អន្តរជាតិ
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា មាន​ប្រទេស​ជាច្រើន​នឹង​រើ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម​ដូច​អាមេរិក​
07, Dec 2017 , 5:08 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ និយាយថា ប្រទេស​ជាច្រើន​បាន​ទាក់ទង​ជាមួយ​អ៊ីស្រាអែល​ដើម្បី​រើ​ស្ថានទូត​របស់ខ្លួន​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ លោកនាយក​រដ្ឋមន្ត្រី ណេ​តាន់​យ៉ា​ហ៊ូ និយាយ​បែបនេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ទទួលស្គាល់​ទីក្រុង​សក្ការៈ​មួយ​នេះ ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ ការប្រកាស​របស់លោក ត្រាំ រង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​អន្តរជាតិ ជាពិសេស​ពិភពលោក​ឥស្លាម​។​



​ទីបំផុត​ទៅ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ទីក្រុង តែ​ល អា​វីវ ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ទី ៦ ខែធ្នូ ។ នេះ​មានន័យ​ស្មើនឹង​អាមេរិក​ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ សហគមន៍​អន្តរជាតិ ជាពិសេស​រដ្ឋ​កាន់សាសនា​ឥស្លាម បាន​រិះគន់​ការសម្រេចចិត្ត​របស់លោក ត្រាំ កប់​មាត់ ហើយ​ខ្លះ​ព្រមាន​ផ្ទុះ​សង្គ្រាម​ទៅទៀត​។​

​អ៊ីស្រាអែល​ឯណោះ​វិញ ពិតជា​រីកមុខ​រីក​មាត់​ខ្លាំងណាស់ ព្រោះ​បំណង​របស់ខ្លួន​ក្លាយជា​ការពិតហើយ​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បានប្រកាសថា មាន​ប្រទេស​ជាច្រើន​នឹង​ដើរ​តាម​អាមេរិក​ក្នុងការ​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ហើយ​ពួកគេ​កំពុង​ទាក់ទង​អ៊ីស្រាអែល​ដើម្បី​បញ្ចប់​កិច្ចការ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ក្នុង​វេទិកា​មួយ​នៅ​ក្រសួងការបរទេស​អ៊ីស្រាអែល លោក ណេ​តាន់​យ៉ា​ហ៊ូ និយាយថា​៖ «​ខ្ញុំ​ចង់​ប្រកាសថា យើង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជាច្រើន ដែល​នឹង​ចេញ​សេចក្ដីប្រកាស​ដូច​អាមេរិក​ដែរ​។​» ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​មិន​បង្ហើប​ពី​ឈ្មោះ​ប្រទេស​ដែល​ប្រុង​ដើរ​តាម​អាមេរិក​ឡើយ គ្រាន់តែ​និយាយថា ពេល​អាមេរិក​ប្ដូរ​ស្ថានទូត​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម ស្ថានទូត​ប្រទេស​ជាច្រើន​ទៀត​នឹង​រើ​ទៅតាម​ដែរ​។​

​អ៊ីស្រាអែល បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ​១៩៦៧ ។ អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៨០ តែម្តង​។ ចាប់ពីពេលនោះ​មក ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​បន្ត​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​អ៊ីស្រាអែល​។ ប៉ុន្តែ​គ្មាន​ប្រទេស​ណា​ទទួលស្គាល់​ការកាន់កាប់​នេះឡើយ​។​

​ចំណែក​ប៉ា​ឡេ​ស្ទី​ន​វិញ ចាត់ទុក​ផ្នែក​ខាងកើត​នៃ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត ពេល​ប៉ា​ឡេ​ស្ទី​ន​ក្លាយជា​រដ្ឋ​ពេញលេញ​។ គេ​ចាត់ទុកថា​ការកំណត់​លក្ខន្តិកៈ​នៃ​ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​ចំណុច​ស្នូល​មួយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ផង​។ ប៉ុន្តែ​ការប្រកាស​របស់លោក ត្រាំ ទំនងជា​បាន​បំផ្លាញ​ផ្លូវ​ឆ្ពោះទៅរក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ហើយ​គេ​រំពឹងថា អំពើហិង្សា​នឹង​កើនឡើង​ខ្លាំង​មិន​ខា​៕


Tag:
 អ៊ីស្រាអែល​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com