ពីនេះ ពីនោះ
រវាងពាក្យ«លិច»និង«លេច»ខុសគ្នាដូចម្តេច?
× វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់អត្ថន័យនៃពាក្យ «លិច»និង«លេច»ទាំងពីរនេះថា៖
ពាក្យ «លិច»សំដៅលើ ទិសខាងលិច លិចអណ្តែតទៅ លិបចុះបាត់ទៅ, ចូលកប់បាត់ទៅក្នុងទឹកជាដើម ដូចជា ទូកលិច។ «លិច»ប្រែមកថា អស្តង្គត មានន័យថា វិនាស ខូច បាត់បង់ អន្តរាយ លង់គំនិតជាដើម។ ឧទាហរណ៍៖ ព្រះអាទិត្យលិច, ថ្ងៃលិចផុតទៅ ធ្វើឲ្យអ្វីៗត្រូវងងឹតសូន្យ។ ល្ងង់មិនដឹងឯលិចឯកើត ល្ងង់ដូចជាមនុស្សវង្វេងទិស ឬល្ងង់មិនស្គាល់ទិស។
ចំណែកឯពាក្យ «លេច»មានន័យថា អ្វីមួយដែលលៀនចេញ ឬទុលចេញ ឆ្លាយ ឬលាន់ចេញ ផ្សាយចេញ បង្ហាញមុខ ឬចេញមុខឲ្យឃើញ។ ឧទាហរណ៍៖ មានគ្រាប់ឈើតូចមួយបានដុះលេចពន្លកចេញពីក្នុងដី ឬក៏សេចក្តីប្រកាសព័ត៌មានពី ក្រសួងធនធានទឹក និងឧតុនិយម បានលេចឮព័ត៌មានថា នឹងមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ប្រជាជនត្រូវតែប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន។
«លេច»ប្រើជាគុណនាមមានន័យថា ដែលមិនគត់ ដូចជាក្អមលេច ផ្ទះលេច ការុងលេច។ ឧទាហរណ៍៖មនុស្សមាត់លេច(មានន័យថា ជាមនុស្សមាត់ច្រើន មាត់ដាច មាត់មិនមានគម្រប ជាដើម)៕
© រក្សាសិទ្ធិដោយ thmeythmey.com