកួត ត្រូវមាន​ខ្លឹមសារ​បម្រើការ​អប់រំ​ស្មារតី​កូន​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់ និង​អភិរក្ស​សម្បត្តិ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​មាន​ពាក្យពេចន៍​រំលេច រណ្តំ​ចិត្ត​ទៀត​នោះ​។

​សូមជម្រាបថា ស្នាដៃ​ជ័យលាភី​នៅក្នុង​ការប្រកួត​នេះ នឹងត្រូវ​ឡើង​ទទួល​រង្វាន់ នៅ​ថ្ងៃទី ៣​មីនា ឆ្នាំ​២០១៨ ដែលជា​ទិវា​វប្បធម៌​ជាតិ លើក​ទី​២០ ក្រោម​អធិបតី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ លើសពីនេះ ក៏​នឹង​ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត​ពី​ក្រសួង​វប្បធម៌​ផងដែរ ក្នុងនោះ​ជ័យលាភី​លេខ​១ ទទួលបាន​ទឹកប្រាក់​៥​លាន​រៀល លេខ​២ ៤​លាន​រៀល លេខ​៣ ចំនួន​៣​លាន​រៀល និង​ស្នាដៃ ៣ ផ្សេងទៀត ក៏ត្រូវ​ជ្រើសរើស​សម្រាប់​ទទួល​ប្រាក់​លើកទឹកចិត្ត ក្នុង​ម្នាក់ៗ​/​ក្រុម ចំនួន​២​លាន​រៀល​ផងដែរ​។ រីឯ​ស្នាដៃ​ទំនុកច្រៀង​និង​បទ​ភ្លេង​ដែល​ទទួល​ចំណាត់ថ្នាក់ ក្រសួង​នឹង​យកមក​ផលិត​ជា CD និង VCD ដោយ​រក្សា​សិទ្ធិ​សីលធម៌​ជូន​បេក្ខជន ប៉ុន្តែ​សិទ្ធិ​បេតិកភណ្ឌ​ជា​សិទ្ធិផ្តាច់មុខ​របស់​ក្រសួង​វប្បធម៌​។

​បេក្ខជន​ដែលមាន​បំណង​ចូលរួម​ប្រកួត ត្រូវបំពេញ​ពាក្យសុំ​ចូលរួម​ប្រកួត​ជាមុនសិន​។ ពាក្យ​ស្នើ​អាច​ទាញ​យកបាន​ពី​តំណ​ភ្ជាប់​នេះ KhmerCultureMinistry រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អ៊ី​ម៉ែ​ល khmer.musical.composition@gmail.com ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី     ពិនិត្យឃើញថា​បេក្ខជន បាន​បំពេញបែបបទ​ត្រឹមត្រូវ​ហើយ​នោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត នឹង​ឆ្លើយតប​ទៅកាន់​បេក្ខជន​វិញ តាម​អ៊ី​ម៉ែ​ល ឬ​ប្រអប់​សារ​ដែល​បេក្ខជន​ផ្ញើមក​។​

​បេក្ខជន​ដែល​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត ត្រូវ​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ក្រសួង ដើម្បី​ទទួលបាន​គោលការណ៍​ណែនាំ​លម្អិត ពី​លក្ខខណ្ឌ និង​នីតិវិធី​ក្នុងការ​ប្រកួត​។ បើតាម​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បេក្ខជន​អាច​និពន្ធ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​ក្រុម  ដោយ​ត្រូវ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ចំនួន​២​បទ  ដែលជា​ស្នាដៃ​និពន្ធ​ថ្មី និង​មាន​លក្ខណៈ​ជាតិ ហើយ​បេក្ខជន អាច​ជ្រើសរើស​ចង្វា​ក់ដោយ​សេរី លើកលែងតែ​ចង្វាក់​រ៉េ​ប​។

​ចំពោះ​ខ្លឹមសារ​នៃ​ទំនុកច្រៀង ត្រូវ​បម្រើ​ការអប់រំ​ស្មារតី​កូន​ខ្មែរ ឲ្យ​ចេះ​ស្រឡាញ់ ចេះ​អភិរក្ស​សម្បត្តិ​វប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និង​ភាពល្អប្រសើរ នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​បង្កប់​នូវ​រូប​បារ​ម្មណ៍​ល្អ មាន​ភាព​ទាក់ទាញ មាន​ពាក្យពេចន៍​រំលេច រណ្តំ​ចិត្ត និង​ខ្លឹមសារ​ប្រកបដោយ​គុណធម៌ សច្ចភាព និង​ការអប់រំ​បម្រើ​សង្គម​។

​បេក្ខជន ត្រូវ​ថត​ទំនុកភ្លេង​(​អ័គ​កា​ដង់​) និង​ទំនុកច្រៀង រួច​ផ្ញើ​មកកាន់​គណៈកម្មការ​រៀបចំ​ការប្រកួត តាមរយៈ​អាសយដ្ឋាន​អ៊ី​ម៉ែ​ល khmer.musical.composition@gmail.com  ឬ​ផ្ញើ​ទៅកាន់​ប្រអប់​សារ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/

​ក្នុងករណី​បេក្ខជន ពុំមាន​លទ្ធភាព​ប្រើប្រាស់​តាម​ប្រពន្ធ​បច្ចេកវិទ្យា សូម​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រប់​រាជធានី​/​ខេត្ត​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨ ៕

Tag:
 យ៉ាន់ បូ​រិន្ទ​
 ​ ចម្រៀង​
 ​ បទ​ភ្លេង​
 ​ វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next