អន្តរជាតិ
សម្ព័ន្ធមិត្ត និង​សត្រូវ​អាមេរិក សុទ្ធតែ​រិះគន់ ដូ​ណា​ល់ ត្រាំ ដែល​ផ្គាប់ចិត្ត​អ៊ីស្រាអែល ដោយ​មិន​ខ្វល់​ច្បាប់​អន្តរជាតិ​
07, Dec 2017 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចេញមុខ​ប្រកាស​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ផ្លូវការ ដោយ​ប្តូរ​ទីតាំង​ស្ថានទូត​ខ្លួន​ពី​ក្រុង Tel Aviv​។ វា​ជា​សកម្មភាព​ឯកតោភាគី ដែល​គំរាមកំហែង​ដល់​ដំណើរ​ការកសាង​សន្តិភាព​តំបន់ និង​បង្ហាញ​ឲ្យ​ឃើញថា អាមេរិក​គាំទ្រ​នយោបាយ និង​ផ្គាប់ចិត្ត​អ៊ីស្រាអែល​ជាង​គិតពី​សន្តិភាព​តំបន់​។ គេ​ឃើញថា ទាំង​សម្ព័ន្ធមិត្ត ដៃគូ ទាំង​សត្រូវ​សុទ្ធតែ​ជំទាស់ និង​ថ្កោលទោស​ការសម្រេចចិត្ត​នេះ លើកលែងតែ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ហៅ​ការសម្រេច​របស់​អាមេរិក​ជា​រឿង​ប្រវត្តិសាស្ត្រ​នោះ​។



​ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ចាប់ពី​ឆ្នាំ ១៩៩៥ ដែល​សម្រេច​អនុវត្ត​ច្បាប់​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ​។ ក្នុង​ឆ្នាំ ១៩៩៥ សមាជិកសភា​អាមេរិក​បានសម្រេច​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដែល​ទទួលស្គាល់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​ជា​ផ្លូវការ និង​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការប្តូរ​ទីតាំង​ស្ថានទូត​ពី​ទីក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ​ថែមទៀត​។ ប៉ុន្តែ​ទាំង​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​កន្លងមក​មិនបាន​អនុវត្ត​ច្បាប់​នេះឡើយ ដោយសារ​វា​រំលោភ​លើ​អំណាច​ប្រតិបត្តិ​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការបរទេស​អាមេរិក​។ ដូច្នេះហើយ រៀងរាល់​ប្រាំ​មួយខែ ប្រធានាធិបតី​ត្រូវ​ចុះហត្ថលេខា​លើ​បទ​ប​ញ្ញ​តិ​លើកលែង​ការអនុវត្ត​ច្បាប់​នេះ​រហូតមក​រហូតដល់​ពេល ត្រាំ​ឡើងកាន់តំណែង​។​

១.​អាមេរិក​កំពុង​បំពាន​ច្បាប់​អន្តរជាតិ

​គ្មាន​ប្រទេស​ណាមួយ​ដាក់​ស្ថានទូត​នៅ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ឡើយ​ព្រោះ​គេច​ង់​បញ្ជាក់ថា គេ​មិន​ទទួលស្គាល់​ទឹកដី​នេះ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។  បើតាម​ប្រវត្តិសាស្ត្រ អ៊ីស្រាអែល​បាន​វាយ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ភាគ​ខាងកើត​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅក្នុង​សង្គ្រាម ៦​ថ្ងៃ រវាង​អារ៉ាប់​-​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ១៩៦៧​។ ហើយ​អាជ្ញាធរ​អ៊ីស្រាអែល​ក៏បាន​ភ្ជាប់​ទឹកដី​នេះ​និង​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់ខ្លួន​ដោយ​បង្រួបបង្រួម​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៨០​។

​ចាប់ពីពេលនោះ​មក ទឹកដី​ហ្ស៊េ​រុយ​សា​ឡិ​ម​បន្ត​ស្ថិតនៅក្រោម​ការកាន់កាប់​ដោយ​សុខ​ច្បាប់​របស់​អ៊ីស្រាអែល ហើយ​ទីក្រុង​នេះ​ជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ផងដែរ ។

​នៅពេលដែល ត្រាំ ប្រកាស​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល វា​ជា​សកម្មភាព​ឯកតោភាគី​សុទ្ធសាធ ហើយ​ប្រាកដ​ណាស់​ថា វា​បំពាន​ច្បាប់​អន្តរជាតិ​ជាពិសេស​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ​ដែលមាន​កន្លងមក​ថ្កោលទោស​ការកាន់កាប់​ទឹកដី​ភាគ​ខាងកើត​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដោយ​ខុសច្បាប់​នោះ​។ ដូច្នេះហើយ អាមេរិក​ជា​ប្រទេសមួយ​ដែល​ទទួលស្គាល់ និង​គាំទ្រ​សកម្មភាព​ខុសច្បាប់​រប​ស់​អ៊ីស្រាអែល ខណៈ​ប្រទេស​ដទៃទៀត​ទទួលស្គាល់​ត្រឹម​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងលិច​ដែល​ស្របតាម​ផែនទី​មុន​ឆ្នាំ ១៩៦៧​ជា​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ​។​

