ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ស្រឡាញ់កូនមិនស្មើគ្នា ដូចបំផ្លាញអនាគតកូន
× វាមិនប្រាកដជាការតាំងចិត្តឡើយ ដែលឪពុកម្ដាយអាចបង្ហាញក្តីស្រលាញ់កូនមិនស្មើគ្នា។ ប៉ុន្តែការដែលកូនណាម្នាក់ទទួលអារម្មណ៍ពីក្តីស្រឡាញ់មិនស្មើគ្នា ហើយរងសម្ពាធលើផ្លូវចិត្តនោះ វាជារឿងប្រាកដណាស់។ បច្ច័យអាក្រក់ គឺធំធេង។
ក្មេងស្រីម្នាក់ក្លាយជាមនុស្សមានជំងឺថប់អារម្មណ៍ ហើយបានបណ្ដាលឲ្យនាង ក្លាយជាមនុស្សម្នាក់ដែលពិបាកចុះសម្រុងជាមួយមនុស្សក្នុងសង្គម។ នេះគឺជាបទពិសោធន៍មួយ ដែលកើតឡើងជាមួយនារីម្នាក់ ដែលយើងសូមដាក់ឈ្មោះថា រីកា។ នាងជាកូនពៅនៅក្នុងគ្រួសារ ហើយម្ដាយឪពុករបស់នាងមិនបានស្រលាញ់នាងដូចបងៗនោះទេ។
រីកា បាននិយាយថា មូលហេតុដែលបណ្ដាលឲ្យឪពុកម្ដាយរបស់នាង មិនស្រលាញ់នាងដូចបងៗគឺដោយសារ នៅក្នុងកំណើតរបស់នារីវ័យក្មេងរូបនេះ មិនបានផ្ដល់នូវលាភសំណាងដល់គ្រួសារដូចបងៗរបស់នាង។ «នៅពេលដែលមានមនុស្សច្រើន ខ្ញុំតែងមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំខ្លាចគេវាយតម្លៃមិនល្អចំពោះខ្ញុំ។ ខ្ញុំតែងគិតថា ខ្ញុំធ្វើអ្វីឆ្គាំឆ្គងនៅចំពោះមុខគេ។ ក្នុងស្ថានភាពដូចនេះ បេះដូងខ្ញុំលោតញាប់ ថប់ដង្ហើម រោយកញ្ចឹងក...»។ រីកា កំពុងរៀបរាប់អំពីអការៈជំងឺរបស់នាង ដោយបញ្ជាក់បន្ថែមថា នាងបាត់បង់ឱកាសរាប់អានមិត្តភក្តិជាច្រើន និងឱកាសបង្ហាញសមត្ថភាពខ្លួនឯង ដោយសារអារម្មណ៍បាត់បង់ទំនុកចិត្តលើខ្លួនឯងយ៉ាងដូច្នេះ។
មានឧទាហរណ៍មួយផ្សេងទៀត ដែលជាករណីកូនច្បង។ កញ្ញា រក្សា (ឈ្មោះប្រឌិត) ឆ្នាំនេះអាយុ២០ឆ្នាំហើយ។ រហូតដល់បច្ចុប្បន្ននេះ រក្សានៅមានអារម្មណ៍មិនល្អចំពោះប្អូនប្រុសរបស់នាង ដែលតែងតែធ្វើឲ្យនាងត្រូវរំពាត់ឪពុកម្តាយញឹកញាប់ តាំងពីពួកគេនៅកុមារភាព។ រក្សា រំឮកថា៖«នៅពេលដែលគាត់វាយខ្ញុំម្ដងៗ ខ្ញុំខឹងណាស់ ជាពិសេសនៅពេលដែលខ្ញុំមិនខុសអីផងនោះ។ ប្អូនខ្ញុំតែងតែត្រូវជានិច្ច ទោះគាត់ធ្វើខុស ឬវាមិនជួយការងារផ្ទះក៏ដោយ។ ម៉ាក់ប៉ាខ្ញុំ តែងតែនិយាយថា មកពីប្អូននៅក្មេង អ៊ីចឹងខ្ញុំជាបងត្រូវធ្វើជំនួស និងត្រូវមើលថែប្អូន»។
