ជាតិ
សិល្បះ
តើខ្លឹមសារចម្រៀងច្រៀងបែបណា ដែលអាចនៅឋិតថេរយូរអង្វែង?
× ស្ទើរតែគ្រប់បទចម្រៀងដែលផលិតនៅពេលបច្ចុប្បន្ន ត្រូវគេសង្កេតឃើញថាមិនមានតម្លៃស្ថិតបានយូរ ដូចបទតាំងពីជំនាន់ដើមឡើយ។ ដោយមិនរាប់បញ្ចូលពីទឹកដមសំឡេងរបស់អ្នកចម្រៀង លោក យ៉ាន់ បូរិន្ទ អតីតសាស្ត្រាចារ្យស្មូតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គត់សម្គាល់ថា ទំនុកចម្រៀងបច្ចុប្បន្នបាត់សោភណភាព និងខ្វះរូបារម្មណ៍។ សម្រាប់ លោក យ៉ាន់ បូរិន្ទ ខ្លឹមសារចម្រៀងដែលមានតម្លៃ និងអាចនៅឋិតថេរបានយូរអង្វែង គឺចាំបាច់ត្រូវមានធាតុសំខាន់ៗចំនួន៣ គឺសច្ចធម៌ គុណធម៌ និងសោភ័ណភាព។
ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ការតែងនិពន្ធ និងកាត់បន្ថយការជាលួចស្នាដៃចម្រៀងពីបរទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដែលមានលក្ខណៈជាខ្មែរ។ ការប្រកួតនេះ ចាប់ផ្តើមទទួលពាក្យ និងស្នាដៃចូលរួម ចាប់ពីថ្ងៃទី ១ខែធ្នូ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
លោក យ៉ាន់ បូរិន្ទ អតីតសាស្ត្រាចារ្យស្មូតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកគណៈកម្មការកំណែផ្នែកទំនុកច្រៀងនៅក្នុងការប្រកួតនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ខ្លឹមសារចម្រៀងដែលមានតម្លៃ និងអាចនៅឋិតថេរបានយូរអង្វែង គឺចាំបាច់ត្រូវមានធាតុសំខាន់ៗ៣ គឺទី១សច្ចធម៌ ទី២គុណធម៌ និងទី៣ សោភ័ណភាព។
លោក យ៉ាន់ បូរិន្ទបញ្ជាក់ដូច្នេះ៖
សមាជិកគណៈកម្មការកំណែរូបនេះ បញ្ជាក់ទៀតថា បេក្ខជន នឹងទទួលពិន្ទុបានច្រើនពីគណៈកម្មការ ប្រសិនបើខ្លឹមសារទំនុកច្រៀងរបស់ខ្លួន មានចំណុចគោលទាំង៣នេះ បូកផ្សំលក្ខខណ្ឌដទៃទៀត ដែលតម្រូវថាទំនុកច្រៀងដែលចូលរួមប្រកួត ត្រូវមានខ្លឹមសារបម្រើការអប់រំស្មារតីកូនខ្មែរឲ្យចេះស្រឡាញ់ និងអភិរក្សសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងមានពាក្យពេចន៍រំលេច រណ្តំចិត្តទៀតនោះ។
សូមជម្រាបថា ស្នាដៃជ័យលាភីនៅក្នុងការប្រកួតនេះ នឹងត្រូវឡើងទទួលរង្វាន់ នៅថ្ងៃទី ៣មីនា ឆ្នាំ២០១៨ ដែលជាទិវាវប្បធម៌ជាតិ លើកទី២០ ក្រោមអធិបតីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លើសពីនេះ ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តពីក្រសួងវប្បធម៌ផងដែរ ក្នុងនោះជ័យលាភីលេខ១ ទទួលបានទឹកប្រាក់៥លានរៀល លេខ២ ៤លានរៀល លេខ៣ ចំនួន៣លានរៀល និងស្នាដៃ ៣ ផ្សេងទៀត ក៏ត្រូវជ្រើសរើសសម្រាប់ទទួលប្រាក់លើកទឹកចិត្ត ក្នុងម្នាក់ៗ/ក្រុម ចំនួន២លានរៀលផងដែរ។ រីឯស្នាដៃទំនុកច្រៀងនិងបទភ្លេងដែលទទួលចំណាត់ថ្នាក់ ក្រសួងនឹងយកមកផលិតជា CD និង VCD ដោយរក្សាសិទ្ធិសីលធម៌ជូនបេក្ខជន ប៉ុន្តែសិទ្ធិបេតិកភណ្ឌជាសិទ្ធិផ្តាច់មុខរបស់ក្រសួងវប្បធម៌។
បេក្ខជនដែលមានបំណងចូលរួមប្រកួត ត្រូវបំពេញពាក្យសុំចូលរួមប្រកួតជាមុនសិន។ ពាក្យស្នើអាចទាញយកបានពីតំណភ្ជាប់នេះ KhmerCultureMinistry រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអ៊ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី ពិនិត្យឃើញថាបេក្ខជន បានបំពេញបែបបទត្រឹមត្រូវហើយនោះ គណៈកម្មការរៀបចំការប្រកួត នឹងឆ្លើយតបទៅកាន់បេក្ខជនវិញ តាមអ៊ីម៉ែល ឬប្រអប់សារដែលបេក្ខជនផ្ញើមក។
បេក្ខជនដែលទទួលបានសិទ្ធិចូលរួមប្រកួត ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីទទួលបានគោលការណ៍ណែនាំលម្អិត ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការប្រកួត។ បើតាមគណៈកម្មការរៀបចំការប្រកួតបេក្ខជនអាចនិពន្ធជាលក្ខណៈបុគ្គល ឬជាក្រុម ដោយត្រូវនិពន្ធបទភ្លេង និងទំនុកច្រៀងចំនួន២បទ ដែលជាស្នាដៃនិពន្ធថ្មី និងមានលក្ខណៈជាតិ ហើយបេក្ខជន អាចជ្រើសរើសចង្វាក់ដោយសេរី លើកលែងតែចង្វាក់រ៉េប។
ចំពោះខ្លឹមសារនៃទំនុកច្រៀង ត្រូវបម្រើការអប់រំស្មារតីកូនខ្មែរ ឲ្យចេះស្រឡាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និងភាពល្អប្រសើរ នៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលបង្កប់នូវរូបបារម្មណ៍ល្អ មានភាពទាក់ទាញ មានពាក្យពេចន៍រំលេច រណ្តំចិត្ត និងខ្លឹមសារប្រកបដោយគុណធម៌ សច្ចភាព និងការអប់រំបម្រើសង្គម។
បេក្ខជន ត្រូវថតទំនុកភ្លេង(អ័គកាដង់) និងទំនុកច្រៀង រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអាសយដ្ឋានអ៊ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។
ក្នុងករណីបេក្ខជន ពុំមានលទ្ធភាពប្រើប្រាស់តាមប្រពន្ធបច្ចេកវិទ្យា សូមទំនាក់ទំនងជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រាជធានី/ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ០១៦ ២២២ ៩២០ និង ០១១ ៥៧៥ ៧៦៨ ៕
Tag:
យ៉ាន់ បូរិន្ទ
ចម្រៀង
បទភ្លេង
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com