ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP នឹង​ក្តោប​អំណាច​ព្រឹទ្ធសភា​ស្ទើរ​ទាំងស្រុង នៅ​ឆ្នាំ​២០១៨?
13, Dec 2017 , 9:05 am        
រូបភាព
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។ មកដល់ពេលនេះ មានតែ​គណបក្សនយោបាយ​ចំនួន​២​ប៉ុណ្ណោះ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​ជា​ផ្លូវការ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ឆ្នាំ​២០១៨​ខាងមុខ​។ គូប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាងមុខនេះ គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​ក្តោប​អំណាច​ព្រឹទ្ធសភា​ទាំងស្រុង នៅ​ឆ្នាំ​២០១៨?



​បើ​មើលទៅ​គូប្រកួត​ប្រជែង​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​គណបក្ស​យុវជន​កម្ពុជា ដែល​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​ជា​ផ្លូវការ ខណៈដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កំពុង​ស្ថិតនៅ​ក្នុងការ​ត្រួតពិនិត្យ​និង​សម្រេច គ​.​ជ​.​ប ។ គណបក្ស​យុវជន​កម្ពុជា មិន​ទទួលបាន​កៅអី​មេឃុំ​-​សង្កាត់​នោះឡើយ ។ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​កៅអី​ក្រុមប្រឹក្សា​ប្រមាណ​ជា​២០ ខណៈដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​កៅអី​មេឃុំ​១ ជំទប់​ទីមួយ​នៅ​២​ឃុំ ជំទប់​ទី​ពីរ​នៅ​១៦​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៤​នាក់ ក្នុងអំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ កាលពី​ខែមិថុនា កន្លងមកនេះ​។

​បើ​មើល​តាម​លទ្ធភាព​គណបក្ស​ទាំង​៣​នេះ ទំនងជា​មិន​ទទួលបាន​កៅអី​ក្នុង​ព្រឹទ្ធសភា ឆ្នាំ​២០១៨​ខាងមុខ ។ នោះ​ក៏​ព្រោះតែ​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ទាំងនេះ មិន​ទទួលបាន​ជោគជ័យ​ធំដុំ ដូច​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ម្យ៉ាងទៀត​បើ​និយាយ​ឲ្យ​ស្រួល​យល់​នោះ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល (​មិន​សម្ងាត់​) ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង​ក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ​។​

​បើតាម​មាត្រា​៨ នៃ​ច្បាប់​ស្តី​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​អនុវត្ត​ប្រព័ន្ធ​សមាមាត្រ និង​ការបែងចែក​អាសនៈ​តាម​មណ្ឌល ត្រូវ​ធ្វើតាម​រូបមន្ត​មធ្យមភាគ​ខ្ពស់បំផុត ដូច​មានចែង​ក្នុង​មាត្រា​១៣៥ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

​ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​កៅអី​មេឃុំ​-​សង្កាត់ និង​ក្រុមប្រឹក្សា​ច្រើនជាងគេ នឹង​ក្តោប​អំណាច​ព្រឹទ្ធសភា ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​?

​បើទោះជា​មិនទាន់មាន​លទ្ធផល និង​គ្មាន​ចម្លើយ​ច្បាស់លាស់​ក្តី ប៉ុន្តែ​វា​ប្រាកដ​ណាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​កាន់កាប់​កៅអី​ព្រឹទ្ធសភា​ទាំងអស់ នាពេលខាងមុខ​។ នេះ​បើ​មើល​តាម​តថភាព​នៃ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ របស់​គណបក្ស​ប្រជាជន​កន្លងមក​។ 

​ដើមឡើយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​គេ​មើលឃើញថា នឹងមាន​ការប្រកួតប្រជែង​ប្រដំ​ត្រសង​គ្នា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។ នោះ​ក៏​ព្រោះ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,៥៤០,០៥៦ ដោយបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ចំនួន​៦៥០៣ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​១១៥៦) ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេងឆ្នោត​ចំនួន ៣,០៥៦,៨២៤ ដោយបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​ទាំងនោះ​ចំនួន​៥០០៧ (​បាន​តំណែង​ជា​មេឃុំ​-​ចៅសង្កាត់​ចំនួន​៤៨៩)​។​

​តាមរយៈ​លទ្ធផល​នេះ គេ​មើលឃើញថា កៅអី​សមាជិក​ព្រឹទ្ធសភា ក្នុង​ឆ្នាំ​២០១៨ អាច​នឹង​មានការ​ប្រកៀក​ប្រកិត​គ្នា មកពី​សមាជិក​កូតា​គ​ណ​បក្ស​ទាំងពីរ​នេះ​។ ប៉ុន្តែ​អ្វីៗ​ក៏​អាចមាន​ការប្រែប្រួល​បានដែរ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​សម្រេច​រំលា​យគ​ណ​បក្ស តាម​បណ្ដឹង​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​។ ទាំង​អាសនៈ​រដ្ឋសភា​៥៥ និង​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ទាំង​៥០០៧​នេះ ក៏​ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បែងចែក​ឲ្យ​គណបក្ស​ដទៃទៀត​ផងដែ​រ​។​

