ជាតិ
ប្រាសាទបន្ទាយស្រី​បុរាណ​ដ្ឋា​ន​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​ក្នុង​តំបន់​អង្គរ​
10, Dec 2017 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រាសាទបន្ទាយស្រី មិនដឹងថា​មានឈ្មោះ​ដើម​ថា​ដូចម្តេច​ទេ​។ តាមរយៈ​សិលាចារឹក​ប្រាសាទ​នេះ​សរសេរថា សាង​ទ្បើង​នៅ​ឆ្នាំ​៩៦៧​នៃ​គស ក្នុង​រាជការ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ​នៃ​សា​សា​នា​ព្រាហ្មណ៍ នៅក្នុង​ស្រុក​មួយ​ដែលមាន​ឈ្មោះ «​ស្រី​ឦ​ស្វរ​បុ​រ​» ប្រែ​ថា "​បុរី​ដែលជា​ទីឋាន​របស់​ឥសូរ​"​។

 
​ប្រាសាទបន្ទាយស្រី​មាន​រាង​តូច​ច្រឡឹង លម្អ​ដោយ​ក្បូរក្បាច់​រចនា​យ៉ាង​ល្អិត​ឆ្មារ​ដ៏​ស្រស់ស្អាត​នៅលើ​ផ្ទាំង​ថ្ម​ព​ណ៌‌​ផ្កាឈូក​។ មិនតែប៉ុណ្ណោះ​មាន​ចម្លាក់​ផ្កា​ភ្ញី និង​រឿង​ទេវ​កថា​ផ្សេងៗ​ទាក់ទង​នឹង​ព្រះ​ឥសូរ ព្រះ​នារាយណ៍ រឿង​រាមកេរ្តិ៍ រឿង​មហា​ភារត​ជាដើម​យ៉ាង​រស់​រវើក​នៅ​លើ​ផ្តែរ​និង​ហោរ​ជាង​ផងដែរ​។​
 
​ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចម្ងាយ​៣៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទី​រួម​ខេត្តសៀមរាប​និង​មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត​តាមផ្លូវ​ឆ្ពោះទៅ​ភ្នំ​គូលែន​។ រចនា​សម្ពន្ធ​ប្រាសាទ​សង់​ឡើង​ពី​ថ្មភក់​ពណ៌​ផ្កាឈូក​និង​ឥដ្ឋ​រាង​៤​ជ្រុង​ទ្រវែង​លើដី​រាបស្មើ មាន​គូ​ទឹក​ព័ទ្ធជុំវិញ ហើយ​មាន​តួ​ប្រាង្គ​បី​សង់​លើ​ខឿន​តែមួយ បែរមុខ​ទៅ​ទិសខាងកើត ដោយ​ប្រាង្គ​កណ្តាល​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​ក្រោម​រូប​ស្នង​ជា​សិវលិង្គ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រហ្ម និង​ខាងជើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​នារាយណ៍​។​
 
​ប្រាសាទបន្ទាយស្រី​ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ដោយ​អ្នក​អភិរក្ស​ជាតិ​បារាំង​នៅ​ឆ្នាំ​១៩១៦ ហើយ​ចាប់ពី​ឆ្នាំ​១៩២៤​មក សាលា​បារាំង​ចុង​បូព៌ា (EFEO) បានធ្វើការ​ត្រួសត្រាយ​ព្រៃ​និង​ចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​។ នៅ​ឆ្នាំ​១៩៣១-១៩៣៦ ការជួសជុល​លើកដំបូង​តាម​បច្ចេកទេស​អាណា​ស្ទី​ឡូ ដឹកនាំ​ដោយ​លោក Henry Marchal ដោយ​យក​លំនាំ​តាម​ការជួសជុល​ប្រាសាទ Prambanan​កោះ​ជ្វា​កណ្តាល​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។ ការជួសជុល​ពេលនោះ គឺធ្វើឡើង​ទៅលើ​ប្រាសាទ​កណ្តាល និង​រចនា​សម្ពន្ធ​ខ្លះៗ តែ​នៅមាន​រចនា​សម្ពន្ធ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​ជួសជុល ហើយ​ទាមទារ​ការអភិរក្ស​ជួសជុល​ជា​បន្តទៀត​។​
 
​ចាប់ពី​ឆ្នាំ​១៩៩៤​មក អាជ្ញាធរ​ជាតិ​អប្សរា​ដែលមាន​ភារកិច្ច​ថែរក្សា គ្រប់គ្រង រៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ ក៏បាន​ធ្វើការ​ជួសជុល​និង​អភិរក្ស​ប្រាសាទបន្ទាយស្រី​ដោយ​អ្នកជំនាញ​ខ្មែរ ដូចជា​រៀបចំ​គំនរ​ថ្ម ផ្តែរ ហោរ​ជាង​ដែល​ធ្លាក់​រប៉ាត់រប៉ាយ​ឱ្យមាន​រៀប​រៀបរយ ជួសជុល​ខ្លោងទ្វារ បោចស្មៅ​លើ​ប្រាសាទ ថែរក្សា​បរិស្ថាន​ជាដើម​។ លើសពីនេះ​ក៏បាន​រៀបចំ​ទិសដៅ​ទស្សនា អាហា​រដ្ឋា​ន កន្លែង​លក់ដូរ ចំណត​យានយន្ត​គ្រប់​ប្រភេទ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ បញ្ជរ​ទទួលភ្ញៀវ កន្លែង​សង្គ្រោះ​បឋម​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ និង​បង្កើត​ក្រម​ប្រតិបត្តិ​អង្គរ​ឱ្យ​ភ្ញៀវ​គោរព​តាម​ផងដែរ​។ លើសពីនេះទៅទៀត មាន​ផ្លូវ​ខ្វាត់ខ្វែង​អមដោយ​ទេសភាព​ពណ៌​បៃតង​ស្រស់បំព្រង​នា​រដូវវស្សា ពិតជា​គួរឱ្យ​គយគន់​និង​ផ្តិត​យក​រូបភាព​ទុក​៕
 
​អត្ថបទ និង​រូបភាព ផ្តល់​សិទ្ធិ​ដោយ​៖ អាជ្ញាធរ​ជាតិ​អប្សរា​
 
 
 
 



















© រក្សាសិទ្ធិដោយ thmeythmey.com