ជាតិ
អាមេរិ​ក​ផ្ដល់​ថវិកា​៥​ម៉ឺន​ដុ​លា្ល​រ ដើម្បី​អភិរក្ស​វត្ថុតាង​វាយ​ន​ភណ្ឌ នៅ​សារមន្ទីរ​ទួលស្លែង​
11, Dec 2017 , 10:19 pm        
រូបភាព
ដោយ:
​អាមេរិក​បានផ្ដល់​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​អភិរក្ស​វត្ថុតាង​វាយ​ន​ភណ្ឌ ដែល​បន្សល់​ពី​សម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៥-១៩៧៩ នៅ​សារមន្ទីរ​ទួលស្លែង​។ គម្រោង​ដំបូង​នេះ​មាន​រយៈពេល​១​ឆ្នាំ ដែល​នឹងត្រូវ​អនុវត្ត នៅ​ខែមករា​ឆ្នាំ​២០១៨ ។



​ជំនួយ​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​នេះ នឹង​ជួយ​ដល់​ការអភិរក្ស សម្ភារ​របស់​ជនរងគ្រោះ ដែល​បន្សល់​មកពី​សម័យ​ខ្មែរក្រហម ដូចជា​សំលៀកបំពាក់ និង​វត្ថុ​មួយចំនួន​ដែលមាន​ជាប់​ឈាម​របស់​ជនរងគ្រោះ​ជាដើម​។ លោក William Heidt អគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា សម្ភារៈ​ទាំងនេះ គឺជា​ភស្តុតាង​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ត្រូវ​ថែរក្សា​ទុក​ឲ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ 



​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ផ្តល់ជំនួយ​ស្ដីពី «​ការអភិរក្ស​វត្ថុតាង​វាយ​ន​ភណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង​» នៅ​ថ្ងៃទី ១១ ធ្នូ​នេះ លោក William Heidt បាន​និយាយ​ដូច្នេះ​ថា​៖«​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មកនេះ​សម្ភារ​ទាំងអស់​បាន​វិវឌ្ឍន៍​ទៅរក​ភាព​ខូចខាត ហើយ​សម្ភារ​ដែល​បាន​បន្សល់ទុក​ដោយ​ជនរងគ្រោះ​នៅ​សម័យ​ខ្មែរក្រហម បាន​ឲ្យ​យើងទាំងអស់គ្នា​បានដឹង​ពី​ភាព​តក់ស្លុត និង​ភាពឈឺចាប់​របស់​ពួកគេ ក្នុងនោះ​ភាគច្រើន​ជា​សំលៀកបំពាក់​របស់​កុមារ ហើយ​និង​មនុស្ស​ផ្សេងទៀត​ដែល​បាន​រងគ្រោះ​នៅ​សម័យ​ខ្មែរក្រហម​»​។

​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​និយាយថា សកម្មភាព​អាមេរិក លើ​គម្រោង​អភិរក្ស​វាយ​ន​ភណ្ឌ​នៅ​មន្ទីរ​ទួលស្លែង​នេះ ពិតជា​មាន​សារសំខាន់​សម្រាប់​ជួយ​ឲ្យ​កម្ពុជា​រក្សា​វត្ថុតាង​ប្រវត្តិសាស្ត្រ ដើម្បី​បន្សល់ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែងយល់​ពី​ឧក្រឹដ្ឋ​កម្ម ដែល​ពួក​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​នៅ​ឆ្នាំ​១៩៧៥-១៩៧៩​។​



«​គម្រោង​នេះ​មិន​ត្រឹមតែ​អភិរក្ស​វត្ថុតាង​វាយ​ន​ភណ្ឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ជា​និរន្តរភាព​នៃ​ការជួសជុល​វិស័យនេះ​ទៅនា​ពេលអនាគត ក្រោយពី​បញ្ចប់​គម្រោង​នេះ​ទៅ​»​។ នេះ​បើតាម​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​។​

​សារមន្ទីរ​ទួលស្លែង​(​មន្ទីរ​ស​២១)   បាន​ប្រមូលយក​ភស្តុតាង​វាយ​ន​ភណ្ឌ​ជនរងគ្រោះ មក​ដាក់តាំង​បង្ហាញ​ជា​សាធារណជន នៅ​អា​គារខ​ជាន់​ទី​១​។ គំនរ​ខោអាវ​ទាំងនោះ​ពិបាក​គ្រប់គ្រង ដោយសារ​រង​ការបំផ្លាញ​ពី​សត្វល្អិត ។ វាយ​ន​ភណ្ឌ​ទាំងនោះ​រួមមាន ខោអាវ ស្បែកជើង ខ្សែក្រវ៉ាត់ កាបូប​ដាក់​លុយ សាក់​កាដូ​ស្ពាយ មួក​និង​មាន​សម្ភារ​ជាច្រើន​ទៀត​។ ចំណែក​ជនរងគ្រោះ​បាត់បង់​ជីវិត​នៅ​គុក​ទួលស្លែង (​មន្ទីរ​សរ​២១) មាន​ចំនួន​១៨០០០​នាក់​។ នេះ​បើតាម​ប្រធាន​សារមន្ទីរ​ទួលស្លែង លោក ឆាយ វិសុទ្ធ ។​



​កន្លងមក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ទទួល​ជំនួយ​ពី​មូលនិធិ​ពី​អាម​រិ​ក ដើម្បី​ថែរក្សា​វប្បធម៌​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។ គម្រោង​ទាំងនោះ​ផ្តោតទៅលើ​ការជួសជុល និង​ការអភិរក្ស​ប្រាសាទ​ការចុះបញ្ជី​សារពើភ័ណ្ឌ ការទប់ស្កាត់​ចរាចរ​វត្ថុ​បុរាណ​ខុសច្បាប់ និង​ការអប់រំ​ផ្សព្វផ្សាយ​នានា​ទាក់ទង​នឹង​ការជួញដូរ​វត្ថុ​បុរាណ​។ នេះ​ជាការ​លើកឡើង​របស់ លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ៕








Tag:
 William Heidt
 ​ ជុច ភឿន​
  ​ឆាយ វិសុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com