ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រមុខការទូតសិង្ហបុរី៖ សេរីភាវូបនីយកម្មសេដ្ឋកិច្ច នឹងផ្តល់ប្រយោជន៍ដល់អាស៊ាន រូបថតដោយ៖ ក្រសួងការបរទេសសិង្ហបុរី
× ក្រសួងគមនាគមន៍និងព័ត៌មានរបស់សិង្ហបុរីបានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកកាសែតនៃប្រទេសសមាជិកអាស៊ាននៅក្នុងវិច្ឆិកាកន្លងទៅ ដើម្បីពួកគេបានស្វែងយល់ពីប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានអនុញ្ញាតឲ្យប្រតិភូអ្នកកាសែតមកពីបណ្តាប្រទេសសមាជិកអាស៊ានជួបសម្ភាសលើសំណុំរឿងផ្សេងៗដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច សិទ្ធិមនុស្ស ជម្លោះសមុទ្រចិនខាងត្បូងជាដើម។ អ្នកសារព័ត៌មានមកពីប្រទេសសមាជិកអាស៊ានចង់ដឹងអំពីទស្សនវិស័យរបស់សិង្ហបុរីក្នុងបញ្ហាខាងលើទាំងនេះ នៅពេលដែលសិង្ហបុរីនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៨នេះ។ អ្នកកាសែតនៃសារព័ត៌មានថ្មីៗ ដែលមានវត្តមាននៅក្នុងប្រតិភូអ្នកសារព័ត៌មានអាស៊ាននោះដែរ សូមដកស្រង់សំណួរចម្លើយដែលទាក់ទងនឹងផ្នែកសេដ្ឋកិច្ចមកចុះផ្សាយ។
ពេលនេះ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី។ ដូច្នេះតើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership- RCEP) របស់អាស៊ានយើងនឹងទៅជាយ៉ាងណាទៅវិញ?
រដ្ឋមន្ត្រី៖ យើងជឿជាក់លើសេរីភាវូបនីយកម្មសេដ្ឋកិច្ច លើការធ្វើពាណិជ្ជកម្មសេរី ហើយយើងជឿជាក់លើការពឹងផ្អែកគ្នាទៅវិញទៅមកដែលយើងបានធ្វើជាមួយគ្នាកន្លងមក។ ហើយនេះគឺជារូបមន្តមួយដែលបានធ្វើឲ្យសមាជិកអាស៊ានបានទទួលផលជាច្រើនក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យើងនៅបន្តជឿជាក់លើរូបមន្ត ហេតុដូច្នេះហើយបានជាយើងឈានដល់បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកប្រធានាធិបតី Trump បាននិយាយថា លោកមិនចូលចិត្តរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី។ នេះគឺជាការសិទ្ធិក្នុងការយល់ឃើញរបស់គាត់។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ យើងនៅតែបន្ត។ ហេតុដូច្នេះហើយបានជានៅក្នុងកិច្ចប្រជុំAPECនៅទីក្រុង ដាណាង កិច្ចប្រជុំ TPP-1 (U.S) នៅតែប្រព្រឹត្តិទៅបាន ហើយយើងបានបន្តជជែកគ្នា។ អ្វីដែលខ្ញុំកំពុងនិយាយនេះគឺថា អាស៊ាននៅតែមានប្រយោជន៍ក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាវូបនីយកម្មពហុភាគី។ តែសូមកុំភ្លេច! យើងត្រូវចាប់ផ្តើមពីខ្លួនយើងមុន។
សម្រាប់លោករដ្ឋមន្ត្រី តើរវាង RCEP និង TPP មួយណាមានប្រយោជន៍ជាងសម្រាប់សមាជិកអាស៊ាន?
រដ្ឋមន្ត្រី៖ វាមិនចំណុះទៅប្រយោជន៍មួយណាធំជាងមួយណានោះទេ។ ខ្ញុំមើលបញ្ហានេះជាទិដ្ឋភាពរួមនៃពាណិជ្ជកម្មសេរីភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុងអាស៊ាន ជាមួយដៃគូពាណិជ្ជកម្មធំៗ។ ដូច្នេះសរុបមកវិញ សម្រាប់ខ្ញុំ វាមិនមែនជារឿងត្រូវជ្រើសមួយនេះ ឬមួយនោះនោះទេ។
យើងសង្កេតឃើញថា ចិនកំពុងតែពង្រីកអំណាចរបស់ខ្លួននៅក្នុងអាស៊ានតាមរយៈការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម រួមទាំងការផ្តល់ជំនួយអាភិវឌ្ឍន៍ដល់សមាជិកអាស៊ានមួយចំនួនទៀតផង។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏តែងតែនិយាយថា អាស៊ានជាកន្លែងសំខាន់សម្រាប់ពួកគេផងដែរ។ តើមួយណាជាជម្រើសរបស់អាស៊ាន? ចិន ឬ អាមេរិក?
