ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រមុខ​ការទូត​សិង្ហ​បុរី​៖ សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច នឹង​ផ្តល់​ប្រយោជន៍​ដល់​អាស៊ាន​
07, Dec 2017 , 4:45 pm         1156
រូបភាព
រូបថតដោយ៖ ក្រសួងការបរទេសសិង្ហបុរី
រូបថតដោយ៖ ក្រសួងការបរទេសសិង្ហបុរី
​ក្រសួង​គមនាគមន៍​និង​ព័ត៌មាន​របស់​សិង្ហ​បុរី​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​សម្រាប់​អ្នកកាសែត​នៃ​ប្រទេស​សមាជិក​អាស៊ាន​នៅក្នុង​វិច្ឆិកា​កន្លងទៅ ដើម្បី​ពួកគេ​បាន​ស្វែងយល់​ពី​ប្រទេស​សិង្ហ​បុរី​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក Vivian Balakrishnan បានអនុញ្ញាត​ឲ្យ​ប្រតិភូ​អ្នកកាសែត​មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ជួប​សម្ភាស​លើ​សំណុំរឿង​ផ្សេងៗ​ដែល​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច សិទ្ធិមនុស្ស ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម​។ អ្នកសារព័ត៌មាន​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ចង់ដឹង​អំពី​ទស្សនវិស័យ​របស់​សិង្ហ​បុរី​ក្នុង​បញ្ហា​ខាងលើ​ទាំងនេះ នៅពេលដែល​សិង្ហ​បុរី​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១៨​នេះ​។ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ដែលមាន​វត្តមាន​នៅក្នុង​ប្រតិភូ​អ្នកសារព័ត៌មាន​អាស៊ាន​នោះដែរ សូម​ដកស្រង់​សំណួរចម្លើយ​ដែល​ទាក់ទង​នឹង​ផ្នែក​សេដ្ឋកិច្ច​មក​ចុះផ្សាយ​។​



​ពេលនេះ សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​។ ដូច្នេះ​តើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (Regional  Comprehensive Economic Partnership- RCEP) របស់​អាស៊ាន​យើង​នឹង​ទៅជា​យ៉ាងណា​ទៅវិញ​?

​រដ្ឋមន្ត្រី​៖ យើង​ជឿជាក់​លើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច លើ​ការធ្វើ​ពាណិជ្ជកម្ម​សេរី ហើយ​យើង​ជឿជាក់​លើ​ការពឹងផ្អែក​គ្នា​ទៅវិញទៅមក​ដែល​យើង​បានធ្វើ​ជាមួយគ្នា​កន្លងមក​។ ហើយ​នេះ​គឺជា​រូបមន្ត​មួយ​ដែល​បានធ្វើ​ឲ្យ​សមាជិក​អាស៊ាន​បាន​ទទួលផល​ជាច្រើន​ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លងមកនេះ​។ យើង​នៅ​បន្ត​ជឿជាក់​លើ​រូបមន្ត ហេតុដូច្នេះ​ហើយ​បានជា​យើង​ឈានដល់​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ លោក​ប្រធានាធិបតី Trump បាន​និយាយថា លោក​មិន​ចូលចិត្ត​រាល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី​។ នេះ​គឺជា​ការ​សិទ្ធិ​ក្នុងការ​យល់ឃើញ​របស់​គាត់​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ យើង​នៅតែ​បន្ត​។ ហេតុដូច្នេះ​ហើយ​បានជា​នៅក្នុង​កិច្ចប្រជុំ​APEC​នៅ​ទីក្រុង ដា​ណា​ង កិច្ចប្រជុំ TPP-1 (U.S) នៅតែ​ប្រព្រឹត្តិទៅបាន ហើយ​យើង​បាន​បន្ត​ជជែក​គ្នា​។ អ្វីដែល​ខ្ញុំ​កំពុងនិយាយ​នេះ​គឺថា អាស៊ាន​នៅតែមាន​ប្រយោជន៍​ក្នុងការ​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីភាវូបនីយកម្ម​ពហុភាគី​។ តែ​សូមកុំ​ភ្លេច​! យើង​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង​មុន​។​

​សម្រាប់​លោក​រដ្ឋមន្ត្រី តើ​រវាង RCEP និង TPP មួយណា​មាន​ប្រយោជន៍​ជាង​សម្រាប់​សមាជិក​អាស៊ាន​?

​រដ្ឋមន្ត្រី​៖ វា​មិន​ចំណុះ​ទៅ​ប្រយោជន៍​មួយណា​ធំ​ជាង​មួយណា​នោះទេ​។ ខ្ញុំ​មើល​បញ្ហា​នេះ​ជា​ទិដ្ឋភាព​រួម​នៃ​ពាណិជ្ជកម្ម​សេរីភាវូបនីយកម្ម សមាហរណកម្ម​សេដ្ឋកិច្ច​ផ្ទៃក្នុង​អាស៊ាន ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​។ ដូច្នេះ​សរុបមក​វិញ សម្រាប់​ខ្ញុំ វា​មិនមែនជា​រឿង​ត្រូវ​ជ្រើស​មួយ​នេះ ឬមួយ​នោះ​នោះទេ​។​

​យើង​សង្កេតឃើញថា ចិន​កំពុងតែ​ពង្រីក​អំណាច​របស់ខ្លួន​នៅក្នុង​អាស៊ាន​តាមរយៈ​ការវិនិយោគ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម រួមទាំង​ការ​ផ្តល់ជំនួយ​អា​ភិ​វឌ្ឍន៍​ដល់​សមាជិក​អាស៊ាន​មួយចំនួន​ទៀតផង​។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក​ក៏​តែងតែ​និយាយថា អាស៊ាន​ជា​កន្លែង​សំខាន់​សម្រាប់​ពួកគេ​ផងដែរ​។ តើ​មួយណា​ជា​ជម្រើស​របស់​អាស៊ាន​? ចិន ឬ អាមេរិក​?

