កីឡាជាតិ
ជាតិ
សមាគម​វាយ​កូន​បាល់​ក្រសួងមហាផ្ទៃ​និង​នគរបាលជាតិ​សុំ​ដកខ្លួន​ភ្លាមៗ​ពី​ជើងឯក​ថ្នាក់ជាតិ​
12, Dec 2017 , 10:00 pm        
រូបភាព
ដោយ:
​សមាគម​វាយ​កូន​បាល់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​បានសម្រេច​ដកខ្លួន​ពី​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើង​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ដែល​កំពុងដំណើរការ​ប្រកួត​យ៉ាង​តក់ក្រហល់​ក្រោយ​មាន​បញ្ហា​មិន​ពេញចិត្ត​មួយចំនួន​។ លោក ឆាយ មនសិកា មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​អះអាងថា ទោះបី​ក្លិប​ទាំងពីរ​សុំ​ដកខ្លួន​តែ​ការប្រកួត​នៅ​ដំណើរការ​ប្រក្រតី​។



​លោក ជា ប៊ុនហេង ប្រធាន​សមាគម​កីឡា​វាយ​កូន​បាល់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​បានសម្រេច​ដកខ្លួន​ភ្លាមៗ​ពី​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧ ដែល​កំពុងដំណើរការ​ប្រកួត​នៅ​ទីលាន​វាយ​កូន​បាល់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ការដកខ្លួន​យ៉ាង​តក់ក្រហល់​ទាំង​ការប្រកួត​ដំណើរការបាន​១​ថ្ងៃនេះ​ក្រោយ​លោក​យល់ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​គ្មាន​តម្លាភាព​។​

«​ការសម្រេច​ដកខ្លួនរ​បស់​យើង​បន្ទាប់ពី​យើង​មើលឃើញថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​មាន​ភាពមិនប្រក្រតី គ្មាន​តម្លាភាព យុត្តិធម៌ និង​ធ្វើ​អ្វី​តាមចិត្ត​របស់គេ​។ នៅ​បណ្តា​ប្រទេស​ធំៗ​លើ​ពិភពលោក​ទាំងអស់ ការប្រកួត​ទាំងឡាយ​ពេល​មាន​បញ្ហា​អ្វីមួយ គេ​ត្រូវ​កោះប្រជុំ​រវាង​គណៈកម្មកា​រ និង​តំណាង​ក្លិប​សមាគម​នីមួយៗ​តែ​សហព័ន្ធ​មិនបាន​អនុវត្ត​ដូចនេះ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ប៊ុនហេង ដែល​លោក​បាន​បន្ថែមថា ចាប់ពី​ការដកខ្លួន​នេះ​គឺ​មិនត្រូវ​មានឈ្មោះ​កីឡាករ​កីឡាករ​របស់​លោក​ក្នុង​ការប្រកួត​នេះ​ទៀតឡើយ​។​

​ជាមួយគ្នានេះ​គ្រូបង្វឹក​ក្រុមកីឡា​វាយ​កូន​បាល់​ក្រសួងមហាផ្ទៃ​លោក យី សារិន បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការដកខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ការដកខ្លួន​នេះ​ធ្វើឡើង​ក្រោយ​គណៈកម្មាការ​រៀបចំ​កា​រ​ប្រកួត​បានសម្រេច​ឱ្យ​កីឡាករ​២​រូប​របស់​ក្លិប​មហាផ្ទៃ​និង​ការពារជាតិ​ចាញ់​ដោយ​គ្មាន​មូលហេតុ​ជាក់លាក់​។ យើង​សម្រេច​ដកខ្លួន ព្រោះ​ការប្រកួត​នេះ​គ្មាន​យុ​ត្តិ​ធ​ម៏ គេ​ឱ្យ​យើង​ចាញ់​ដោយ​គ្មាន​ហេតុផល​សមរម្យ​គេ​អាច​សុំ​ពន្យា​ពេល​ប្រកួត​បានតែ​យើង​វិញ​អត់​ទេ​គ្រាន់តែ​យឺត​បន្តិច​គេ​អោយ​ចាញ់​តែម្តង​»​។