រដ្ឋមន្ត្រី៖ តាមខ្ញុំដឹង អ្វីដែលអាស៊ានចង់បាន គឺធ្វើយ៉ាងណាចៀសឲ្យផុតពីការបង្ខិតបង្ខំឲ្យជ្រើសរើសអ្វីមួយ។ ឧបមាថា ថ្ងៃនេះខ្ញុំសួរកម្ពុជា ឬសមាជិក CLMV តែម្តងចុះថា តើអ្នកណាជាដៃគូពាណិជ្ជកម្មធំជាងគេរបស់លោក? ចម្លើយគឺ ចិន។ ហើយបើសិនជាខ្ញុំសួរ ឡាវ ឬកម្ពុជា ថាអ្នកណាជាប្រភពជំនួយអភិវឌ្ឍន៍ (ODA) ធំជាងគេរបស់អ្នកទាំងពីរ? សូមទៅរកមើលតួលេខ អ្នកទាំងអស់គ្នាច្បាស់ជាភ្ញាល់ផ្អើល។ សំណួរបន្ទាប់ គេអាចសួរថា តើអ្នកណាជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អ្នក? បើនៅសិង្ហបុរីបច្ចុប្បន្ននេះ ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់យើង ហើយអ្នកវិនិយោគធំជាងគេ គឺសហរដ្ឋអាមេរិក។ អ្វីដែលខ្ញុំនិយាយនៅទីនេះ គឺយើងមិនខ្វល់ថាអ្នកណាជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេ ឬអ្នកណាជាអ្នកវិនិយោគធំជាងគេនោះទេ។ អ្វីដែលល្អបំផុតនោះ គឺយើងបើកទូលាយគ្រប់ផ្លូវ សម្រាប់អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តយើង ចង់វិនិយោគ និងចង់ធ្វើពាណិជ្ជកម្មជាមួយយើង។ ដូច្នេះរវាងការពឹងផ្អែកគ្នាទៅវិញទៅមក, លទ្ធផលឈ្នះ-ឈ្នះ, សហប្រតិបត្តិការ និងរើសយកម្ខាងៗ ឬយុទ្ធសាស្ត្រមួយចានទឹក មួយចានគោក (Zero-sum game) តើលោករើសយកមួយណា? ខ្ញុំរើសយកជំរើសទីមួយ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាស៊ានព្យាយាមចៀសឲ្យផុតពីការបង្ខំឲ្យជ្រើសរើសអ្វីមួយ ហើយជឿជាក់លើយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ដោយប្រើយន្តការនេះ តើអាស៊ាន និងសិង្ហបុរី នឹងដោះស្រាយយ៉ាងណាសំនុំរឿងសមុទ្រចិនខាងត្បូង?
រដ្ឋមន្ត្រី៖ តើអ្វីជាប្រយោជន៍របស់អាស៊ានក្នុងសំណុំរឿងនេះ? ប្រយោជន៍របស់យើងគឺ៖ ទីមួយ សេរីភាពនៃការធ្វើនាវាចរណ៍ ការហោះហើរ ពីព្រោះយើងពឹងផ្អែកគ្នាលើការធ្វើពាណិជ្ជកម្មដោយសន្តិភាព និងដោយគ្មានភាពតានតឹង និងគ្រោះថ្នាក់។ ទីពីរ យើងត្រូវការសណ្តាប់ធ្នាប់ពិភពលោកមួយដែលផ្អែកទៅលើច្បាប់អន្តរជាតិ។ ពីព្រោះច្បាប់អន្តរជាតិតែងតែផ្តល់គន្លឹះនៃការដោះស្រាយជម្លោះដោយសន្តិភាព។ ទីបី គឺថា អាស៊ាននៅតែចង់បានរក្សាស្មារតីរួបរួមគ្នា គោលការណ៍ស្នូល និងភាពពាក់ព័ន្ធគ្នារបស់អាស៊ាន។ ទាំងអស់នេះ ជាប្រយោជន៍របស់អាស៊ាន។ ប៉ុន្តែ បើអ្នកណាមួយជាភាគីជម្លោះ (ក្នុងជម្លោះសមុទ្រចិនខាងត្បូង) អ្នកត្រូវសម្រេចចិត្តដោយឈរលើប្រយោជន៍ជាតិដ៏ធំបំផុតរបស់អ្នក។ តែសូមកុំភ្លេច អាស៊ានគឺ ពាណិជ្ជកម្ម ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរួបរួមគ្នា៕
Tag:
Asean
Singapore
Vivian Balakrishnan
journalists
© រក្សាសិទ្ធិដោយ thmeythmey.com