២.​គ្មាន​សម្ព័ន្ធមិត្ត​គាំទ្រ ហើយ​ត្រូវ​សត្រូវ​ថ្កោលទោស​

​ការសម្រេចចិត្ត​របស់ ត្រាំ ជា​រឿងចម្រូងចម្រាស​បំផុត​មួយ ហើយ​វា​ត្រូវបាន​ប្រទេស​ជាច្រើន​ថ្កោលទោស​ផង​។ គេ​ចាត់ទុក​វា​ជា​សកម្មភាព​បង្កបញ្ហា​ដែល​ប្រៀបដូចជា​ចាក់​សាំង​លើ​ភ្លើង​ដូច្នេះ​ដែរ​។ បើទោះបីជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក អះអាងថា មុន​សម្រេចចិត្ត ត្រាំ បាន​ប្រឹក្សា​យោបល់​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​ច្រើន​ហើយក៏​ដោយ គេ​ឃើញថា ប្រទេស​សម្ព័ន្ធមិត្ត​ក្តី ឬ​សត្រូវ​អាមេរិក​ក្តី​សុទ្ធតែ​ជំទាស់​កា​រស​ម្រេ​ចិត្ត​នេះ​។ ពី​អឺរ៉ុប​ដល់​មជ្ឈិមបូព៌ា ដល់​អាស៊ីអាគ្នេយ៍ សុទ្ធតែ​ថ្កោលទោស​ត្រាំ គ្រប់គ្នា​។​

​និយាយ​ពី​សម្ព័ន្ធមិត្ត​អាមេរិក​វិញ គេ​ឃើញ​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាស​ពេញមាត់​ថា លោក​សោកស្តាយ​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់លោក ត្រាំ ហើយ​បារាំង​ចាត់ទុកថា សកម្មភាព​ឯកតោភាគី​របស់​អាមេរិក​ដើរ​ផ្ទុយ​ច្បាប់​អន្តរជាតិ​ថែម​ទៀតផង​។ ក្នុងនាម​លោក​ជា​មេដឹកនាំ​អឺរ៉ុប លោក ម៉ា​ក្រុង ប្រកាសថា បារាំង​នឹង​បន្ត​គាំទ្រ​ដំណោះស្រាយ​រដ្ឋ​ពីរ និង​គាំទ្រ​ការបន្ត​ចរចា​លើ​ឋានៈ​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ដែលជា​ចំណុច​ស្នូល​នៃ​ការចរចា​សន្តិភាព​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ផង​។​

​ចំណែក​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល​វិញ បានបញ្ជាក់​ហើយ​ថា លោកស្រី​មិន​គាំទ្រ​ដាច់ខាត​ចំពោះ​ឥរិយាបថ​របស់​ដូ​ណា​ល់ ត្រាំ ឡើយ​។ អាល្លឺម៉ង់​នៅ​បន្ត​គាំទ្រ​ការចរចា​សន្តិភាព​ដើម្បី​កំណត់​ឋានៈ​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នៅពេល​ខាងមុខ​។​

​លោកស្រី ថេ​រេ​សា ម៉េ​យ៍ នាយករដ្ឋមន្ត្រី​អង់គ្លេស​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​លោក ត្រាំ ផង​នោះ បានប្រកាសថា លោកស្រី​មិន​ឯកភាព​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ឡើយ ហើយ​មេដឹកនាំ​អង់គ្លេស​រូបនេះ​យល់ថា វា​ជា​រឿង​អាក្រក់​សម្រាប់​ការបង្កើត​សន្តិភាព​តំបន់​មជ្ឈិមបូព៌ា​ផង​។

​សម្ព័ន្ធមិត្ត​អាមេរិក​ផ្សេងទៀត​នៅ​មជ្ឈិមបូព៌ា​ដូចជា អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់ ក៏ត្រូវ​ថ្កោលទោស​ប្រមុខរដ្ឋ​អាមេរិក​ដូចគ្នា​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​ផ្សាយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ព្រមាន​ថា ទង្វើ​អាមេរិក​នឹង​បង្ក​ឲ្យ​មាន​លទ្ធផល​អាក្រក់ ជាពិសេស​ធ្វើ​ឲ្យ​ការដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​កាន់តែ​ស្មុគស្មាញ​ថែមទៀត​។​

