ជាតិ
​​​ន​យោ​បាយ​ជាតិ​
អឺរ៉ុប សម្រេច​ផ្តាច់ជំនួយ​ជា​ផ្លូវការ លើ​ការបោះឆ្នោត​នៅ​កម្ពុជា
12, Dec 2017 , 4:11 pm        
រូបភាព
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា
លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា
​ភ្នំពេញ​៖ បន្ទាប់ពី​ព្រមាន ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​សកម្មភាព​ជាក់ស្តែង ដោយ​សម្រេច​ផ្តាច់ជំនួយ​ជា​ផ្លូវការ ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប )​។ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​សរសេរ​លិខិត​ស្តីពី​ការ​ផ្តាច់ជំនួយ​នេះ ទៅកាន់​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​០១៧​។



​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែលមាន​ប្រជាពលរដ្ឋ​ជាង​៤០​ភាគរយ គាំទ្រ គឺជា​មូលហេតុ​ធំ​បំផុត ដែល​នាំ​ឲ្យ​សហភាព​អឺរ៉ុប សម្រេច​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​លិខិត​របស់លោក George Edgar​។

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រ​ឆាំ​កម្ពុជា បាន​ប្រាប់​ប្រធាន​គ​.​ជ​.​ប ក្នុង​លិខិត​យ៉ាង​ដូច្នេះ​ថា​៖«​ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ មានន័យថា ការរៀបចំ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ មិនអាច​ទៅរួច​នោះទេ​។ ដំណើរ​ការបោះឆ្នោត ដែល​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង នឹងមាន​ភាពស្របច្បាប់​ឡើយ​។ សហភាព​អឺរ៉ុប គ្មាន​ជំនឿ​ទាល់តែសោះ ថា​នឹងមាន​ការបោះឆ្នោត ដែល​គួរ​ឲ្យ​ទុកចិត្តបាន​»​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប ឆ្លើយតប​ថា ការផ្តាច់​ជំនួយ​ពី​សហភាព​អឺរ៉ុប មិនបាន​ធ្វើ​ឲ្យ​គ​.​ជ​.​ប ព្រួយបារម្ភ​ឡើយ​។  លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទោះជា​សហភាព​អឺរ៉ុប ផ្តាច់ជំនួយ​ក្តី តែ​គ​.​ជ​.​ប នៅតែមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការបោះឆ្នោត ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ត្រឹមត្រូវ​។

​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មាន​សម្ភារ ឧបករណ៍​បច្ចេកទេស​ផ្សេងៗ និង​បាន​ត្រៀម​ថវិកា​រួចរាល់​អស់ហើយ​។ ការព្យួរ​ជំនួយ​នេះ មិន​រាំងស្ទះ​ដល់គ​.​ជ​.​ប នោះទេ​»​។

​បើតាម​លោក សោម សូ​រី​ដា ជំនួយ ដែល​សហភាព​អឺរ៉ុប បានផ្តល់​ឲ្យ​គ​.​ជ​.​ប កន្លងមក មាន​ទំហំ​ប្រហែលជា​៥​លាន​ដុល្លារ​៕
អត្ថបទទាក់ទង



Tag:
 EU
  គជប​
  ផ្តាច់ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com