អន្តរជាតិ
អ្នកការទូតចិន៖ ចិននឹងប្រើទ័ពវាយប្រហារតៃវ៉ាន់ភ្លាម ឲ្យតែនាវាចម្បាំងអាមេរិកហ៊ានចូលសំចតនៅទីនោះ
× បេសកជនការទូតចិនប្រចាំអាមេរិកបានគំរាមពេញៗមាត់ថា ចិននឹងឈ្លានពានតៃវ៉ាន់ភ្លាមក្នុងករណីដែលអាមេរិកបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅសំចតនៅកោះដែលខ្លួនចាត់ទុកជាខេត្តរបស់ខ្លួននោះ។
មន្ត្រីទូតជាន់ខ្ពស់អាមេរិកប្រចាំសហរដ្ឋអាមេរិកលោក Li Kexin បានលើកឡើងចំពោះមុខមន្ត្រីអាមេរិកជាច្រើនរូបក្នុងកម្មវិធីមួយនៅស្ថានអាមេរិកប្រចាំក្រុងវ៉ាស៊ីនតោនថា ចិននឹងមានវិធានការក្តៅប្រឆាំងតៃវ៉ាន់ភ្លាមៗ បើសិនជាមានវត្តមាននាវាចម្បាំងអាមេរិកនៅតៃវ៉ាន់។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik បេសកជនចិនខាងលើបានបញ្ជាក់ច្បាស់ថា កាលណាបើមានវត្តមាននាវាអាមេរិក វាជាការបំពានច្បាប់ច្បាប់ប្រឆាំងការផ្តាច់ខ្លួនរបស់តៃវ៉ាន់ដែលខ្លូនបង្កើតមកហើយតែមិនទាន់បានប្រើប្រាស់នោះ។
ការលើកឡើងពីវត្តមាននាវាអាមេរិកនៅតៃវ៉ាន់នេះ គឺលោក Li ចង់សំដៅលើការសម្រេចរបស់សភាអាមេរិកដែលអនុញ្ញាតឲ្យមានការចូលសំចតនៃនាវាកងទ័ពទាំងសងខាង និងមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអាមេរិកនិងតៃវ៉ាន់ទៅវិញទៅមកផងដែរ។
«ការសម្រេចឲ្យមានទស្សនកិច្ចរវាងកងទ័ពអាមេរិក និងតៃវ៉ាន់រំលោភលើស្មារតីក្នុងការបង្កើតចំណងការទូតរវាងអាមេរិក និងចិន។ នៅពេលណាមួយដែលនាវាចម្បាំងអាមេរិកមួយគ្រឿងចូលដល់ទឹកដី Kaohsiung វាជាពេលដែលកងទ័ពរំដោះប្រជាជនចិនយើងបង្រួបបង្រួមតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងទ័ពជាក់ជាមិនខាន»។ នេះជាការសម្តីរបស់មន្ត្រីទូតចិនខាងលើ។
មន្ត្រីការទូតនេះក៏បញ្ជាក់ជាថ្មីផងដែរថា គោលនយោបាយសំខាន់របស់ចិនគឺនៅតែកំណត់យកដំណោះស្រាយដោយសន្តិវិធីដើម្បីឈានទៅបង្រួបបង្រួមជាមួយតៃវ៉ាន់។ ប៉ុន្តែចិនក៏នៅរក្សាសិទ្ធិក្នុងការប្រើប្រាស់កម្លាំង បើសិនជាចាំបាច់ និងគ្មានជម្រើសទេនោះ។
សូមរម្លឹកបន្តិចថា ច្បាប់ប្រឆាំងការផ្តាច់ខ្លួនរបស់តៃវ៉ាន់ ត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ នៅពេលដែលចិនមានភាពតានតឹងខ្លាំងជាមួយប្រធានាធិបតីតៃវ៉ាន់ Chen Shui Bian ហើយច្បាប់នេះបានបដិសេធការប្រកាសខ្លួនជារដ្ឋឯករាជ្យរបស់តៃវ៉ាន់ និងកំណត់វិធានការចាំបាច់សម្រាប់ក្រុងប៉េកាំងក្នុងការបង្រួមបង្រួមទឹកដីតាំងពីរ។ អ្វីដែលសំខាន់ច្បាប់នេះក៏អនុញ្ញាតឲ្យប្រើប្រាស់កម្លាំង ក្នុងករណីដែលចិនជឿជាក់ថាការប្រើប្រាស់វិធានការសន្តិវិធីអស់ប្រសិទ្ធភាពហើយនោះ។
Tag:
ចិន
តៃវ៉ាន់
Li Kexin
© រក្សាសិទ្ធិដោយ thmeythmey.com