​ដោយនិយាយ​តែ​ការបែងចែក​កៅអី​ក្រុមប្រឹក្សា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥០០៧​នេះ គ​.​ជ​.​ប បាន​យក​អាសនៈ​៤៥៤៨ ចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​២៣៩​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន ២០១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន ១0​អាសនៈ គណបក្ស​យុវជន​កម្ពុជា ទទួលបាន ៣​អាសនៈ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ទទួលបាន ៣​អាសនៈ​។ ការបែងចែក​នេះ គឺ គ​.​ជ​.​ប អនុលោម​តាម​មាត្រា​ទី​២០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ។​

​ដូច្នេះ​សរុបមក​វិញ បើ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុង​ឆ្នាំ​២០១៨ មានតែ​គណបក្ស​យុវជន​កម្ពុជា ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ​តែ​៣​ភូមិភាគ​ប៉ុណ្ណោះ គឺ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ ទី​២ កំពង់ចាម​និង​ត្បូងឃ្មុំ និង​ភូមិភាគ​ទី​៣ កណ្ដាល ស្របពេល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏​ចូលរួម ។ នោះ​វា​ច្បាស់​ណាស់​ថា កៅអី​ព្រឹទ្ធសភា​ប្រាកដជា​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​ស្ទើ​តែ​ទាំងអស់ ព្រោះតែ​លទ្ធភាព​ទទួល​ជ័​ម្នះ​របស់​គណបក្ស​ទាំង​៣​នេះ​មាន​តិចតួច ខុស​ឆ្ងាយ​ពី​គណបក្សកាន់អំណាច​។

​បើ​និយាយ​ក្នុងន័យ​ត្រង់​វិញ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ត្រូវ​ជ្រើស​ដោយ​ការបោះឆ្នោត​អសកល (​មិន​សម្ងាត់​) ហើយ​អ្នកបោះឆ្នោត និង​អង្គ​បោះឆ្នោត គឺជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់ ក្នុង​តំណែង​ក្នុង​ក្របខណ្ឌ​នៃ​ភូមិភាគ​នីមួយៗ ។ ដូច្នេះ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មកពី​កូតា​គណបក្ស​ប្រជាជន​ទាំងនោះ ក៏​ទំនង​មិនអាច​បោះឆ្នោត​ឲ្យ​គូប្រកួត​ខ្លួន ដើម្បី​ទទួលបាន​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ដែរ​។​

​អាសនៈ​ព្រឹទ្ធសភា​មាន​៨​ភូមិភាគ ក្នុងនោះ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ មាន​៦​អាសនៈ​, ភូមិភាគ​ទី​២ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​, ភូមិភាគ​ទី​៣ ខេត្តកណ្តាល មាន​៥​អាសនៈ​, ភូមិភាគ​ទី​៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១0​អាសនៈ​, ភូមិភាគ​ទី​៥ ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប មាន​៧​អាសនៈ​, ភូមិភាគ​ទី​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ​, ភូមិភាគ​ទី​៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ មាន​៩​អាសនៈ​, ភូមិភាគ​ទី​៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​មណ្ឌលគិរី មាន​៦​អាសនៈ​។​

​បច្ចុប្បន្ន អាសនៈ​ក្នុង​ព្រឹទ្ធសភា មាន​ចំនួន​៦១ ដោយ​ក្នុងនោះ អាសនៈ​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៥០ និង​អាសនៈ​គណបក្ស​ភ្លើងទៀន ដែល​ប្ដូរ​ឈ្មោះ​ពី​គណបក្ស​សមរង្ស៊ី មាន​ចំនួន​១១ ។ គណបក្ស​ភ្លើងទៀន មិន​ចូលរួម​ការបោះឆ្នោត​ខាងមុខ​នេះឡើយ ដោយសារ​គ្មាន​ជំនឿ​ចិត្ត​ទទួលបាន​ជ័យជម្នះ ។ អាសនៈ​ក្នុង​ព្រឹទ្ធសភា ត្រូវបាន​បង្កើន​ចំនួន​១​បន្ថែមទៀត ពោលគឺ​អាសនៈ​ព្រឹទ្ធសភា​ឡើង​៦២ សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៤​។ រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​កំណត់ថា​៖ «​សមាជិក​ព្រឹទ្ធសភា​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ​សមាជិក​២​រូប​ទៀត ត្រូវ​រដ្ឋសភា ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប​។ រីឯ​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨ គឺ​កើត​ចេះ​ពី​ការបោះឆ្នោត​អសកល​»៕


Tag:
 CPP
 ​ ព្រឹទ្ធសភា​
© រក្សាសិទ្ធិដោយ thmeythmey.com