អន្តរជាតិ
លោក ពូទីន ប្រកាសឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនាឆ្នាំក្រោយ
× ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថ្ងៃពុធទី ៦ ថាលោកនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនេះ។ គេដឹងថា វាមានភាគរយច្រើនដែលលោកពូទីន នឹងបន្តជាប់ឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិ ៦ឆ្នាំទៅមុខទៀតនោះ ហើយសរុបទៅ លោកនឹងកាន់តំណែងច្រើនជាង ២៤ឆ្នាំបើរាប់ទាំងធ្វើជានាយករដ្ឋមន្ត្រីនិងប្រធានាធិបតីផង ។
ក្នុងពេលជួបសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី GAZ នាថ្ងៃពុធទី ៦ ខែធ្នូ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា លោកនឹងបន្តចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៅខែមីនាខាងមុខ។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយថា ដើមឡើយពេលជួបជាមួយបណ្តាបុគ្គលិកក្រុមហ៊ុនលោក ពូទីន ត្រឹមប្រកាសថា លោកនឹងសម្រេចចិត្តឆាប់ៗនេះ ពាក់ព័ន្ធនឹងការចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីឬអត់នោះ។ ប៉ុន្តែលោកសុខចិត្តប្រកាសថាលោកចូលរួមប្រកួតប្រជែងនយោបាយតែម្តង នៅពេលដែលបុគ្គលិកម្នាក់បានទទូចសុំឲ្យលោកប្រកាសពីការសម្រេចចិត្តនេះភ្លាម។
«ថ្ងៃនេះលោកត្រូវបានស្នើឲ្យប្រកាសថាលោកនឹងបន្តឈរឈ្មោះទៀតឬអត់ ហើយលោកបាននិយាយថា លោកនឹងឈរឈ្មោះបើសិនជាប្រជាជនគាំទ្រនោះ។ យើងទាំងអស់គ្នានៅទីនេះគាំទ្រលោកដោយគ្មានលក្ខខណ្ឌឡើយ»។ នេះជាសម្តីរបស់បុគ្គលិកក្រុមហ៊ុន GAZ ដែលសួរលោកពូទីន។
ឆ្លើយតបនឹងសម្តីរបស់បុគ្គលិកក្រុមហ៊ុនខាងលើ លោក ពូទីន បានលើកឡើងថា៖« វាប្រហែលជាគ្មានកន្លែងណាប្រសើរជាងនេះឡើយ ហើយវាក៏គ្មានហេតុផលណាផ្សេងទៀតដែរ។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់អ្នកចំពោះរូបខ្ញុំ ហើយខ្ញុំនឹងបន្តឈរឈ្មោះធ្វើជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីទៀត»។
ភ្លាមៗក្រោយលោក ពូទីន ប្រកាសថាលោកនឹងឈរឈ្មោះជាប្រធានាធិបតីឆ្នាំក្រោយ ទូរទស្សន៍រដ្ឋបានចេញផ្សាយកម្មវិធីព័ត៌មានពាក់ព័ន្ធការប្រកាសបេក្ខភាពនេះ ហើយបានហៅឱកាសនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថែមទៀត។ ចំណែកគណបក្សរួមរួមរុស្ស៊ីដែលជាបក្សកាន់អំណាចនោះ បានចេញសេចក្តីថ្លែងការណ៍ថា គណបក្សទាំងមូលគាំទ្រលោក ពូទីន ក្នុងការបន្តឈរឈ្មោះជាប្រធានាធិបតីដែរ។
សហព័ន្ធរុស្ស៊ីនឹងចាប់ផ្តើមបោះឆ្នោតរើសប្រធានាធិបតីនៅខែមីនាឆ្នាំ ២០១៨ ហើយភាគរយច្រើនដែលលោក ពូទីន នឹងជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិ ៦ឆ្នាំទៅមុខទៀតនោះ។ យ៉ាងណាក៏ដោយលោក ពូទីន កន្លងមកបានអះអាងថា លោកមិនជំរុញឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យលោកឈរឈ្មោះជាប្រធានាធិបតីគ្មានពេលកំណត់ឡើយ។
បច្ចុប្បន្ននេះមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny បន្តដឹកនាំការឃោសនានទៅទូទាំងប្រទេស ទោះបីជារងសម្ពាធពីអាជ្ញាធរ។ គណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ីអះអាងថា មេដឹកនាំគណបក្សប្រឆាំងខាងលើមិនអាចឈរឈ្មោះបានឡើយដោយសារគេត្រូវបានកាត់ទោសពាក់ព័ន្ធបទល្មើសពុករលួយ៕
Tag:
វ៉ា្លឌីមៀ ពូទីន
រុស្ស៊ី
GAZ
© រក្សាសិទ្ធិដោយ thmeythmey.com