កីឡាជាតិ
ជាតិ
កីឡាករ ស្រ៊ុន ច្រេស សុខចិត្ត​លាឈប់​ពី​ការងារ​ដើម្បី​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ​
10, Dec 2017 , 7:59 pm        
រូបភាព
ដោយ:
 ដោយ​ស្រលាញ់​ក្បាច់គុន​ល្បុក្កតោ​ដែលជា​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​កីឡាករ ស្រ៊ុន ច្រេស សម្រេចចិត្ត​លាឈប់​ពី​ការងារ​ជា​អ្នក​ក្រឡុក​ស្រា​ក្នុង​បា ដើម្បី​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ប្រចាំឆ្នាំ​២០១៧​។ ច្រេស បាន​បញ្ជាក់ថា ការលាឈប់​នេះ​បន្ទាប់ពី​កន្លែង​ការងារ​មិនអាច​ទទួលយក​លក្ខណ​សុំ​ច្បាប់ឈប់​របស់ខ្លួន​បាន​។ សិស្ស​គុន​នៅ​ក្លិប​ល្បុក្កតោ​បញ្ញា​សាស្ត្រ​រូបនេះ បានបង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំ និង​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការចូលរួម​លើកដំបូង​របស់គេ​។​

 
​អ្នកលេង​គុន​ល្បុក្កតោ ស្រ៊ុន ច្រេស បានសម្រេច​ចិត្ត​បោះបង់​ការងារ​ជា​អ្នក​ក្រឡុក​ស្រា​ក្នុង​បា​ដែលជា​ប្រភព​ចំណូល​របស់ខ្លួន​ដើម្បី​ចូលរួម​ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ដែល​រូបគេ​ស្រលាញ់​។ កីឡាករ​មកពី​ខេត្តកំពង់ចាម​រូបនេះ​បាន​បញ្ជាក់ថា ការសម្រេច​សុំ​ឈប់​ពី​ការងារ​នេះ​បន្ទាប់ពី​កន្លែង​ការងារ​មិនអាច​បំពេញ​តាម​លក្ខណ​ចង់បាន​របស់ខ្លួន ពោលគឺ​រូបគេ​ត្រូវ​ការសុំ​ពីរលើក​ក្នុង​ខែ​នេះ​តែ​ក្រុមហ៊ុន​មិន​អនុញ្ញាត​។ កីឡាករ​រូបនេះ ត្រូវសុំ​ច្បាប់​ចូលរួម​ប្រកួត​គុន​ល្បុក្កតោ​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​ឆ្នាំនេះ និង​ដើម្បី​ចូលរួម​សម្តែង​គុន​ល្បុក្កតោ​នា​ថ្ងៃទី​១៦ ធ្នូ នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ដែល​ខ្លួន​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​សិស្ស​គុន​មកពី​ក្លិប​ល្បុក្កតោ​បញ្ញា​សាស្ត្រ​រូបនេះ​បានបញ្ជាក់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​ការដែល​ខ្ញុំ​សម្រេចចិត្ត​ធ្វើបែបនេះ​ដោយសារ​ខ្ញុំ​ស្រលាញ់​ក្បាច់គុន​ល្បុក្កតោ ហើយ​ខ្ញុំ​ចង់​ចូលរួមចំណែក​ថែរក្សា​និង​អភិរក្ស​ក្បាច់គុន​ដែល​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ និង​ចង់បង្ហាញ​ឲ្យ​បរទេស​ឃើញថា​ខ្មែរ​មាន​ក្បាច់គុន​បែប​វប្បធម៌​ដ៏​អស្ចារ្យ​»​។​
 
​ក្រោយ​បង្ហាញ​ពី​អារម្មណ៍​ភិតភ័យ​សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន ច្រេស ដែលជា​តួ​សម្តែង​ក្នុង​រឿង Jack Break បានបង្ហាញ​ពី​ក្តី​រំពឹង​និង​ការជឿជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រាង​ភ័យ​បន្តិច តែ​ក៏​ចង់​ប្រកួត​ណាស់ដែរ​។ ខ្ញុំ​សង្ឃឹម​ខ្លាំង​និង​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ថា ខ្ញុំ​អាចធ្វើ​បាន​»​។​
 
​អ្វីៗ​ខុសពី​ការតាំង​ចិត្ត​និង​ការរំពឹង​របស់​សិស្ស​គុន​ក្លិប​ល្បុក្កតោ​បញ្ញា​សាស្ត្រ​រូបនេះ ស្រ៊ុន ច្រេស ដែល​ប្រកួត​លើ​វិញ្ញាសា​សម្តែង​មេគុន​ល្បុក្កតោ​ត្រូវបាន​ធ្លាក់​ត្រឹម​វគ្គ​ដំបូង​ក្រោ​ច​ចាញ់​គូប្រកួត​របស់ខ្លួន​។ តែ​យ៉ាងណា ច្រេស មិន​មានការ​អន់ចិត្ត​ចំពោះ​លទ្ធផល​នេះឡើយ ដោយ​រូបគេ​ចាត់ទុក​ការ​ចាញ់​នេះ​ជា​បទពិសោធ​សម្រាប់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​។ 
 
​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ជាង​២០០​នាក់​មកពី​១៧​ក្លិប​-​សមាគម​ក្នុង​៥​រាជធានី​ខេត្ត​ចូលរួម​។ ការប្រកួត​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាល​ដំបូលទូក​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕  
 
 
 

Tag:
 ល្បុក្កតោ​
  ស្រ៊ុន ច្រេស​
  ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com