​រដ្ឋមន្ត្រី​៖ តាម​ខ្ញុំ​ដឹង អ្វីដែល​អាស៊ាន​ចង់បាន គឺ​ធ្វើយ៉ាងណា​ចៀស​ឲ្យ​ផុតពី​ការបង្ខិតបង្ខំ​ឲ្យ​ជ្រើសរើស​អ្វីមួយ​។ ឧបមា​ថា ថ្ងៃនេះ​ខ្ញុំ​សួរ​កម្ពុជា ឬ​សមាជិក CLMV តែម្តង​ចុះ​ថា តើ​អ្នកណា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់លោក​? ចម្លើយ​គឺ ចិន​។ ហើយ​បើសិនជា​ខ្ញុំ​សួរ ឡាវ ឬ​កម្ពុជា ថា​អ្នកណា​ជា​ប្រភព​ជំនួយ​អភិវឌ្ឍន៍ (ODA) ធំជាងគេ​របស់​អ្នក​ទាំងពីរ​? សូម​ទៅរក​មើល​តួលេខ អ្នក​ទាំងអស់គ្នា​ច្បាស់​ជា​ភ្ញា​ល់​ផ្អើល​។ សំណួរ​បន្ទាប់ គេ​អាច​សួរថា តើ​អ្នកណា​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​អ្នក​? បើ​នៅ​សិង្ហ​បុរី​បច្ចុប្បន្ននេះ ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​យើង ហើយ​អ្នកវិនិយោគ​ធំជាងគេ គឺ​សហរដ្ឋអាមេរិក​។ អ្វីដែល​ខ្ញុំ​និយាយ​នៅទីនេះ គឺ​យើង​មិន​ខ្វល់​ថា​អ្នកណា​ជា​អ្នកផ្តល់ជំនួយ​អភិវឌ្ឍន៍​ធំជាងគេ ឬ​អ្នកណា​ជា​អ្នកវិនិយោគ​ធំជាងគេ​នោះទេ​។ អ្វីដែល​ល្អ​បំផុត​នោះ គឺ​យើង​បើកទូលាយ​គ្រប់​ផ្លូវ សម្រាប់​អ្នកណា​ក៏ដោយ​ដែល​ចង់​ធ្វើជា​មិត្ត​យើង ចង់​វិនិយោគ និង​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​យើង​។ ដូច្នេះ​រវាង​ការពឹងផ្អែក​គ្នា​ទៅវិញទៅមក​, លទ្ធផល​ឈ្នះ​-​ឈ្នះ​, សហប្រតិបត្តិការ និង​រើសយក​ម្ខាងៗ ឬ​យុទ្ធសាស្ត្រ​មួយ​ចាន​ទឹក មួយ​ចាន​គោក (Zero-sum game) តើ​លោក​រើសយក​មួយណា​? ខ្ញុំ​រើសយក​ជំរើស​ទីមួយ​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា អាស៊ាន​ព្យាយាម​ចៀស​ឲ្យ​ផុតពី​ការបង្ខំ​ឲ្យ​ជ្រើសរើស​អ្វីមួយ ហើយ​ជឿជាក់​លើ​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​។ ដោយ​ប្រើ​យន្តការ​នេះ តើ​អាស៊ាន និង​សិង្ហ​បុរី នឹង​ដោះស្រាយ​យ៉ាងណា​សំនុំរឿង​សមុទ្រ​ចិន​ខាងត្បូង​?

​រដ្ឋមន្ត្រី​៖ តើ​អ្វី​ជា​ប្រយោជន៍​របស់​អាស៊ាន​ក្នុង​សំណុំ​រឿងនេះ​? ប្រយោជន៍​របស់​យើង​គឺ​៖ ទីមួយ សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ការហោះហើរ ពីព្រោះ​យើង​ពឹងផ្អែក​គ្នា​លើ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សន្តិភាព និង​ដោយ​គ្មាន​ភាព​តានតឹង និង​គ្រោះថ្នាក់​។ ទី​ពីរ យើង​ត្រូវការ​សណ្តាប់ធ្នាប់​ពិភពលោក​មួយ​ដែល​ផ្អែកទៅលើ​ច្បាប់​អន្តរជាតិ​។ ពីព្រោះ​ច្បាប់​អន្តរជាតិ​តែងតែ​ផ្តល់​គន្លឹះ​នៃ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិភាព​។ ទី​បី គឺថា អាស៊ាន​នៅតែ​ចង់បាន​រក្សា​ស្មារតី​រួបរួមគ្នា គោលការណ៍​ស្នូល និង​ភាព​ពាក់ព័ន្ធ​គ្នា​របស់​អាស៊ាន​។ ទាំងអស់នេះ ជា​ប្រយោជន៍​របស់​អាស៊ាន​។ ប៉ុន្តែ បើ​អ្នក​ណាមួយ​ជា​ភាគី​ជម្លោះ (​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​) អ្នក​ត្រូវ​សម្រេចចិត្ត​ដោយ​ឈរលើ​ប្រយោជន៍​ជាតិ​ដ៏​ធំ​បំផុត​របស់​អ្នក​។ តែ​សូមកុំ​ភ្លេច អាស៊ាន​គឺ ពាណិជ្ជកម្ម ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​រួបរួមគ្នា​៕

Tag:
 Asean
  Singapore
  Vivian Balakrishnan
  journalists
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next