ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ផ្ដល់​ភាពយុត្តិធម៌​សង្គម​
09, Dec 2017 , 3:59 pm        
រូបភាព
រូបតំណាង៖ មន្រ្តីការពារសិទ្ធិមនុស្សអាដហុក ដែលត្រូវបានឃុំខ្លួនកន្លងមក
រូបតំណាង៖ មន្រ្តីការពារសិទ្ធិមនុស្សអាដហុក ដែលត្រូវបានឃុំខ្លួនកន្លងមក
 
​ភ្នំពេញ​៖ សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ផ្ដល់​យុត្តិធម៌​ក្នុងសង្គម តាមរយៈ​ការបញ្ឈប់​ការ​រឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋាន និង​ការធ្វើ​ទុក​បុក​ម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស​។​



​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ដែលមាន​សហគមន៍ សហជីព និង​អង្គការ​សង្គម​ស៊ីវិល ១០៣​ស្ថាប័ន បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដែល​នាំ​ឲ្យ​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​។ ក្តី​ព្រួយបារម្ភ​របស់​ស្ថាប័ន​ទាំងនេះ បាន​រំឭក​ពី​ការព្រមាន​បិទ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ការឃាត់ខ្លួន​អ្នកកាសែត និង​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ​។ ស្ថាប័ន​ទាំង​១០៣​នេះ បានស្នើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិសេរីភាព​មូលដ្ឋាន និង​ការធ្វើ​ទុក​បុក​ម្នេញ​អ្នកការពារ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ។​
 
​សេចក្តីថ្លែងការណ៍​រួម ដែល​រំ​ឮ​ក​ពី​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សរសេរ​ដូច្នេះ​ថា​៖«​យើងខ្ញុំ​ក៏​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោលការ​ចោទប្រកាន់​និង​ការផ្តន្ទាទោស និង​ដោះលែង​អ្នក​ជាប់ឃុំ​មួយចំនួន​ដូចជា សកម្មជន អ្នកសារព័ត៌មាន និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការបំពេញ​ការងា​រ​ស្របច្បាប់​របស់​ខ្លូន​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​កម្ពុ​ជា​។ រាល់​ការស៊ើបអង្កេត​ណាមួយ​មកលើ​អង្គការ​សង្គម​ស៊ីវិល​គួរតែ​គោរព​នីតិវិធី​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកាន់​នូវ​គោលការណ៍​ឯករាជភាព និង​ភាពមិនលំអៀង​»​។​
 
​បន្ថែម​ពីនេះ​ស្ថាប័ន​ទាំងនេះ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​សង្គម​ស៊ីវិល អាច​បន្តការងារ​ស្របច្បាប់​របស់ខ្លួន ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដោយ​គ្មាន​ការ​រឹតត្បិត ឬ​ការរំលោភបំពាន ក្នុងការ​លើកស្ទួយ​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល តប​នឹង​ការស្នើ​របស់​ខាង​អង្គការ​សង្គម​ស៊ីវិល​នៅឡើយ​ទេ​។​
 
​តែ​យ៉ាងណា​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​និយាយថា កម្ពុជា​មិនមាន​ការរំលោភ​សិទ្ធិមនុស្ស​នោះទេ ហើយ​រាល់​ការបិទ​អង្គការ​សង្គម​ស៊ីវិល និង​ឃាត់ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​កន្លងមក ដោយសារតែ​អ្នក​ទាំងនោះ អនុវត្ត​ផ្ទុយ​ពី​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។ បើតាម​សម្ដេច ហ៊ុន សែន អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បានទទួល​ជំនួយ​ពី​បរទេស ដើម្បី​វាយ​រិះគន់ និង​វាយប្រហារ​មកលើ​រដ្ឋាភិបាល​។​
 
​ត្រង់ចំណុច​នេះ​ខាង​សង្គម​ស៊ីវិល ចាត់ទុកថា ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គ្រាន់តែ​ជា​លេស ក្នុង​ការយក​ប្រព័ន្ធ​ច្បាប់ ដើម្បី​រឹតបន្តឹង​សិទ្ធិ​បញ្ចេញមតិ និង​សកម្មភាព​នានា​របស់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​។​
 
​ជុំវិញ​បញ្ហា​ខាងលើនេះ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ពិតជា​មានការ​ព្រួយបារម្ភ ចំពោះ​ដំណើ​ការវិវត្ត​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា ដូចជា​ការរំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ បញ្ហា​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar បាន​សង្កេតឃើញថា ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នៅ​កម្ពុជា ហាក់​មាន​គោលបំណង​ផ្នែក​ណាមួយ ទៅ​ក្រុម​ដែល​រដ្ឋាភិបាល​គិតថា​ប្រឆាំង និង​គ្មាន​ផ្ដល់​ប្រយោជន៍​ដល់​ខ្លួន​។  
 
​ថ្លែង​នៅក្នុង​សន្និសីទកាសែត ស្តីពី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ថ្ងៃទី​៩ ធ្នូ លោក George Edgar បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មាន​អារម្មណ៍​ថា រយៈពេល​២ ទៅ​៣​ខែ​កន្លងមកនេះ ឃើញថា​ការអនុវត្ត​ច្បាប់​ហាក់ដូច​ជាមាន​ផ្នែក​ណាមួយ ដែល​រដ្ឋាភិបាល​ចង់​អនុវត្ត ដោយ​ផ្ដោតទៅលើ​ស្ថាប័ន​ទាំងឡាយណា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មើលឃើញថា​ហាក់​មានការ​ទិតៀន ឬក៏​មិន​ផ្ដល​អំណោយផល​មកដល់​រដ្ឋា​ភិ​បាល​»៕
 
 
 
 

Tag:
 អាដហុក​
 ​ សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com