កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហ​បុរី​ដកហូត​សញ្ជាតិ​ពី​បុរស​ម៉ាលី​ម្នាក់ ដោយសារ​ជាប់​ពាក់ព័ន្ធ​លើ​ការកំណត់​លទ្ធផល​បាល់ទាត់​
07, Dec 2017 , 8:19 pm        
រូបភាព
​ក្រសួងមហាផ្ទៃ​សិង្ហ​បុរី (MHA) បាន​ដកហូត​សញ្ជាតិ​ពី​ជនបរទេស​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​កំណត់​លទ្ធផល​ទុក​មុន​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​។​



​បើតាម​ការផ្សាយ​របស់ Channel NewsAsia បុរស​ម្នាក់​ដែលមាន​ដើមកំណើត​ម៉ាលី​ឈ្មោះថា Gaye Alassane ត្រូវបាន​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​សិង្ហ​បុរី​ដក​សញ្ជាតិ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ ខែធ្នូ​នេះ​។​

​បុរស​វ័យ​៤៣​ឆ្នាំ​ដែល​ទទួលបាន​សញ្ជាតិ​សិង្ហ​បុរី​នៅ​ឆ្នាំ​២០០៣ និង​ជា​អតីត​កីឡាករ​បាល់ទាត់​ដែល​ប្រកប​ជីព​ក្នុង​លី​ក​កីឡាបាល់ទាត់​កំពូល​សិង្ហ​បុរី S-League ត្រូវបាន​ដក​ហូត​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​សិង្ហ​បុរី​វិញ​តាម​មាត្រា ១៣៣ នៃ​រដ្ឋធម្មនុញ្ញ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ប្រកួត​ទុក​មុន​។​

Alassane បានក្លាយ​ជា​ជន​សកម្ម​មួយរូប ក្នុងចំណោម​សមាជិក​ដ៏ទៃទៀត ដែល​ជាប់​ទាក់ទិន​ករណី​កំណត់​ការប្រកួត​ជា​អន្តរជាតិ​។ រូបគេ និង​សមាជិក​ក្រុម​បាន​ប្រើប្រាស់​សិង្ហ​បុរី​ជាទី​តាំង​ដើម្បី​រៀបចំ​សកម្មភាព​កំណត់​លទ្ធផល​ប្រកួត​ជា​លក្ខណៈ​សកល​តែម្តង​។​

​បក្សពួក​របស់គេ បាន​សមគំនិត​ជាមួយ​សមាជិក​សម្ព័ន្ធ​ដើម្បី​កំណត់​ការប្រកួត​កីឡាបាល់ទាត់​ក្នុងប្រទេស​ផ្សេងទៀត​តាមរយៈ​អំពើ​ពុក​រលួត​របស់​មន្ត្រី និង​កីឡាករ​។​
​លើសពីនេះ​ពួកគេ​បាន​ទាក់ទង​ជនបរទេស​ដែលមាន​សញ្ជាតិ​សិង្ហ​បុរី​ផ្សេងទៀត​ឲ្យ​ចូលក្នុង​សកម្មភាព​ខុសច្បាប់​នេះ​ផងដែរ​៕


Tag:
 បាល់ទាត់​
  កំណត់​លទ្ធផល​ទុក​មុន​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com