​    ​
​ឆ្លើ​ត​តប​នឹង​ការ​ចោទ​ខាងលើ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​វាយ​កូន​បាល់​លោក ឆាយ មនសិកា មិន​ត្រឹមតែ​ច្រាន​ចោលការ​ចោទ​ខាងលើ​នោះទេ ថែមទាំង​បញ្ជាក់ថា មិនមាន​ភាពមិនប្រក្រតី​អ្វី​កើតឡើង​ដូច​ការលើកឡើង​ខាងលើ​នោះទេ​។ ហើយ​លោក​អះអាងថា ការកាត់ក្តី​ឲ្យ​កីឡាករ​ពីរ​នាក់​មកពី​សមាគម​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​ខាងលើ ព្រោះ​កីឡាករ​ទាំងពីរ​មិន​គោរព​លក្ខខណ្ឌ​ការប្រកួត ពោលគឺ​ពួកគេ​អវត្តមាន​ក្នុងការ​ប្រកួត​ដែល​គណៈកម្មការ​បានកំណត់​។  

«​គណៈកម្មការ​យើង​បាន​ហៅ​ឈ្មោះ​កីឡាករ ឌឹ​ម សម​សុជា​ភា​រុណ និង យី គាវ​រៈ ឲ្យ​ប្រកួត​នៅ​ជុំ​ទី​២ ប៉ុន្តែ​យើង​មិនឃើញ​កីឡាករ​ទាំង​២​នេះ​ចូលមក​ទីលាន​នោះទេ​។ តាម​បទ​បញ្ញា​ដែល​យើង​បាន​ចែក​ឲ្យ​ក្លិប​មួយៗ គឺ​នៅពេល​យើង​ប្រកាស​ឈ្មោះ​កីឡាករ​ទាំង​២​ឲ្យ​ចូល​ទីលាន ហើយ​រយៈពេល​១៥​នាទី​មិនឃើញ​មានន័យថា គាត់​បោះបង់ចោល​ការប្រកួត​។ តែបើ​មាន​កីឡាករ​ណា​ម្នាក់​នៅក្នុង​ទីលាន​គាត់​នឹង​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​។ នេះ​មិនឃើញ​ទាំង​២​នាក់​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឆាយ មនសិកា ហើយ​លោក​បាន​បន្ថែមថា ទោះបី​ក្លិប​ទាំងពីរ​បាន​ដកខ្លួន​ក៏ដោយ តែ​ការប្រកួត​នៅ​ដំណើរ​ដូច​ធម្មតា​។

 

​បញ្ហា​ខាងលើ​បានកើត​ឡើង​ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​កីឡាករ យី គាវ​រៈ ជាមួយ ឌឹ​ម សម​សុជា​ភា​រុណ​លើ​វិញ្ញាសា​ឯ​ត្ត​ជន​បុរស តែ គាវ​រៈ សុំ​ដកខ្លួន​ក្រោម​ហេតុផល​មាន​បញ្ហា​ជើង និង​ចង់ទុក​កម្លាំង​ប្រកួត​វិញ្ញាសា​វាយ​គូ ដែល​នាំ​ឲ្យ សម​សុជា​ភា​រុណ ត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ ប៊ុន កេ​ន្នី ដោយ​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​គណៈកម្មការ​បាន​ឲ្យ​អ្នក​ទាំង​២​នេះ​ចាញ់​ដូចគ្នា​ក្រោម​ហេតុផល​មិនឃើញ​កីឡាករ​ទាំង​២​បង្ហាញខ្លួន​។​

​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ មាន​កីឡាករ​កីឡាការិនី​ចំនួន​៥៥​នាក់​មកពី​១០​ក្លិប​សមាគម​ចូលរួម តែដោយសារ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​ដកខ្លួន​ដូច្នេះ ការប្រកួត​ឆ្នាំនេះ​នៅសល់​៨​ក្លិប​សមាគម​ដោយមាន​កីឡាករ​កីឡាការិនី​៤៤​នាក់​ចូលរួម​៕



Tag:
 ​វាយ​កូន​បាល់​
  ជា ប៊ុនហេង​
  ឆាយ មនសិកា
© រក្សាសិទ្ធិដោយ thmeythmey.com