ជាតិ
ការថតរូប​ទ្រង់ទ្រាយ​ធំ​ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ​ដែល​អង្គរ​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
07, Dec 2017 , 7:39 pm        
រូបភាព
«ពិធីហាត់សមថតរូបទ្រង់ទ្រាយធំនៅអង្គរវត្ត នាថ្ងៃទី៦ ខែធ្នូ»។
«ពិធីហាត់សមថតរូបទ្រង់ទ្រាយធំនៅអង្គរវត្ត នាថ្ងៃទី៦ ខែធ្នូ»។
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប មន្ទីរ អង្គភាព វិស័យ​ឯកជន នឹង​រៀបចំ​ពិធី​ថតរូប​ទ្រង់ទ្រាយ​ធំ​មួយ នៅ​វាលស្មៅ​ក្តារបែន​នៃ​ប្រាសាទអង្គរវត្ត​។ ពិធី​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ៣០០០​នាក់​។



​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការថតរូប​ទ្រង់ទ្រាយ​ធំ​នេះ នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​៨ ខែធ្នូ នៅ​ចំណុច​វាលស្មៅ​ក្នុង​កំពែង​ទី​៤ ឬ​ត្រង់​ក្តារបែន នៃ​ប្រាសាទអង្គរវត្ត​។ ពិធី​នេះ​ធ្វើឡើង ក្នុង​បំណង​ដើម្បី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​



​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​បន្ថែមថា ពិធី​នេះ​គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ៣០០០​នាក់ ដើម្បី​ថតរូប​ទ្រង់ទ្រាយ​ធំ បំណង​ផ្សព្វផ្សាយ​ពី​មោទនភាព​ជាតិខ្មែរ និង​លើកកម្ពស់​តម្លៃ បេតិកភណ្ឌ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​កម្ពុជា​ដែលជា​ព្រលឹង​ជាតិ​។​

​ជាមួយគ្នានេះ​ផងដែរ ដើម្បីឱ្យ​ការថតរូប​ប្រព្រឹត្តិ​ទៅដោយ​រលូន អាជ្ញាធរ​ជាតិ​អប្សរា នឹង​បិទ​បរិវេណ​ទស្សនា​មួយចំនួន​ក្នុង​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃទី​៨ ចាប់ពី​ម៉ោង ១២​ថ្ងៃត្រង់ ដល់​ម៉ោង ៥​និង​៣០​នាទី​រសៀល​។ អាជ្ញាធរ​ជាតិ​អប្សរា សុំឱ្យ​ស្ថាប័ន និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ មគ្គុទ្ទេសក៍​ជាដើម ចូលរួម​សហការ និង​ជ្រាប​ពី​ព័ត៌មាន​នេះ​៕


Tag:
 អង្គរវត្ត​
  បេតិកភណ្ឌ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com