អន្តរជាតិ
សង្គ្រាម​ឧបទ្វីប​កូរ៉េ​? កូរ៉េខាងជើង​ថា សំណួរ​ពេលនេះ​គឺ​សង្គ្រាម​នឹង​ផ្ទុះ​ពេលណា​?
07, Dec 2017 , 7:19 pm        
រូបភាព
​កូរ៉េខាងជើង​បាន​បរិ​ហារ​សមយុទ្ធ​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​កំពុង​ធ្វើ​នៅ​ឧបទ្វីប​កូរ៉េ និង​សម្ដី​របស់​មន្ត្រី​អាមេរិក​ដែល​លើកឡើង​ពី​លទ្ធភាព​ដែល​សង្គ្រាម​អាច​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​មិន​ចប់​មិនចេះហើយ​របស់​អាមេរិក​ជាការ​ដុត​កម្ដៅ​សង្គ្រាម​នុយក្លេអ៊ែរ ដែល​អាមេរិក​នឹង​ទទួលផល​សង​វិញ​មិន​ខាន​។ មន្ត្រី​ក្រុង​ព្យុងយ៉ាង​អះអាងថា កូរ៉េខាងជើង​មិន​ត្រូវការ​សង្គ្រាម​ឡើយ តែ​ក៏​មិន​បោះបង់​ការត្រៀមខ្លួន​ធ្វើសង្គ្រាម​ដែរ​។​



​ពេលនេះ អាមេរិក និង​កូរ៉េខាងត្បូង កំពុង​ធ្វើ​សមយុទ្ធ​ដែនអាកាស​ទ្រង់ទ្រាយ​ធំ ដែលមាន​វត្តមាន​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង ដែល​ជាការ​សម្ញែង​អានុភាព​ដាក់​កូរ៉េខាងជើង​ផង និង​ពង្រឹងសមត្ថភាព​យោធា​ផង​។ ស្របគ្នា​នោះ មន្ត្រី​អាមេរិក​នៅឯ​ក្រុង​វ៉ា​ស៊ិន​តោន​ឯណោះ នាំគ្នា​ក៏​បន្ទរ​ជា​បន្តបន្ទាប់​ថា ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ឈានទៅរក​សង្គ្រាម ហើយ​អាមេរិក​គួរ​ជម្លៀស​ប្រជាជន​ខ្លួន​ឲ្យ​ហើយ​។​

​ក្នុង​វិចារណកថា​ចុះផ្សាយ​លើ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​រិះគន់​សមយុទ្ធ​ជាច្រើនលើក​របស់​អាមេរិក ដែល​បាន​បង្កើតជា​ស្ថាន​ភាពមិនច្បាស់លាស់​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​មន្ត្រី​អាមេរិក​ដែល​លើកឡើង​ពី​លទ្ធភាព​នៃ​ការផ្ទុះ​សង្គ្រាម​នៅ​កូរ៉េ​ដែរ​។ អ្នកនាំពាក្យ​ដដែល​បន្តថា ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ការផ្ទុះ​សង្គ្រាម​កូរ៉េ​គឺជា​ការពិត ហើយ​សំណួរ​ចុងក្រោយ គឺ​សង្គ្រាម​ផ្ទុះ​នៅពេលណា​ប៉ុណ្ណោះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​ខណៈដែល​សមយុទ្ធ​រួមគ្នា​កំពុង​រៀបចំ​នៅ​កូរ៉េខាងត្បូង មន្ត្រី​ក្រុង​វ៉ា​ស៊ិន​តោន​ក៏បាន​ធ្វើសង្គ្រាម​វោហារសាស្ត្រ​ដែរ​។ កាលពី​ចុង​សប្ដាហ៍​មុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H.R. McMaster ព្រមាន​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ឧបទ្វីប​កូរ៉េ​កំពុង​ដើរ​ទៅរក​សង្គ្រាម​ហើយ​។ ឯ​សមាជិក​ព្រឹទ្ធសភា​អាមេរិក Lindsey Graham ក៏​ស្នើ​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​អាមេរិក​ពី​កូរ៉េខាងត្បូង​ដែរ​។ កូរ៉េខាងជើង​ចាត់ទុក​សម្ដី​ទាំងនេះ ជាការ​ព្រមាន ដែល​ចាំបាច់​ត្រូវ​ឆ្លើយ​វិញ​។​

​អ្នកនាំពាក្យ​ក្រសួង​បរទេស​ខាងលើ​អះអាងថា​៖ «​សម្ដី​របស់​មន្ត្រី​អាមេរិក ព្រម​គ្នា​នឹង​សមយុទ្ធ​រួមគ្នា​រវាង​ក្រុង​វ៉ា​ស៊ិន​តោន និង​ក្រុង​សេ​អ៊ូ​ល បង្ហាញថា អាមេរិក​កំពុង​ដើរ​មួយ​ជំហាន​ម្ដងៗ​ដើម្បី​បង្ក​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។​» យ៉ាងណាមិញ កូរ៉េខាងជើង​មិន​មានបំណង​ធ្វើសង្គ្រាម​អ្វី​ដែរ តែ​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ធ្វើសង្គ្រាម ក្នុងករណី​អាមេរិក​ចង់​សាកល្បង​ការអត់ធ្មត់​របស់​កូរ៉េខាងជើង​។ ក្រុង​ព្យុងយ៉ាង​ក៏បាន​ប្រាប់​ឲ្យ​អាមេរិក​រៀប​អាកប្បកិរិយា​ឲ្យ​សមរម្យ បើ​មិន​ចង់​មាន​ភ្លើង​ដុត​ខ្លួនឯង​ទេនោះ​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កូរ៉េខាងជើង​ផ្ញើ​សារ​គំរាម​ឆ្លើយតប​សមយុទ្ធ​រួម​របស់​អាមេរិក និង​កូរ៉េខាងត្បូង​។ ក្រុង​ព្យុងយ៉ាង​តែង​ប្រតិកម្ម​រាល់ពេល​ដែល​ក្រុង​វ៉ា​ស៊ិន​តោន​ប្រកាស​រៀបចំ​សមយុទ្ធ​ម្ដងៗ​នោះ និង​ចាត់ទុកជា​ការប្រុងប្រៀប​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដើម្បី​ឈ្លានពាន​ទឹកដី​ខ្លួន​ទៀតផង​។ ដោយសារតែ​ការឆ្លើយ​ឆ្លង​ពាក្យសម្ដី សហគមន៍​អន្តរជាតិ​ព្រួ​បារម្ភ​យ៉ាងខ្លាំង ព្រោះ​គេ​មិន​ងាយ​ស្មានចិត្ត​ទាំង​លោក ដូ​ណា​ល់ ត្រាំ ទាំង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com