​រដ្ឋមន្ត្រីការបរទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់​លោក Anwar Gargash បានបង្ហាញ​កង្វល់​រប​ស់​ខ្លួន​ក្រោយពេល​ត្រាំ បញ្ជា​ឲ្យ​គេ​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​។ លោក​ជឿជាក់ថា អារ៉ាប់ និង​សហគមន៍​ម៉ូ​ស្លី​ម​នឹង​ជួប​បញ្ហា​ប្រឈម​ធំ​ចាប់ពីពេលនេះ​តទៅ​ដោយសារតែ​អាមេរិក តែ​លោក​អំពាវនាវ​ឲ្យ​រដ្ឋ​អារ៉ាប់ និង​សហគមន៍​ម៉ូ​ស្លី​ម​លើ​ពិភពលោក​រួបរួមសាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នេះ​ផង​។

​ដោយឡែក​សត្រូវ​អាមេរិក​អ៊ីរ៉ង់ និង​ស៊ី​រីឯ​ណោះ​វិញ ក៏​ថ្កោលទោស​អាមេរិក​មិន​សំចៃមាត់​ឡើយ​ដែល​មហាអំណាច​នេះ​បង្កបញ្ហា​ជាថ្មី​សម្រាប់​តំបន់​មជ្ឈិមបូព៌ា​។ ក្រសួងការបរទេស​អ៊ីរ៉ង់​ចាត់ទុកថា អាមេរិក​កំពុង​ជាន់ឈ្លី​ច្បាប់​អន្តរជាតិ និង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​ការទទួលស្គាល់​ទង្វើ​ខុសច្បាប់​របស់​អ៊ីស្រាអែល​មិន​ខុសពី​ជំរុញ​ឲ្យ​អស្ថិរភាព​និង​អសន្តិសុខ​តំបន់​កើតឡើង​កាន់តែច្រើន​ឡើយ​។ 

៣.​បងធំ​អាស៊ាន​កោះហៅ​ទូត​អាមេរិក​មក​សួរនាំ​

​មក​តំបន់​អាស៊ាន​ឯណេះ​វិញ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ថ្កោលទោស​រដ្ឋបាល​អាមេរិក​ដែល​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល ហើយ​អះអាងថា វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរភាព​ពិភពលោក​ផង​។ តំណាង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​រូបនេះ​ក៏បាន​ស្នើ​ឲ្យ​អាមេរិក​ពិចារណា​ឡើងវិញ​ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន​ផងដែរ ព្រោះ​វា​រំលោភ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ និង​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិសុខ​ពិភពលោក​ទាំងមូល ។​

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រទេស​ម៉ូ​ស្លី​ម​ធំជាងគេ​ឥណ្ឌូណេស៊ី​នេះ​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ឥណ្ឌូណេស៊ី​មក​សួរនាំ​ពាក់ព័ន្ធ​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នេះ​ផងដែរ​។​

៤.​អាមេរិក​លែង​ជា​សន្ធាន​ការី​ឥត​លម្អៀង​ជួយ​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​

​សកម្មភាព​អាមេរិក​ពិតជា​បំផ្លាញ​ការប្រឹងប្រែង​ក្នុងការ​បង្កើត​សន្តិភាព​តំបន់  បើទោះជា​លោក ត្រាំ បាន​អះអាងថា លោក​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ការចរចា​សន្តិភាព និង​ត្រៀម​ជួយ​ជ្រោមជ្រែង​ការចរចា​សន្តិភាព​នេះ​។​

​ទោះបីជា​ប្រធានាធិបតី​អះអាង​បែបនេះ​ក៏ដោយ អាមេរិក​លែងមាន​ទឹក​មាត់ប្រៃ​ទៀតហើយ​ក្នុង​ការជួយ​សម្រុះសម្រួល​ភាគី​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន អ៊ីស្រាអែល​ទៀតហើយ​។ នេះ​ក៏​ដោយសារ​ការសម្រេចចិត្ត​របស់​អាមេរិក​បង្ហាញ​ពី​ភាពលម្អៀង​របស់ខ្លួន​ក្នុង​ការគាំទ្រ​អ៊ីស្រាអែល​យ៉ាងច្បាស់​។ ប្រធានាធិបតី ប៉ា​ឡេ​ស្ទី​ន​លោក ម៉ា​មូ​ត អាបាស បាន​ព្រមាន​កន្លងមក​ដែរ​ថា ប៉ា​ឡេ​ស្ទី​ន​នឹង​លែង​ជឿជាក់ និង​ឈប់​ទទួល​ក្រុង​វ៉ាស៊ីនតោន​ជា​សន្ធាន​ការី​អ​ព្យា​ក្រឹត្យ​ដែល​ជួយ​សម្រុះសម្រួល​ការចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​ទៀតហើយ​៕


Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ដូ​ណា​ល់ ត្រាំ​
  ហ្ស៊េ​រុយ​សា​ឡិ​ម
© រក្សាសិទ្ធិដោយ thmeythmey.com