កីឡាជាតិ
ជាតិ
ម៉ា វី​រ៉ូ បានកំណត់​ត្រា​ប្រសើរ​ជាង​មុន​១​នាទី​ក្នុង​ការប្រកួត​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ
10, Dec 2017 , 10:39 pm        
រូបភាព
Front កីឡាករ ម៉ា វីរ៉ូ ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗក្រោយការប្រកួតពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២២
Front កីឡាករ ម៉ា វីរ៉ូ ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗក្រោយការប្រកួតពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២២
ដោយ:
 កីឡាករ​អត្តពលកម្ម​ឆ្នើម​របស់​កម្ពុជា ម៉ា វី​រ៉ូ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​នា​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​លើក​ទី​២២​នៅលើ​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៧​។ ទោះបី​លទ្ធផល​មិនសូវ​ល្អ​តែ វី​រ៉ូ ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​ព្រោះ​រូបគេ​សម្រេចបាន​កំណត់ត្រា​ល្អ​ជាង​មុន​។ ម្យ៉ាង​ឆ្នាំនេះ​មានការ​ប្រកួតប្រជែង​ខ្លាំង​ខុសពី​ឆ្នាំមុន​ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​រហូត​ជាង​១​ម៉ឺន​នាក់​។​

 
«​ខ្ញុំ​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​ព្រោះ​ខ្ញុំ​បាន​ប្រឹង​អស់ពី​សមត្ថភាព តែដោយសារ​មាន​កីឡាករ​បរទេស​ខ្លាំង​ជាង​ទើប​ខ្ញុំ​ទទួលបាន​លេខ​៣​។ ទោះបីយ៉ាងណា​ខ្ញុំ​សប្បាយ​ចិត្តនឹង​ទទួលយក​ដោយសារ​ឆ្នាំនេះ​ខ្ញុំ​ប្រើពេល​តែ​១​ម៉ោង​១៥​នាទី ខណៈ​លេខ​២​ឆ្នាំ​២០១៦​ខ្ញុំ​ប្រើ​១​ម៉ោង​១៦​នាទី​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ ម៉ា វី​រ៉ូ ហើយ​បាន​បន្ថែមថា ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​ខ្លាំង​ចូលរួម​ច្រើន​ដែល​ធ្វើ​ឲ្យ​ការប្រកួត​មាន​សភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​ឆ្នាំមុន​។ 
 
 
 
​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​អន្តរជាតិ​អង្គរ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​កជាង​១​ម៉ឹ​ន​នាក់​មកពី​៧៦​ប្រទេស​ចូលរួម​ក្នុងនោះ​កម្ពុ​ជាមាន​ជាង​៥០​ម៉ឺន​នាក់​និង​បរទេស​ជាង​៥០​ម៉ឺន​នាក់​។ អត្ត​ព​លិ​ក​ទាំងនេះ​ប្រកួតប្រជែង​លើ​៣​វិញ្ញាសា​គឺ​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​, រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​រត់​បែប​កម្សាន្ត​៣​គីឡូម៉ែត្រ​។​
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​មួយ​ព្រឹក​ពេញ​នៅ​បរិវេណ​អង្គរធំ​កីឡាករ​ចិន Qi Bian គ្រង​ជើងឯក​វិញ្ញាសា​ពាក់កណ្តាល​ម៉ារ៉ាតុន​ក្រោយ​ប្រើពេល​១​ម៉ោង​១២​នាទី​២៤​វិនាទី ដែល​តាម​ពីក្រោយ​ដោយ​កីឡាករ Takizaki Kuniaki និង​កីឡាករ ម៉ា វី​រ៉ូ ក្រោយ​ប្រើ​ថេរវេលា​ជា​បន្តបន្ទាប់​១​ម៉ោង​១៤​នាទី​៤២ និង​១​ម៉ោង​១៥​នាទី​៣៥​វិនាទី​។​
 
 
 
