ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ កោះហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​កងទ័ព​
12, Dec 2017 , 10:43 am        
រូបភាព
រូបភាព៖ លោក សម រង្ស៊ី ស្ថិតក្នុងកិច្ចពិភាក្សាជាមួយសហការី ក្នុងប្រទេសបារាំង កាលពីកន្លងមក ជុំវិញបញ្ហាកងទ័ពកម្ពុជា
រូបភាព៖ លោក សម រង្ស៊ី ស្ថិតក្នុងកិច្ចពិភាក្សាជាមួយសហការី ក្នុងប្រទេសបារាំង កាលពីកន្លងមក ជុំវិញបញ្ហាកងទ័ពកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២0១៨ ខាងមុខ ជុំវិញ​បណ្តឹង​របស់​កងទ័ព​ក​ម្ពុ​ជា​។​



​ព្រះរាជអាជ្ញារង សៀង សុខ បានចេញ​ដីកា​ដោយឡែក​មួយទៀត ដើម្បី​កោះហៅ​លោក លោក វង្ស ភក្តី មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែលជា​ភាគី​ដើមបណ្តឹង ឲ្យ​ចូល​បំភ្លឺ​។ យោងតាម​ដីកា លោក​មេធាវី វង្ស ភក្តី ត្រូវ​ចូលទៅ​បំភ្លឺ​នៅមុខ​ព្រះរាជអាជ្ញារង នៅ​ថ្ងៃទី​១៨ ធ្នូ ។ ចំណែក​លោក សម រង្ស៊ី ត្រូវ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១១ មករា ឆ្នាំ​២0១៨​។

​លោក​មេធាវី វង្ស ភក្តី បាន​យក​បណ្តឹង​ទៅ​ដា​ក់នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែធ្នូ ដើម្បី​សុំ​ប្តឹង​លោក សម រង្ស៊ី ពីបទ «​ញុះញង់​កុំ​ឲ្យ​កងទ័ព​ស្តាប់បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​»​។ ការប្តឹង​នេះ គឺ​បន្ទាប់ពី​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ធ្វើ​សន្និសីទកាសែត​រួច អំពី​សម្តី​របស់លោក សម រង្ស៊ី ដែល​អាច​ចាត់ទុកថា​ជាការ​ញុះញង់​កងទ័ព ដោយ​មិនអាច​លើកលែង​ឲ្យ​បាន​។

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ដែល​ហ៊‌ុ​ម​ព័ទ្ធ​ទៅដោយ​បណ្តឹង​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​មានឈ្មោះ​ជា​ទណ្ឌិត​ស្រាប់​ទៅហើយនោះ ហាក់​មិន​ព្រួយបារម្ភ​អ្វី​ឡើយ​។ តាមរយៈ​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Twitter លោក សម រង្ស៊ី បា​ស្វាគមន៍ ហើយ​ថែមទាំង​ជំរុញ​ឲ្យ​មានការ​ដាក់​បណ្តឹង​ប្រឆាំងនឹង​រូបលោក នៅក្នុង​រឿងនេះ ថែមទៀត​៕
អត្ថបទទាក់ទង





Tag:
 សម រង្ស៊ី​
  កងទ័ព​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com