នៅពេលសួរអំពីការស្រឡាញ់កូនមិនស្មើគ្នា អ្នកស្រី សុខ សំអាន (ឈ្មោះតាង) បានផ្តល់ការពន្យល់បែបសាមញ្ញមួយដែលឪពុកម្តាយគ្រប់គ្នាតែងតែនិយាយ។ «ឪពុកម្តាយតែងស្រឡាញ់កូនស្មើៗគ្នា។ តែកូនប្អូននៅក្មេង ឪពុកម្តាយបារម្ភជាង។ រីឯកូនបងចេះគិតបានច្រើនជាងកូនប្អូន»។ អ្នកស្រី សំអាន ថ្លែងយ៉ាងនេះដោយបញ្ជាក់ថែមថា អ្នកស្រីក៏ជាកូនបងនៅក្នុងគ្រួសារ ហើយក៏ទទួលបានពិសោធន៍នឿយហត់ និងត្រូវរំពាត់របស់ឪពុកម្តាយដោយសារប្អូនៗរបស់អ្នកស្រីដូចគ្នាដែរ។
ការយល់ឃើញរបស់ឪពុកម្ដាយបែបនេះត្រូវបាន វេជ្ជបណ្ឌិតចិត្តសាស្ត្រ លោក ឈឹម សុធារ៉ា ច្រានចោល។ លោកវេជ្ជបណ្ឌិតពន្យល់ថា កត្តាដែលស្រលាញ់កូនមិនស្មើគ្នា អាចធ្វើឲ្យកូនដែលមិនទទួលបានការស្រឡាញ់ដិតដល់ កើតមានជាអារម្មណ៍តូចចិត្ត អស់ង្ឃឹម និងធ្លាក់ទឹកចិត្ត បាត់បង់សមត្ថភាពក្នុងការសិក្សា ការងារ ឬមានអាកប្បកិរិយាមិនល្អក្នុងសង្គមជាដើម។ លោកវេជ្ជបណ្ឌិតចិត្តសាស្ត្រ បញ្ជាក់ យ៉ាងដូច្នេះថា៖«ជួនកាលអារម្មណ៍បែបនេះ វាអាចកើតមានយូរ រហូតដល់គាត់មានជំងឺផ្លូវចិត្ត។ ជាងនេះទៅទៀត កូនដែលមិនទទួល បានការស្រឡាញ់ អាចនៅមានគំនុំក្នុងចិត្តចំពោះឪពុកម្តាយ ហើយគេអាច ធ្វើអ្វីផ្តេសផ្តាស ដើម្បីជាការដាក់ទណ្ឌកម្ម សងសឹកដល់ឪពុកម្តាយវិញ ដូចជាធ្វើអំពើខុសច្បាប់បំផ្លាញ ទ្រព្យសម្បត្តិ កិត្តិយសឪពុកម្តាយជាដើម»។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅមានអបិយជំនឿថា កូនខ្លះកើតមកនាំសំណាង និងមិននាំសំណាង។ ការបែកចែកបែបនេះ បានធ្វើឲ្យសង្គមគ្រួសារមួយ មិនមានភាពចុះសម្រុង។ បើសិនជាបន្តទម្លាប់នៃការរើសអើង បែងចែកនេះ សង្គមមួយទាំងមូល ក៏អាចពិបាកមានភាពរួបរួមគ្នាដែរ។ ទាំងអស់នេះ ជាអ្វីដែលឪពុកម្ដាយគ្រប់រូប គួរពិចារណាឡើងវិញ អំពីការផ្ដល់ក្ដីស្រលាញ់ ដល់កូនឲ្យបានស្មើៗគ្នាពិតប្រាកដ៕
Tag:
គ្រួសារ
អនាគត
កូន
ស្រលាញ់
សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com