ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ត្រូវបានតែងតាំង​ជា​ទូត​សុច្ឆន្ទៈ​ពិភពលោក ខណៈ​ភ្នំពេញ​ជាប់​ជ័យលាភី​វប្បធម៌​ទេសចរណ៍​
09, Dec 2017 , 10:08 am        
រូបភាព
 
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំង​ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ។ ស្រប​ពេលគ្នានេះ​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី «​ជា​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក »​ដែល​ផ្ដល់​ដោយ​លោក​សាស្ត្រាចារ្យ អាន​តុ​ន កា​រ៉ា​ហ្គា (Anton Caragea) ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ។​


​តាមរយៈ​ការទទួលបាន​កិត្តិយស​ពី​សំណាក់​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​នេះ កម្ពុជា​គឺ​ត្រូវ​ពង្រឹងសមត្ថភាព​បន្ថែមទៀត ក្នុងការ​គោរព​និង​អនុវត្ត​វិធាន​នានា ដើម្បី​លើកកម្ពស់​កិត្យានុភាព​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​។ ថ្លែង​ក្នុង​ពិធី​តែងតាំង និង​ទទួល​ជ័យលាភី នៅ​ព្រឹក​ថ្ងៃទី​៩ ធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ការទទួលបាន​កិត្តិយស​មួយ​នេះ ដោយសារតែ​មានការ​អនុវត្ត​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល ស្របតាម​គោលនយោបាយ​ច្បាស់លាស់ ក្នុងទិសដៅ​អភិវឌ្ឍ​ប្រទេសជាតិ​។ ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល សន្យាថា កម្ពុជា​នឹង​ខិតខំ​បំពេញការងារ​បន្ថែមទៀត លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​នេះ ដើម្បី​ឲ្យ​សក្តិសម​នឹង​កិត្តិយស​ដែល​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ផ្ដល់​សេចក្តីទុកចិត្ត​នេះ​។ «​ខ្ញុំ​នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាងដូច​ឯកឧត្តម(Anton Caragea)ចង់បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ភ្លេច​ពី​ការ​រំ​ឮ​ក​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​ប្រាសាទបុរាណ បន្សល់ទុក​វប្បធម៌​ដ៏​មានតម្លៃ ក៏ដូចជា​មាន​ធនធានធម្មជាតិ ដែល​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ជា​កេ​រ្ត៏​ដំណែល​ដល់មនុស្ស​ជំនាន់​ក្រោយ ថែរក្សា​ការពារ​ឲ្យ​បាន​ម៉ឹងម៉ាត់​។ ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​ប្រទេស​បានល្អ លុះត្រាតែ​ប្រទេស​នោះ​មាន​ស្ថេរភាព សុខសន្តិភាព និង​គ្មាន​សង្គ្រាម​កើតឡើង​។​
 
​ទាក់ទង​នឹង​ការវាយតម្លៃ​វិញ​លោក អាន​តុ​ន កា​រ៉ា​ហ្គា (Anton Caragea) ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប បាន​និយាយថា ការប្រគល់​ជ័យលាភី​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក​ដល់​កម្ពុជា ដោយ​ផ្អែកលើ​ការអភិវឌ្ឍ​រីកចម្រើន និង​ការ​អនុវត្តបាន​យ៉ាង​ល្អ​លើ​វិស័យ​វប្បធម៌ និង​ទេសចរណ៍​កន្លងមក​៕
 

Tag:
 ហ៊ុន សែន​
 ​ ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com