​ដោយ​ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ប្រើ​ទីធ្លា​មុខ​ប្រាសាទ​អង្គរតូច​ដើម្បី​រៀបចំ​ពិធីបួងសួង​ចម្រើន​ក្តី​សុខ​ជូន​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​ដែល​រៀបចំ​រៀងរាល់ឆ្នាំ​ត្រូវ​ផ្លាស់​ទីតាំង​រត់​ទៅធ្វើ​នៅ​បរិវេណ​ប្រសាទ​បាយ័ន​(​អង្គរធំ​)​។ តែ​ការផ្លាស់​ទីតាំង​នេះ មិនបាន​រាំងស្ទះ​ដល់​ដំណើរ​ការរៀប​ចំឡើយ ពោលគឺ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​និង​ចប់​ដោយ​ជោគជ័យ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ដូច​សព្វដង​។​
 
​ផ្ទុយទៅវិញ​ការផ្លាស់ប្តូរ​នេះ​ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ថែមទៀត​ផង ព្រោះ​ពួកគេ​បាន​រត់​លើ​ទី​តាំ​អ​ថ្មី​ដែលមាន​ទេសភាព​ស្អាត និង​ប្រាង្គ​ប្រាសាទបុរាណ​ថ្មីៗ​ជាច្រើន​។ លើសពីនេះ​អត្ត​ព​លិ​ក​ទាំងនេះ​មិនមាន​ការបារម្ភ​ខ្លាច​រឿង​វង្វេងផ្លូវ​ឡើយ​ដោយសារ​ផ្លូវ​រត់​នៅ​បរិវេណ​អង្គរធំ​មិន​ស្មុគស្មាញ​ដូច​ផ្លូវ​នៅ​បរិវេណ​អង្គរតូច​នោះទេ​។​
 
 
 
​កីឡាករ ម៉ា វី​រ៉ូ ដែល​តែងតែ​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​បានបង្ហាញ​ការយល់ឃើញ​ចំពោះ​ការប្តូរ​ទីតាំង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ល្អ​ម្យ៉ាងដែរ​សម្រាប់​ការរត់​នៅ​បរិវេណ​អង្គរធំ ព្រោះ​ផ្លូវ​មិនមាន​ភាព​រញ៉េរញ៉ៃ គឺ​មានតែ​ទៅហើយ​នឹង​មក បើ​ផ្លូវ​កាច់​ចុះ​កាច់​ឡើង​អាចធ្វើ​ឲ្យ​យើង​វង្វេង​។ តែ​ស្ថានភាព​ផ្លូវ​មានការ​លំបាក​ជាង​មុខ​អង្គរតូច ជាពិសេស​ផ្លូវ​មុខ​បញ្ចប់​ទី​ដោយសារ​គណៈកម្មាកា​រៀបចំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ថតរូប​រញ៉េរញ៉ៃ​ធ្វើ​ឲ្យ​មាន​ភាព​តូចចង្អៀត​»​។​
 
​ទន្ទឹមនឹង​ទទួលស្គាល់ថា​កីឡាករ Qi Bian មាន​សមត្ថភាព​ខ្លាំង​ជាង​ខ្លួន​ម្ចាស់​ចំណាត់ថ្នាក់​លេខ​៣​រូបនេះ​យល់ថា ភាពខុសគ្នា​រវាង​សមត្ថភាព​គេ​និង​កីឡាករ​ចិន​អាច​បណ្តាលមកពី​កត្តា​ជីវភាព ពេលវេលា និង​ទីតាំង​ហ្វឹកហាត់​។ កីឡាករ ម៉ា វី​រ៉ូ ជឿ​ង​ជាក់​ថា ប្រសិនបើ​គេ​មានលទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​ត្រឹមតែ​៣​ខែ​ប៉ុណ្ណោះ​សមត្ថភាព​របស់គេ​នឹង​អាច​ឈានដល់​កម្រិត​កី​ឡករ Qi Bian ជាក់​ជាមិនខាន​។ ការបង្ហាញ​ទំនុកចិត្ត​បែបនេះ​ដោយសារ​រូបគេ​ធ្លាប់​ឈានដល់​កម្រិត​នេះ​ម្តង​រួចមកហើយ​ពេល​ចូលរួម​ប្រកួត​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​៕


















Tag:
 ម៉ា វី​រ៉ូ​
  ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com