ជាតិ
សង្គមជាតិ
អ្នកជំនាញ​អំពាវនាវ​ដល់​សារព័ត៌មាន​ឲ្យ​ចូលរួម​បញ្ចប់​ហិង្សា​លើ​ស្ត្រី និង​កុមារ​
13, Dec 2017 , 4:03 pm        
រូបភាព
លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអុកស្វាម រូបភាព៖OXFAM
លោកស្រី សុខ ច័ន្ទឆវី ប្រធានកម្មវិធីអុកស្វាម រូបភាព៖OXFAM
ដោយ:
​អង្គការ​អុក​ស្វា​ម និង​ក្លិប​អ្នកកាសែត​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​មួយ​ជាមួយ​អ្នកសារព័ត៌មាន ដើម្បី​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួម​តាមរយៈ​អត្ថបទ​របស់​ពួកគេ​កាត់បន្ថយ​ហិង្សា​លើ​ស្ត្រី និង​កុមារ​។



​ស្ត្រី​ម្នាក់​ក្នុងចំណោម​៣​នាក់ រងគ្រោះ​ដោយ​អំពើហិង្សា ដូចជា​ហិង្សា​ក្នុង​គ្រួសារ​ដែល​ពាក់ព័ន្ធ​ដល់ ហិង្សា​ផ្លូវកាយ ផ្លូវចិត្ត និង​សេដ្ឋកិច្ច ហើយ​អំពើហិង្សា​ទាំងអស់នេះ កើតឡើង​នៅក្នុង​ផ្ទះ និង​តាម​ទីសាធារណៈ​។ នេះ​បើតាម​ការលើក​លើកឡើង​របស់ លោកស្រី សុខ ច័ន្ទ​ឆវី ប្រធាន​កម្មវិធី​នៃ​អង្គការ​អុក​ស្វា​ម​(OXFAM) ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ស្ដីពី «​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការរាយការណ៍​អំពើហិង្សា​ទៅលើ​ស្ត្រី​និង​យេនឌ័រ​» នា​ថ្ងៃទី ៨ ខែធ្នូ កន្លងទៅ នៅ​ភោជនីយដ្ឋាន អ័​រ​គី​ដេរ​។​

​លោកស្រី សុខ ច័ន្ទ​ឆវី បញ្ជាក់​បន្ត​ដូច្នេះ​៖ «​អំពើហិង្សា​លើ​ស្ត្រី​ក្នុង​គ្រួសារ​កើតឡើង​ដោយសារ​ផ្នត់គំនិត​របស់​សង្គម និង​ទំនៀមទម្លាប់​នៃ​សង្គម​នីមួយៗ​ដែល​បានដាក់​គំនាប់​លើ​ស្ត្រី​»​។ សម្រាប់​លោកស្រី ដើម្បី​លុបបំបាត់​អំពើហិង្សា​បាន ត្រូវមាន​ការចូល​ពី​មជ្ឈដ្ឋាន​ទាំងអស់ ហើយ​អ្វី​ដែលជា​ចំណុច​សំខាន់​នោះ​គឺ មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​សង្គម និង​ប្រការ​ប្រព្រឹត្ត​ផងដែរ​។ អ្នកស្រី​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដើរតួនាទី​ស្នូល ក្នុងការ​ផ្សព្វផ្សាយ ការបញ្ឈប់​អំពើហិង្សា​។​

​ជាមួយគ្នានេះដែរ លោកស្រី ស ស៊ីណែ​ត អនុប្រធាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការនារី​បាន​លើកឡើងថា អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចែករំលែក និង​ផ្ដល់ព័ត៌មាន​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ក្នុង​ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ហើយ​អ្នកសារព័ត៌មាន​ក៏​ជា​អ្នក​ជួយ​ទៅដល់​ជនរងគ្រោះ​នៃ​អំពើហិង្សា​ផងដែរ​។ លោក ស្រី​បញ្ជាក់​យ៉ាងនេះ​ថា «​អ្នកសារព័ត៌មាន​ត្រូវមាន​ការផ្សព្វផ្សាយ​ដោយ​ពិនិត្យ​ទៅលើ​ពាក្យពេចន៍ ដោយ​ធ្វើយ៉ាងណា​នាំ​កុំ​ឲ្យ​អំពើហិង្សា​នោះ​កាន់តែ​រី​រាលដាល​ធំ​ឡើង​»​។​

​អនុប្រធាន​ការពារ​ផ្លូវច្បាប់ នៃ​ក្រសួង​កិច្ចការនារី ក៏បាន​ទទូច​ទៅដល់​អ្នកសារព័ត៌មាន ក៏ដូចជា​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ថា មុន​រាយការណ៍ ឬ​សរសេរ​ព័ត៌មាន​ត្រូវ​ពិនិត្យ​ទៅលើ​អង្គហេតុ​នៃ​រឿង​ជាមុន ដោយ​មិន​ត្រូ​សរសេរ​អ្វីដែល​គ្រាន់តែ​ដើម្បី​ទាក់ទាញ​អ្នកអាន និង​អ្នកមើល​របស់ខ្លួន​នោះឡើយ​។ កាលណា​អ្នកសារព័ត៌មាន​សរសេ​រ ឬ​ផ្សព្វផ្សាយ​ឲ្យ​ហួស​ពី​សាច់រឿង​នៃ​អំពើហិង្សា ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ កាន់​តែមាន​បន្ទុក​បន្ថែ​ម​ទៀត ហើយ​ពិសេស ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​ជនរងគ្រោះ​។ នេះ​បើតាម​ការបន្ថែម របស់ លោក ស្រី ស ស៊ីណែ​ត​៕

Tag:
 សុខ ច័ន្ទ​ឆវី​
 ​ស ណេ​ត
© រក្សាសិទ្ធិដោយ thmeythmey.com