កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរីដកហូតសញ្ជាតិពីបុរសម៉ាលីម្នាក់ ដោយសារជាប់ពាក់ព័ន្ធលើការកំណត់លទ្ធផលបាល់ទាត់
× ក្រសួងមហាផ្ទៃសិង្ហបុរី (MHA) បានដកហូតសញ្ជាតិពីជនបរទេសម្នាក់ ដែលជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផលទុកមុនក្នុងការប្រកួតកីឡាបាល់ទាត់។
បើតាមការផ្សាយរបស់ Channel NewsAsia បុរសម្នាក់ដែលមានដើមកំណើតម៉ាលីឈ្មោះថា Gaye Alassane ត្រូវបានក្រសួងមហាផ្ទៃនៃប្រទេសសិង្ហបុរីដកសញ្ជាតិវិញនៅថ្ងៃព្រហស្បតិ៍ទី ៧ ខែធ្នូនេះ។
បុរសវ័យ៤៣ឆ្នាំដែលទទួលបានសញ្ជាតិសិង្ហបុរីនៅឆ្នាំ២០០៣ និងជាអតីតកីឡាករបាល់ទាត់ដែលប្រកបជីពក្នុងលីកកីឡាបាល់ទាត់កំពូលសិង្ហបុរី S-League ត្រូវបានដកហូតសិទ្ធិជាប្រជាពលរដ្ឋសិង្ហបុរីវិញតាមមាត្រា ១៣៣ នៃរដ្ឋធម្មនុញ្ញ ដោយសារមានជាប់ពាក់ព័ន្ធការកំណត់លទ្ធផលប្រកួតទុកមុន។
Alassane បានក្លាយជាជនសកម្មមួយរូប ក្នុងចំណោមសមាជិកដ៏ទៃទៀត ដែលជាប់ទាក់ទិនករណីកំណត់ការប្រកួតជាអន្តរជាតិ។ រូបគេ និងសមាជិកក្រុមបានប្រើប្រាស់សិង្ហបុរីជាទីតាំងដើម្បីរៀបចំសកម្មភាពកំណត់លទ្ធផលប្រកួតជាលក្ខណៈសកលតែម្តង។
បក្សពួករបស់គេ បានសមគំនិតជាមួយសមាជិកសម្ព័ន្ធដើម្បីកំណត់ការប្រកួតកីឡាបាល់ទាត់ក្នុងប្រទេសផ្សេងទៀតតាមរយៈអំពើពុករលួតរបស់មន្ត្រី និងកីឡាករ។
លើសពីនេះពួកគេបានទាក់ទងជនបរទេសដែលមានសញ្ជាតិសិង្ហបុរីផ្សេងទៀតឲ្យចូលក្នុងសកម្មភាពខុសច្បាប់នេះផងដែរ៕
Tag:
បាល់ទាត់
កំណត់លទ្ធផលទុកមុន
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com