អន្តរជាតិ
លោក ពូ​ទីន ប្រកាស​ឈរឈ្មោះ​ជាថ្មី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ខែមីនា​ឆ្នាំក្រោយ​
07, Dec 2017 , 3:38 pm        
រូបភាព
​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ថ្ងៃ​ពុធ​ទី ៦ ថា​លោក​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយនេះ​។ គេ​ដឹងថា វា​មាន​ភាគរយ​ច្រើន​ដែល​លោកពូ​ទីន នឹង​បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ ៦​ឆ្នាំ​ទៅមុខទៀត​នោះ ហើយ​សរុបទៅ លោក​នឹង​កាន់តំណែង​ច្រើនជាង ២៤​ឆ្នាំ​បើ​រាប់ទាំង​ធ្វើជា​នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​ផង ។​



​ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ផលិត​រថយន្ត​រុស្ស៊ី GAZ នា​ថ្ងៃ​ពុធ​ទី ៦ ខែធ្នូ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាសថា លោក​នឹង​បន្ត​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ខែមីនា​ខាងមុខ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Sputnik បាន​ផ្សាយ​ថា ដើមឡើយ​ពេល​ជួប​ជាមួយ​បណ្តា​បុគ្គលិក​ក្រុមហ៊ុន​លោក ពូ​ទីន ត្រឹម​ប្រកាសថា លោក​នឹង​សម្រេចចិត្ត​ឆាប់ៗ​នេះ ពាក់ព័ន្ធ​នឹង​ការចូលរួម​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​ឬ​អត់​នោះ​។ ប៉ុន្តែ​លោក​សុខចិត្ត​ប្រកាសថា​លោក​ចូលរួម​ប្រកួតប្រជែង​នយោបាយ​តែម្តង នៅពេលដែល​បុគ្គលិក​ម្នាក់​បាន​ទទូច​សុំ​ឲ្យ​លោក​ប្រកាស​ពី​ការសម្រេចចិត្ត​នេះ​ភ្លាម​។​

«​ថ្ងៃនេះ​លោក​ត្រូវបាន​ស្នើ​ឲ្យ​ប្រកាសថា​លោក​នឹង​បន្ត​ឈរឈ្មោះ​ទៀត​ឬ​អត់ ហើយ​លោក​បាន​និយាយថា លោក​នឹង​ឈរឈ្មោះ​បើសិនជា​ប្រជាជន​គាំទ្រ​នោះ​។ យើងទាំងអស់គ្នា​នៅទីនេះ​គាំទ្រ​លោក​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ​»​។ នេះ​ជាស​ម្តី​របស់​បុគ្គលិក​ក្រុមហ៊ុន GAZ ដែល​សួរ​លោកពូ​ទីន​។
 
​ឆ្លើយ​តប​នឹង​សម្តី​របស់​បុគ្គ​លិកក្រុមហ៊ុន​ខាងលើ លោក ពូ​ទីន បាន​លើកឡើងថា​៖« វា​ប្រហែលជា​គ្មាន​កន្លែង​ណា​ប្រសើរ​ជាង​នេះឡើយ ហើយ​វា​ក៏​គ្មាន​ហេតុផល​ណា​ផ្សេងទៀត​ដែរ​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​របស់​អ្នក​ចំពោះ​រូបខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​ឈរឈ្មោះ​ធ្វើជា​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី​ទៀត​»​។​

​ភ្លាមៗ​ក្រោយ​លោក ពូ​ទីន ប្រកាសថា​លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ឆ្នាំក្រោយ ទូរទស្សន៍​រដ្ឋ​បានចេញ​ផ្សាយ​កម្មវិធី​ព័ត៌មាន​ពាក់ព័ន្ធ​ការប្រកាស​បេក្ខភាព​នេះ ហើយ​បាន​ហៅ​ឱកាស​នេះ​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថែមទៀត​។ ចំណែក​គណបក្ស​រួម​រួម​រុស្ស៊ី​ដែលជា​បក្ស​កាន់អំណាច​នោះ បានចេញ​សេចក្តីថ្លែងការណ៍​ថា គណបក្ស​ទាំងមូល​គាំទ្រ​លោក ពូ​ទីន ក្នុង​ការបន្ត​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ដែរ​។

​សហព័ន្ធរុស្ស៊ី​នឹង​ចាប់ផ្តើម​បោះឆ្នោត​រើស​ប្រធានាធិបតី​នៅ​ខែមីនា​ឆ្នាំ ២០១៨ ហើយ​ភាគរយ​ច្រើន​ដែល​លោក ពូ​ទីន នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ ៦​ឆ្នាំ​ទៅមុខទៀត​នោះ​។ យ៉ាងណាក៏ដោយ​លោក ពូ​ទីន កន្លងមក​បាន​អះអាងថា លោក​មិន​ជំរុញ​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ឈរឈ្មោះ​ជា​ប្រធានាធិបតី​គ្មាន​ពេល​កំណត់​ឡើយ​។​

បច្ចុប្បន្ននេះ​មេដឹកនាំ​គណបក្សប្រឆាំង​លោក Alexei Navalny បន្ត​ដឹកនាំ​ការឃោសនា​ន​ទៅ​ទូទាំងប្រទេស ទោះបីជា​រង​សម្ពាធ​ពី​អាជ្ញាធរ​។ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រុស្ស៊ី​អះអាងថា មេដឹកនាំ​គណបក្សប្រឆាំង​ខាងលើ​មិនអាច​ឈរឈ្មោះ​បានឡើយ​ដោយសារ​គេ​ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​បទល្មើស​ពុករលួយ​៕


Tag:
 ​វ៉ា្ល​ឌី​មៀ ពូ​ទីន​
  រុស្ស៊ី​
  GAZ
© រក្សាសិទ្ធិដោយ thmeythmey.com